ក្រុមយោធាថៃ ត្រូវបានដាក់ពង្រាយដើម្បីថែរក្សាសន្តិសុខតាមដងផ្លូវ
នៅក្រុងបាងកក (រូបថតពី៖ AFP)
សារព័ត៌មានបាងកកប៉ុស្តិ៍ចុះផ្សាយថា យោធាទៅបំបែកការប្រមូលផ្តុំរបស់ក្រុមអាវក្រហម នៅខេត្តភាគជើងនេះ ដើម្បីបង្ការការតវ៉ារបស់ក្រុមនេះ ប្រឆាំងរដ្ឋាភិបាលយោធា ដែលកើតចេញពីការធ្វើរដ្ឋប្រហារ។ ក្រុមយោធាក៏បានឆែកឆេរលើស្ថានីយវិទ្យុចំនួន៥១ នៅរ៉ាក់ឈាង និងបានឆែកឆេរលើឯកសារសម្ភារអេឡិចត្រូនិចនៅតាមផ្ទះ និង សណ្ឋាគារមួយចំនួនទៀត។
ចាប់តាំងពីយោធាធ្វើរដ្ឋប្រហារតាំងពីថ្ងៃទី២២ ខែឧសភាមកសណ្ឋាគារពីរទៅបីហើយ ដែលយោធាឆែកឆេរដើម្បីរៀបចំសណ្តាប់ធ្នាប់បង្ការការតវ៉ាពីក្រុមដែលមាន និន្នាការផ្សេងៗ។
មេដឹកនាំយោធាថៃដែលកើតចេញពីការធ្វើរដ្ឋប្រហារ នៅថ្ងៃចន្ទម្សិលមិញ បន្ទាប់ពីទទួលបានការអនុញ្ញាតពីព្រះរាជា ក្នុងការដឹកនាំប្រទេសរៀបចំស្ថានភាពនយោបាយនោះ បានប្រកាសព្រមានថា នឹងបង្ក្រាបរាល់ការប្រមូលផ្តុំតវ៉ានានាប្រឆាំងរដ្ឋាភិបាលរបស់លោក។
មេបញ្ជាការកំពូលរូបនោះក៏បានបញ្ជាក់ថា កម្លាំងយោធារបស់លោកចាត់វិធានការការពារ និងទប់ស្តាត់ចំពោះហិង្សានយោបាយ ដែលបានកើតមានក្នុងព្រះរាជាណាចក្រថៃជាង៦ខែមកនេះ។
លោកបានជំរុញឲ្យបានបាតុករដែលប្រឆាំងការធ្វើរដ្ឋប្រហារទាំងអស់ ត្រូវបញ្ឈប់សកម្មភាពដើម្បីជៀសវាងបង្កទុក្ខទោសដល់ខ្លួនឯង និងក្រុមគ្រួសារព្រោះបច្ចុប្បន្នច្បាប់កំពុងត្រូវរឹតបន្តឹង។
នៅថ្ងៃចន្ទម្សិលមិញរដ្ឋាភិបាលយោធាប្រកាសទុកពេលឲ្យបាតុករ ដែលកំពុងប្រមូលផ្តុំ១ឬ២ថ្ងៃទៀតហើយ បើពួកគេនៅតែមានការប្រមូលផ្តុំនៅតាមផ្លូវទៀតលើសពីការកំណត់នេះ អាចនឹងត្រូវចាប់ដាក់ពន្ធនាគារ២ឆ្នាំ៕
No comments:
Post a Comment
yes