អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ(អ.ស.ប)ទទួលបន្ទុកផ្នែក
សិទ្ធិមនុស្សប្រចាំនៅកម្ពុជា លោក សូរិយា ប្រាសាទស៊ូប៊ែរឌី (Surya P. Subedi)
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ(អ.ស.ប)ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា លោក សូរិយា ប្រាសាទស៊ូប៊ែរឌី (Surya P. Subedi) ស្នើឲ្យរដ្ឋាភិបាលកម្ពុជា រដ្ឋសភា និងព្រឹទ្ធសភា ពិនិត្យឡើងវិញលើសេចក្តីព្រាងច្បាប់ចំនួន៣ ទាក់ទងនឹងប្រព័ន្ធតុលាការ ដើម្បីធានាថាច្បាប់នេះគោរពតាមបទដ្ឋានអន្តរជាតិ។
សេចក្តីព្រាងច្បាប់ចំនួនបី ដែលថ្មីៗនេះត្រូវបានអនុម័តដោយរដ្ឋសភា រួមមានសេចក្តីព្រាងស្តីពីការរៀបចំអង្គតុលាការ សេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈនៃអង្គចៅក្រម និងព្រះរាជអាជ្ញា និងសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។
សេចក្តីប្រកាសព័ត៌មានរបស់អង្គការសហប្រជាជាតិ ចេញផ្សាយនៅថ្ងៃទី២៧ខែឧសភា ឲ្យដឹងថា កង្វះដំណើរការពិភាក្សាទៅលើសេចក្តីព្រាងច្បាប់ទាំងបី បានបង្ហាញការព្រួយបារម្ភសម្រាប់អង្គនីតិបញ្ញតិទៅថ្ងៃអនាគត។ លោកបន្តថា កំណែទម្រង់ប្រព័ន្ធតុលាការ ជាចំណុចសំខាន់នៃអនុសាសន៍ ដែលត្រូវបានដាក់ក្នុងរបាយការណ៍កាលពីឆ្នាំ២០១០។លោកបញ្ជាក់ថា«ខ្ញុំសោកស្តាយ បើទោះជាការប្តេជ្ញា និងការអំពាវនាវជាបន្តបន្ទាប់សម្រាប់ការពិភាក្សាជាសាធារណៈពីសង្គមស៊ីវិល តែរដ្ឋាភិបាលស្នើឲ្យអនុម័ត។ ការអនុម័តលឿន មិនគួរតែកើតឡើង បើគិតពីគោលការណ៍សំខាន់ៗនៃដំណើរការបង្កើតច្បប់ រួមមានតម្លាភាព គណនេយ្យភាព និងការចូលរួម»។
អត្ថបទទាក់ទងផ្សេងៗ
- ក្រុមអង្គការសង្គមស៊ីវិលស្នើព្រឹទ្ធសភាពន្យារពេលពិនិត្យសេចក្តីព្រាងច្បាប់ទាក់ទងតុលាការ
- សេចក្តីព្រាងច្បាប់ចំនួន៣ទាក់ទងនឹងយុត្តិធម៌ ត្រូវបានអនុម័តដោយពុំមានការកែប្រែ
- CCHR៖សេចក្តីព្រាងច្បាប់ថ្មីចំនួនបី អនុញ្ញាតឲ្យរដ្ឋាភិបាល គ្រប់គ្រងទ្វេដងលើស្ថាប័នតុលាការ និងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម
- HRW អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា ដកសេចក្តីព្រាងច្បាប់ស្តីពីតុលាការ និងស្នើម្ចាស់ជំនួយ ចាត់វិធានការ
លោក ស៊ូប៊ែរឌី បន្តថា ពីមុនលោកបានផ្តល់អនុសាសន៍ថា ច្បាប់នេះត្រូវតែហាមឃាត់ឲ្យច្បាស់លាស់ថា ចៅក្រម និងព្រះរាជអាជ្ញា មិនអាចជាសមាជិកសកម្មនៃគណបក្សនយោបាយណាមួយ។ លោកបារម្ភថា ក្រសួងយុត្តិធម៌ ត្រូវបានផ្តល់ឱកាស ដើម្បីគ្រប់គ្រងអំណាចទៅលើប្រព័ន្ធតុលាការ។
លោក ស៊ូប៊ែរឌី បន្តអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា បើកទូលាយសម្រាប់សាធារណជន និងអ្នកជំនាញត្រួតពិនិត្យសេចក្តីព្រាងច្បាប់ទាំងបីនៅមុខគណៈរដ្ឋមន្ត្រីតាមដែលអាចធ្វើទៅបាន និងអំពាវនាវដល់ព្រឹទ្ធសភា និងក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ ពិចារណាយ៉ាងដិតដល់ពីបញ្ញត្តិសិទ្ធមនុស្សអន្តរជាតិ ដែលកម្ពុជាជាប្រទេសហត្ថលេខី។
កន្លងទៅ សង្គមស៊ីវិលជាតិ និងអន្តរជាតិ បានថ្កោលទោសគណបក្សប្រជាជនកម្ពុជា ដែលជំរុញឲ្យមានការអនុម័តច្បាប់ស្តីពីកំណែទម្រង់ប្រព័ន្ធតុលាការ ខណៈបក្សប្រឆាំងនៅបន្តធ្វើពហិកាប្រជុំសភា។ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ ស្នើឲ្យព្រឹទ្ធសភា ពន្យារពេលអនុម័តសេចក្តីព្រាងច្បាប់ទាំង៣នេះ និងស្នើឲ្យមានការពិគ្រោះយោបល់ជាមួយសាធារណៈជនសង្គមស៊ីវិលនានា ដើម្បីធានាថាច្បាប់ទាំងនេះអនុលោមតាមបទដ្ឋានអន្តរជាតិ។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) បានផ្សព្វផ្សាយនូវការវិភាគលើសេចក្តីព្រាងច្បាប់លើប្រព័ន្ធតុលាការ ដោយរិះគន់ថា សេចក្តីព្រាងច្បាប់ទាំងនេះ ហាក់ដូចជាតាក់តែង ដើម្បីគ្រប់គ្រងទ្វេដងលើស្ថាប័នតុលាការ និងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។របាយការណ៍វិភាគរបស់CCHR ឲ្យដឹងថាសេចក្តីព្រាងច្បាប់ បានផ្តល់អំណាចឲ្យក្រសួងយុត្តិធម៌ ជាអ្នកចាត់ចែងលើថវិការបស់សាលាជម្រះក្តីទាំងអស់ ដែលករណីនេះ មិនអាចធានាបាននូវឯករាជ្យភាពរបស់តុលាការបានទេ។
កន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរិះគន់សង្គមស៊ីវិលមួយចំនួន ដែលទាមទារការត្រួតពិនិត្យសេចក្តីព្រាងច្បាប់ របស់រាជរដ្ឋាភិបាល ដោយលោកចាត់ទុកថា នេះផ្ទុយពីរដ្ឋធម្មនុញ្ញ និងមិនមែនជាកិច្ចការរបស់ខ្លួន។ លោកនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានស្តាប់ច្រើនហើយពីប្រជាពលរដ្ឋ ហើយបញ្ញត្តិច្បាប់ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ គឺមិនមានការអនុញ្ញាតឲ្យគណៈរដ្ឋមន្ត្រី ប្រគល់សេចក្តីព្រាងច្បាប់ទៅនរណាម្នាក់ គឺមានតែអ្នកព្រាងច្បាប់ បញ្ជូនទៅគណៈរដ្ឋមន្ត្រី និងទៅរដ្ឋសភា ដើម្បីអនុម័ត។ លោកបញ្ជាក់ថា គណៈរដ្ឋមន្ត្រី មិនមានកន្លែងទៅសុំយោបល់សង្គមស៊ីវិល ហើយសង្គមស៊ីវិល កុំអាលទាមទារសិទ្ធិហួសពេល និងសុំឲ្យមានការអៀនខ្មាស និងកុំទាមទារកិច្ចការរបស់គេមកធ្វើ៕
No comments:
Post a Comment
yes