សកម្មភាពរាប់សន្លឹកឆ្នោត (រូបភាព៖ ជន ស្រីណុច)
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ អាណត្តិទី២ ដែលបានប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី១៨ ខែឧសភា ឆ្នាំ២០១៤ បានបិទបញ្ចប់ការិយាល័យបោះឆ្នោតស្ទើរតែទាំងស្រុងហើយ សម្រាប់រាជធានីភ្នំពេញ នៅម៉ោងជិត ១២ថ្ងៃត្រង់នេះ។
សេចក្តីរាយការណ៍ ឲ្យដឹងថា ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ បានចាប់ផ្តើមនៅម៉ោង ៧ព្រឹក ហើយ ក្នុងរាជធានីភ្នំពេញ មណ្ឌលចំនួន ១០ ក្នុងចំណោម ១២មណ្ឌល បានបិទបញ្ចប់ និងបានរាប់សន្លឹកឆ្នោតរួចហើយនៅម៉ោងជាង ១១ព្រឹកនេះ ដែលប្រព្រឹត្តទៅដោយរលូន និងមានរបៀបរៀបរយ។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានេះ ចែកជាពីរ គឺមានន័យថាអង្គបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ អាចបោះឆ្នោតពីរដង គឺបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត-ក្រុង និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាស្រុក-ខណ្ឌ។
លទ្ធផលបោះឆ្នោតបណ្តោះអាសន្ននៅតាមមណ្ឌលចំនួន ១២ ក្នុងខណ្ឌចំនួន១២ ក្នុងរាជធានីភ្នំពេញ ដែលបានបោះឆ្នោត និងរាប់សន្លឹករួចហើយ រួមមាន៖
១. ខណ្ឌទួលគោក មានអង្គបោះឆ្នោត ១០០រូប គណបក្សប្រជាជនកម្ពុជា ទទួលបាន ៦៣សំឡេង គណបក្សសង្គ្រោះជាតិ បាន ៣៧សំឡេង ប៉ុន្តែអ្នកសង្កេតការណ៍គណបក្សប្រជាជនកម្ពុជា នៅមណ្ឌលនោះ បានតវ៉ាចំពោះសន្លឹកឆ្នោតពីរសន្លឹក ដែលអ្នកសង្កេតការណ៍រូបនោះ អះអាងថាមានបញ្ហា ប៉ុន្តែមន្ត្រីរូបនោះ បានចុះហត្ថលេខាទទួលស្គាល់ហើយ ហើយថាមន្ត្រីគណបក្សសង្គ្រោះជាតិ ចូលទៅរំខានការរាប់សន្លឹកឆ្នោត។ អ្នកសង្កេតការណ៍គណបក្សប្រជាជនកម្ពុជា អះអាងថា ខ្លួននឹងដាក់ពាក្យបណ្តឹងទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទាក់ទងនឹងការចូលទៅរំខានការរាប់សន្លឹកឆ្នោតរបស់មន្ត្រីគណបក្សសង្គ្រោះជាតិ។
២. ខណ្ឌព្រែកព្នៅ មានអង្គបោះឆ្នោត ៣៧រូប គណបក្សប្រជាជនកម្ពុជា ទទួលបាន ៣១សំឡេង និងគណបក្សសង្គ្រោះជាតិទទួល ៦សំឡេង។
៣. ខណ្ឌ៧ មករា មានអង្គបោះឆ្នោត៧០រូប ក្នុងនោះ ការបោះឆ្នោតក្រុមប្រឹក្សារាជធានី គណបក្សប្រជាជនកម្ពុជា ទទួលបាន ៤៥សំឡេង គណបក្សសង្គ្រោះជាតិទទួលបាន ២៥សំឡេង។ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាខណ្ឌ គណបក្សប្រជាជនកម្ពុជាបាន ៤៦សំឡេង គណបក្សសង្គ្រោះជាតិ បាន២៤សំឡេង។
៤. ខណ្ឌចំការមន មានអង្គបោះឆ្នោតចំនួន ១០៨រូប គណបក្សប្រជាជនកម្ពុជា ទទួលបាន ៧៥សំឡេង ថយមួយសំឡេងនៃសមាជិកដែលខ្លួនមាន និងគណបក្សសង្គ្រោះជាតិទទួលបាន ៣៣សំឡេង កើនមួយសំឡេងនៃសមាជិកដែលខ្លួនមាន។ ការថយមួយសំឡេងរបស់គណបក្សប្រជាជនកម្ពុជានោះ គឺថយចុះទៅលើសន្លឹកឆ្នោត ក្រុមប្រឹក្សារាជធានី។
៥. ខណ្ឌឬស្សីកែវ មានអង្គបោះឆ្នោត ៥៨រូប ក្នុងនោះ ការបោះឆ្នោតក្រុមប្រឹក្សារាជធានី គណបក្សប្រជាជនកម្ពុជា ទទួលបានសន្លឹកឆ្នោត ៣៦សំឡេង ឯគណបក្សសង្គ្រោះជាតិទទួលបាន២២សំឡេង ។ ចំណែកឯការបោះឆ្នោតក្រុមប្រឹក្សាស្រុកខណ្ឌ គណបក្សប្រជាជនកម្ពុជា ទទួលបានសន្លឹកឆ្នោត ៣៥ សំឡេង ចំណែកគណបក្សសង្គ្រោះជាតិទទួលបាន២២សំឡេង ។ សន្លឹកឆ្នោតមិនបានការ១សន្លឹក ។
៦. ខណ្ឌដង្កោ មានអង្គបោះឆ្នោត ៧៣រូប ក្នុងនោះ គណបក្សប្រជាជនកម្ពុជា ទទួលបាន៦២សំឡេង និងគណបក្សសង្គ្រោះជាតិ ទទួលបាន១១សំឡេង។
៧. ខណ្ឌមានជ័យ មានអង្គបោះឆ្នោត ៤៤រូប ក្នុងនោះ គណបក្សប្រជាជនកម្ពុជាទទួលបាន ២៨សំឡេង គណបក្សសង្គ្រោះជាតិទទួលបាន ១៦សំឡេង។
៨.ខណ្ឌសែនសុខ មានអង្គបោះឆ្នោត ៣៨សំឡេង ក្នុងនោះ គណបក្សប្រជាជនកម្ពុជាទទួលបាន ២៧សំឡេង គណបក្សសង្គ្រោះជាតិ ទទួលបាន ១១សំឡេង។
៩. ខណ្ឌពោធិ៍សែនជ័យ មានអង្គបោះឆ្នោត ៧២សំឡេង ក្នុងនោះ គណបក្សប្រជាជនកម្ពុជា ទទួលបាន ៥៨ សំឡេង គណបក្សសង្គ្រោះជាតិ ១៤សំឡេង។
១០. ខណ្ឌជ្រោយចង្វារ មានអង្គបោះឆ្នោត ៤១រូប ក្នុងនោះ គណបក្សប្រជាជនកម្ពុជា ទទួលបាន ២៩សំឡេង, គណបក្សសង្គ្រោះជាតិ ទទួលបាន ១២សំឡេង។
១១. ខណ្ឌដូនពេញ មានអង្គបោះឆ្នោតចំនួន ៨៦រូប ប៉ុន្តែលទ្ធផលនៅមិនទាន់ដឹងនៅឡើយទេ ព្រោះអង្គបោះឆ្នោតនៅមិនទាន់បានទៅបោះឆ្នោតនៅឡើយ ដែលលទ្ធផលនឹងអាចចេញ បន្ទាប់ពីបិទការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោតនៅម៉ោង ៣រសៀលនេះ។
១២. ខណ្ឌច្បារអំពៅ មានអង្គបោះឆ្នោតចំនួន ៨០រូប ប៉ុន្តែនៅមិនទាន់មានសេចក្តីរាយការណ៍ពីលទ្ធផលបោះឆ្នោតបណ្តោះអាសន្ននៅឡើយទេ៕
No comments:
Post a Comment
yes