សន្តិសុខសាលាខណ្ឌដូនពេញ (រូបថត៖ តាត ឧត្តម)
រដ្ឋមន្ត្រីក្រសួងព័ត៌មាន
និងជាអ្នកនាំពាក្យរដ្ឋាភិបាល ទទួលស្គាល់ថា
កងកម្លាំងសន្តិសុខខណ្ឌដូនពេញ បានវាយទៅលើអ្នកយកព័ត៌មានVOD
កាលពីដើមខែឧសភា ក្រោយហេតុផលថា អ្នកសារព័ត៌មាន
បានជេរប្រមាថលើកងសន្តិសុខ។
កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយនៅថ្ងៃ
ព្រហស្បតិ៍នេះ ដោយដកស្រង់សម្តីរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក
ខៀវ កាញារីទ្ធ ថាការវាយប្រហាររបស់កងសន្តិសុខលើអ្នកសារព័ត៌មាន VOD លោក
ឡាយ សាមាន គឺដោយសារតែអ្នកសារព័ត៌មានរូបនោះ ហៅសន្តិសុខថាជា «ឆ្កែយួន»
ក្នុងចំណោមពាក្យប្រមាថដទៃទៀត។ លោកបន្តថា លោក
បានស៊ើបអង្កេតអំពីមូលហេតុនៃការប៉ះទង្គិច ដោយរកឃើញថា
អ្នកសារព័ត៌មានVOD បាននិយាយទៅកាន់កងសន្តិសុខថា «ហេតុអ្វីអ្នកមិនអនុញ្ញាតឲ្យប្រជាជនចូលកន្លែងនេះ។ នេះជាដីខ្មែរមិនមែនជាដីយួនទេ។ អ្នកគ្រាន់តែជាឆ្កែយួន»។
អ្នកសារព័ត៌មាន VOD លោក ឡាយ សាមាន
មានប្រសាសន៍ថា លោកមិនបានប្រមាថ
ឬពោលពាក្យមិនគប្បីណាមួយទៅកាន់កងសន្តិសុខទាំងនោះទេ។ លោកថា
លោកគ្រាន់តែដេញតាមថតរូបកងសន្តិសុខទាំងនោះវាយព្រះអង្គ លួន សុវ៉ាត
ប៉ុណ្ណោះ។ លោកស្នើឲ្យលោក ខៀវ កាញារីទ្ធ
បង្ហាញភ័ស្តុតាងចំពោះការចោទប្រកាន់នេះ។
លោក ខៀវ កាញារីទ្ធ
បានឆ្លើយតបភ្លាមៗមកកាន់ VOD តាមរយៈអ៊ីម៉េលដោយទាមទារឲ្យលោក ឡាយ
សាមន ស្បថលើករណីនេះ។ លោកបញ្ជាក់ថា «អោយតែគាត់ទៅអុជធូប
ស្បថនៅព្រះភក្ត្រព្រះអង្គដងទង់ថា គាត់មិនបានប្រើសំដីនោះមែន
ខ្ញុំនឹងសូមទោសជាសាធារណៈភ្លាម ។ ម្យ៉ាងទៀត
ខ្ញុំមិនបានឃើញរបាយការណ៍អាជ្ញាធរទេ តែជាការអោយដឹងរបស់អ្នក
កាសែតឯទៀតដែលនៅទីនោះ»។
លោកឡាយ សាមាន ឲ្យដឹងថា លោកហ៊ានទៅស្បថតាមការស្នើសុំរបស់លោក ខៀវ កាញារីទ្ធ។
មន្ត្រីទំនាក់ទំនង
និងតស៊ូមតិប្រចាំមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយ
ឯករាជ្យ(CCIM) លោក កាំង តុងងី មាន ប្រសាសន៍ថា
ការលើកឡើងបែបនេះរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន
គឺជាភ័ស្តុតាងមួយដែលបញ្ជាក់ថាកងសន្តិសុខទាំងនោះ
ពិតជាបានវាយលើអ្នកសារព័ត៌មានVOD។ លោកបន្តថាCCIM
នឹងដាក់ពាក្យបណ្តឹងទៅតុលាការនៅសប្តាហ៍ក្រោយ។
ព្រះតេជគុណ លួន សុវ៉ាត
មានសង្ឃដីកាថា អ្នកសារព័ត៌មានVOD លោក ឡាយ សាមាន
មិនបានពោលពាក្យសម្តីមិនគប្បីណាមួយឡើយ។ ព្រះអង្គបន្តថា
ការវាយលោក ឡាយ សាមាន
ដោយសារតែលោកបានថតរូបភាពដែលកងសន្តិសុខទាំងនោះដេញវាយព្រះអង្គ។
ប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុក
លោក នី ចរិយា មានប្រសាសន៍ថា ការជេរប្រមាថ
និងការប្រើហិង្សាគឺជាបទល្មើសផ្សេងគ្នា
មិនអាចយកមកកាត់សងគ្នាបានឡើយ។ លោកថា ការលើកឡើងរបស់រដ្ឋមន្ត្រី
លោក ខៀវ កាញារីទ្ធ អាចបង្ហាញថាជាការដោះសារ
ដើម្បីគេចវេសពីការទទួលខុសត្រូវរបស់កងសន្តិសុខទាំងនោះប៉ុណ្ណោះ។
អ្នកយកព័ត៌មាន VOD លោក ឡាយ សាមាន
ត្រូវបានក្រុមសន្តិសុខសាលាខណ្ឌដូនពេញវាយឲ្យរបួស
ខណៈលោកកំពុងយកព័ត៌មានពីហេតុការណ៍បង្ក្រាបរបស់អាជ្ញាធរ
ទៅលើអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដែលជួបជុំនៅក្បែរស្ពាននាគ
ជិតទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី២ខែឧសភា។លោក
បានទៅវះកាត់នៅប្រទេសថៃ ដោយសារផុងថ្ពាល់ក្រោមភ្នែកខាងស្តាំ៕

No comments:
Post a Comment
yes