នៅថ្ងៃទី២២ខែឧសភា យោធាថៃដែលដឹកនាំដោយអគ្គមេបញ្ជាការលោកប្រា យុទ្ធចាន់អូចា បានប្រកាសធ្វើរដ្ឋប្រហារ ដើម្បីគ្រប់គ្រងស្ថានការណ៍នយោបាយ ស្តារសន្តិសុខសណ្តាប់ធ្នាប់ ដើម្បីឈានដល់ការរៀបចំការបោះឆ្នោតជាថ្មី ទើបប្រគល់អំណាចឲ្យរដ្ឋាភិបាលស៊ីវិលវិញ។
ការសម្រេចធ្វើរដ្ឋប្រហាររបស់យោធាថៃនេះ គឺបន្ទាប់ពីក្រុមដែលមាននិន្នាការ គាំទ្រគណបក្សប្រជាធិបតេយ្យជាគណបក្សប្រឆាំងរបស់លោក អាប់ភីស៊ីត និងក្រុមគាំទ្រគណបក្សភឿថៃ របស់លោកស្រី យីងឡាក់ ជាគណបក្សដឹកនាំរដ្ឋាភិបាល បានតវ៉ាប្រឆាំងគ្នាទៅវិញទៅមកនៅទីក្រុងបាងកកតាំងពីខែវិច្ឆិកាឆ្នាំ២០១៣មក តែថ្នាក់ដឹកនាំនៃគណបក្សទាំងពីរមិនអាចដោះស្រាយបាន។
ក្នុងអំឡុងពេល៦ខែមុន យោធាថៃមិនដែលធ្វើសកម្មភាពណាមួយគួរឲ្យគត់សម្គាល់ទេ បើទោះជាពេលខ្លះបាតុករគាំទ្រគណបក្សប្រឆាំងចូលកាន់ក្រសួងស្ថាប័នរដ្ឋរួមទាំង វិមានរដ្ឋាភិបាល ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃក៏ដោយ គឺយោធាទុកពេលឲ្យមេដឹកនាំគណបក្សទាំងពីរជាអ្នកស្វែងរកដំណោះស្រាយ។
រដ្ឋប្រហារថ្ងៃទី២២ខែឧសភា មិនមែនជារឿងថ្មីទេនៅក្នុងសង្គមថៃ ព្រោះចាប់ពីឆ្នាំ១៩៣២មក យោធាធ្លាប់ធ្វើរដ្ឋប្រហារ១៩ដងហើយ ដើម្បីដោះស្រាយវិបត្តិនយោបាយ។ ការធ្វើរដ្ឋប្រហារ របស់យោធានៅក្នុងសង្គមថៃ មិនមែនធ្វើឡើងដើម្បីដណ្តើមយកអំណាចបម្រើបក្ខពួកទេ គឺគេធ្វើឡើងដើម្បីគ្រប់គ្រងស្ថានការណ៍នយោបាយ តែក្រោយពេលស្ថានការណ៍ធូរស្រាល ក៏ប្រគល់អំណាចទៅឲ្យរដ្ឋាភិបាលស៊ីវិលវិញ។
ការធ្វើរដ្ឋប្រហារយោធានៅថ្ងៃទី២២ខែឧសភា នៅក្នុងសង្គមថៃ មិនបណ្តាលឲ្យមានអ្នកស្លាប់ ឬរងរបួស ក្នុងពេលផ្លាស់ប្តូរអំណាចនេះទេ។
អត្ថបទវិភាគផ្សេងទៀត
- វិភាគ៖ កំណែទម្រង់ គ.ជ.ប ស៊ីជម្រៅដែលឧបត្ថម្ភដោយជប៉ុន អាចនឹងជួបឧបសគ្គ បើCPPមើលឃើញពីការចាញ់ឆ្នោតរបស់ខ្លួននៅថ្ងៃខាងមុខ
- វិភាគ៖ តើការចរចាជាថ្មីរវាងបក្សជាប់ឆ្នោតទាំងពីរអាចទម្លាយភាពជាប់គាំងនយោបាយបានទេ?
- វិភាគ៖ តើលោក ហ៊ុន សែនហ៊ានបោះបង់វៀតណាមទៅចាប់ដៃជាមួយចិនទេ?
ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា លោក ហ៊ាង រិទ្ធី មើលឃើញថា មូលហេតុចម្បងដែលយោធាថៃអាចគ្រប់គ្រងស្ថានការណ៍នយោបាយបាន ដោយសារយោធាស្ថិតនៅក្រោមព្រះមហាក្សត្រ មិនបម្រើផលប្រប្រយោជន៍គណបក្សណាមួយទេ «ប្រទេសថៃ កងយុទ្ធពលខេមរភូមិន្ទរបស់គេ គឺស្ថិតនៅក្រោមការគ្រប់គ្រង់ផ្ទាល់របស់ព្រះមហាក្សត្រ។ អ៊ីចឹងព្រះមហាក្សត្រ ព្រះអង្គលោកជាអ្នករៀបចំ តម្រង់ទិស ជាអ្នកគ្រប់គ្រងស្ថានការណ៍ ទាំងប្រទេសជាតិ ទាំងគ្រប់គ្រងស្ថានការណ៍ឲ្យមានស្ថិរភាព បូរណភាពទឺកដី ក៏ព្រះមហាក្សត្រ នៅប្រទេសអ៊ីចឹង។»
ចុះយោធាកម្ពុជា បានធ្វើអ្វីខ្លះដើម្បីចូលរួមដោះស្រាយវិបត្តិនយោបាយ?
យោធាកម្ពុជាក៏បានបញ្ចេញសកម្មភាពដែរ ទាក់ទងនឹងស្ថានការណ៍នយោបាយនោះ។ ក្រោយការបោះឆ្នោតថ្នាក់ជាតិថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ តែប៉ុន្មានម៉ោងរថពាសដែក និងកម្លាំងយោធា បានបញ្ជូនមកកាន់តំបន់គោលដៅមួយចំនួនក្នុងរាជធានីភ្នំពេញ ដើម្បីគ្រប់គ្រងស្ថានការណ៍។
សកម្មភាពយោធាកម្ពុជាដែលគួរឲ្យគត់សម្គាល់ដែរនោះ ពេលចេញសកម្មភាពបាញ់បង្ក្រាបកម្មករធ្វើបាតុកម្ម ទាមទារដំឡើងប្រាក់ខែគោលឲ្យបាន១៦០ដុល្លារក្នុងមួយខែ នៅរោងចក្រយ៉ាកជីង និងនៅសួនឧស្សាហកម្មកាណាឌីយ៉ា កាលពីថ្ងៃទី២ និងទី៣ខែមករាដើមឆ្នាំនេះ។ របាយការណ៍របស់អង្គការសង្គមស៊ីវិលបង្ហាញថា សកម្មភាពបង្ក្រាបរបស់កងយោធាឆ័ត្រយោងលេខ៩១១ លើកម្មករនៅពេលនោះ បានបណ្តាលឲ្យមនុស្ស៥នាក់ស្លាប់ ជិត៤០នាក់រងរបួស និង២៣នាក់ត្រូវចាប់ខ្លួន។ ក្រោយការបង្ក្រាបមន្ត្រីរដ្ឋាភិបាលអះអាង តវ៉ារបស់កម្មករគឺជារឿងនយោបាយ ទើបកម្លាំងសមត្ថកិច្ចបង្ក្រាបក្នុងគោលបំណងគ្រប់ស្ថានការណ៍ ដើម្បីផលប្រយោជន៍សាធារណៈ។
លោក ហ៊ាង រិទ្ធី មើលឃើញយោធាកម្ពុជាបច្ចុប្បន្នមិនឯករាជ្យពីគណបក្សនយោបាយទេ គឺហាក់ដូចជានៅក្រោមការបញ្ជារបស់គណបក្សប្រជាជនកម្ពុជា ដែលមានលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ជាអ្នកដឹកនាំច្រើនជាង «ប្រព័ន្ធយោធានៅក្នុងប្រទេសកម្ពុជាយើង ស្ថិតនៅក្រោមនាយករដ្ឋមន្ត្រី មិនមែនស្ថិតនៅក្រោមព្រះមហាក្សត្រដូចនៅថៃទេ ដូច្នេះប្រព័ន្ធយោធាត្រូវបម្រើឲ្យរដ្ឋាភិបាល អ៊ីចឹងហើយបើយើងនិយាយឲ្យខ្លីទៅ គឺខុសគ្នាមេឃហើយនិងដី រវាងកម្ពុជា និងប្រទេសថៃ ដែលមានព្រះមហាក្សត្រដូចគ្នា។»
មាត្រា២៣នៃរដ្ឋធម្មនុញ្ញកម្ពុជាចែងថា ព្រះមហាក្សត្រទ្រង់ជាមេបញ្ជាការកំពូលនៃកងយោធពលខេមរភូមិន្ទ។ អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ត្រូវបានតែងតាំងឡើង ដើម្បីបញ្ជាកងយោធពលខេមរភូមិន្ទ។
មាត្រា៩នៃច្បាប់ស្តីពីលក្ខន្តិកៈទូទៅ ចំពោះយោធិននៃកងយោធពលខេមរភូមិន្ទចែងថា យោធិនត្រូវមានអព្យាក្រឹត្យភាពក្នុងមុខនាទីក្នុងសកម្មភាពការងារ និងហាមឃាត់ការប្រើមុខងារ និងប្រើប្រាស់សំភារៈរបស់រដ្ឋដើម្បីបម្រើសកម្មភាពនយោបាយណាមួយ។
សម្រាប់អ្នកវិភាគបញ្ហាសង្គមលោកស្រី ជា វណ្ណាត ក៏យល់ឃើញប្រហាក់ប្រហែល លោក ហ៊ាង រិទ្ធី ដែរ គឺលោកស្រីមើលឃើញថា មេដឹកនាំយោធាកម្ពុជាប្តេជ្ញាការពារបុគ្គល នយោយបាយ ចំណែកមេដឹកនាំយោធាថៃ ប្តេជ្ញាសម្របសម្រួលធ្វើអាជ្ញាកណ្តាលឲ្យបុគ្គលនយោបាយ «ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការពារជាតិនោះ តែងតែមានជំហរមួយថា ការពារសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយក្នុងពាក្យដែលនិយាយនោះ ហាក់ដូចជាថា បុគ្គល មិនមែនជាស្ថាប័នទេ។ ចំនែកនៅថៃ និយាយដែរ ប៉ុន្តែនិយាយក្នុងនាមជាស្ថាប័ន បានន័យថា ធ្វើឲ្យគណបក្សទាំងពីរ និយាយគ្នាទៅ ត្រូវរូវគ្នាទៅ គេអត់កាន់ជើងខាងណាទេ។»
អ្នកវិភាគក៏បានលើកឡើងដែរថា កាលណាយោធាស្ថិតក្នុងជំហរឯករាជ្យនោះ វាជាបង្គោល យ៉ាងសំខាន់ ក្នុងការគ្រប់គ្រងស្ថានការណ៍នយោបាយ មិនឲ្យធ្លាក់ចូលក្នុងសភាពច្របូកច្របល់ បើទោះជាមានការខ្វែងគំនិតគ្នាខ្លាំងរវាងអ្នកនយោបាយក៏ដោយ។ ផ្ទុយទៅវិញប្រសិនយោធា មានជំហរគាំទ្រក្រុមនយោបាយណាមួយនោះ ងាយនឹងមានការបង្ហូរឈាម ព្រោះអ្នកនយោបាយតែងមានទស្សនៈខុសគ្នា ហើយពេលនេះយោធានឹងចេញមុខការងារក្រុមដែលខ្លួនគាំងទ្រ។ ចំណុចមួយទៀត ដែលជាការព្រួយបារម្ភដែរនោះ គឺសង្គមដែលមានយោធាមិនឯករាជ្យ អាចឈានទៅសង្គមផ្តាច់ការ ព្រោះអ្នកនយោបាយមួយក្រុមអាចប្រើកម្លាំងទ័ព ទប់ទល់និងគូប្រជែង៕
No comments:
Post a Comment
yes