ប្រជាពលរដ្ឋរស់នៅឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ប្រមាណ៧០គ្រួសារចោទតំណាងសហគមម៍ព្រៃឈើថាបានឃុបឃិតជាមួយក្រុមហ៊ុនសុខារិទ្ធ បង្ខំឲ្យពួកគាត់ផ្តិតមេដៃលើកិច្ចសន្យាចាកចេញពីដីដែលកំពុងរស់នៅ។
លោកសៀន ណាយ អាយុ៣២ឆ្នាំ ជាប្រជាពលរដ្ឋម្នាក់ដែលអះអាងថាខ្លួនរងនូវការបង្ខំឲ្យផ្តិតមេដៃលើកិច្ចសន្យានោះ ប្រាប់ VODនៅព្រឹកថ្ងៃពុធនេះថា កាលពីឆ្នាំ២០០៦ ពួកគាត់បានមកកាប់ឆ្ការដីក្នុងតំបន់នោះ ដើម្បីរស់នៅបង្កបង្កើនផល។ លោកបន្តថា ដីដែលកាប់ឆ្ការនោះ ពុំមានម្ចាស់កម្មសិទ្ធឡើយ ទើបតែពេលថ្មីៗនេះ ស្រាប់តែតំណាងសហគមន៍ព្រៃឈើស្រុកអន្លង់វែង រួមនឹងក្រុមទាហានការពារឲ្យក្រុមហ៊ុនសុខារិទ្ធជាង១០នាក់ បានចុះទៅបង្ខំឲ្យពួកគាត់ផ្តិតមេដៃ លើកិច្ចសន្យាប្រគល់ដីនោះទៅឲ្យពួកគេ។
ប្រជាពលរដ្ឋម្នាក់ទៀត ឈ្មោះ ហឿង ហាក់ បន្ថែមថា ពួកគាត់នឹងមិនចាកចេញពីដីដែលធ្លាប់រស់នៅ និងបង្កបង្កើនផល ជិត១០ឆ្នាំមកហើយនោះទេ ហើយពេលនេះ ពួកគាត់កំពុងស្វែងរកកិច្ចអន្តរាគមន៍ពីសង្គមស៊ីវិល ។
តំណាងក្រុមហ៊ុនសុខារិទ្ធ លោកឡាត់ កុសល បដិសេធថា ក្រុមហ៊ុនមិនបានបង្ខំឲ្យប្រជាពលរដ្ឋផ្តិតមេដៃដើម្បីរឹបអូសយកដីនោះទេ គឺគ្រាន់តែជាការស្រង់ស្ថិតិចំនួនប្រជាពលរដ្ឋដែលរស់នៅលើដីទួលសុវត្ថិភាពនោះប៉ុណ្ណោះ។ លោកថា ដីទួលសុវត្ថិភាពនោះ ឋិតនៅក្រោមគម្រោងរបស់រាជរដ្ឋាភិបាល ដែលផ្តល់សិទ្ធិឲ្យក្រុមហ៊ុនលោកធ្វើការអភវិឌ្ឍ។
ចំណែកតំណាងសហគមន៍ព្រៃឈើនៅស្រុកអន្លង់វែង លោកឡុង ប៉ុនថេញ ក៏បានបដិសេធការចោទដូចគ្នានោះ។ លោកបំភ្លឺថា ការឲ្យពលរដ្ឋផ្តិតមេដៃនេះ គ្រាន់តែជាការរៀបចំកុំឲ្យមានការកាប់រានដីព្រៃ ឬដីទីទួលសុវត្ថិភាពបន្តទៀតប៉ុណ្ណោះ។
មន្ត្រីសម្របសម្រលសមាគមអាដហុកប្រចាំខេត្តឧត្តរមានជ័យ លោក ស្រី ណារ៉េន ចាត់ទុកការបង្ខំឲ្យប្រជាពលរដ្ឋផ្តិតមេដៃប្រគល់ដី និងការចុះទៅវាស់វែងដី ពីសំណាក់តំណាងសហគមន៍ព្រៃឈើ ឃុបឃិតជាមួយក្រុមហ៊ុន ដោយមិនមានអាជ្ញាធរស្រុកដឹងលឺនោះ គឺវាជារឿងមិនត្រឹមត្រូវ។
បើតាមប្រជាពលរដ្ឋ មានគ្រួសារចំនួន៨១ ដែលត្រូវតំណាងសហគមន៍ព្រៃឈើ ស្រុកអន្លង់វែង និងក្រុមហ៊ុនសុខារិទ្ធ បង្ខំឲ្យផ្តិតមេដៃលើកិច្ចសន្យាចាកចេញពីដីដែលពួកគាត់កំពុងរស់នៅ និងបង្កបង្កើនផល ក្នុងនោះមាន ១០គ្រួសារ ដែលព្រមផ្តិតមេដៃ ដោយសារការភ័យខ្លាច៕
No comments:
Post a Comment
yes