រដ្ឋាភិបាលកម្ពុជា បានបង្កើតទូរស័ព្ទចំនួន៣ខ្សែដាក់នៅស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ដើម្បីឲ្យពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅទីនោះ ទាក់ទងរកជំនួយពេលមានបញ្ហា ខណៈស្ថានការណ៍នយោបាយនៅថៃ កំពុងរងនូវវិបត្តិ។
អ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង មានប្រសាសន៍នៅព្រឹកថ្ងៃពុធនេះថា ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ បានដាក់ទូរស័ព្ទចំនួន៣ខ្សែសម្រាប់ពលរដ្ឋកម្ពុជាទាំងអស់ដែលកំពុងរស់នៅថៃ ទាក់ទងរកកិច្ចអន្តរាគមន៍ផ្សេងៗ។ លោកថា ស្ថានទូត និងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅប្រទេសថៃ តែងតាមដានពីសុវត្ថិភាពរបស់ពលរដ្ឋដែលកំពុងរស់នៅទីនោះ និងត្រៀមលក្ខណៈដើម្បីចុះជួយភ្លាមៗរាល់ពេលមានបញ្ហា។ លោកបញ្ជាក់ថា រហូតមកដល់ពេលនេះ មិនទាន់មានពលរដ្ឋណា បានផ្តល់ដំណឹងតាមទូរស័ព្ទ ដើម្បីរកជំនួយនៅឡើយទេ។
លេខទូរស័ព្ទចំនួន៣ខ្សែនោះ រួមមាន០៨១៤៤១៩៨៧២, ០៩៨៤០៤១៥៥០ និង០៨២៧៩៩០០០៧។
ភាពជ្រួលច្របល់នៅក្នុងសង្គមថៃ បានកើតឡើងខ្លាំងជាថ្មីទៀត នៅពេលតុលាការធម្មនុញ្ញថៃបានសម្រេចដកលោកស្រី យីងឡាក់ ចេញពីតំណែងកាលពីថ្ងៃទី០៧ ខែឧសភា។ ក្រោយការដកលោកស្រី យីងឡាក់ ចេញពីតំណែងក្រុមអាវក្រហមដែលគាំទ្រគណបក្សភឿថៃរបស់របស់លោកស្រី ព្រមានទាញស្ថានការណ៍ថៃឲ្យធ្លាក់ក្នុងសង្គ្រាមស៊ីវិល ប្រសិនបើប្រគល់អំណាចឲ្យក្រុមមិនជាប់ឆ្នោតដឹកនាំប្រទេសនោះ។ ក្រោយមកយោធាថៃ បានធ្វើប្រហារ ដើម្បីស្តារស្ថានភាពអសន្តិសុខក្នុងប្រទេស៕
No comments:
Post a Comment
yes