សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, May 21, 2014

​អ្នកជំនាញ​ការបោះឆ្នោតលើក​ចំណុច​គន្លឹះ​ប្រាប់​ទៅ​ជប៉ុន​ឲ្យជួយ​កែទម្រង់គជបនៅ​កម្ពុជា​

សង្គម​ស៊ីវិល ដែល​ធ្វើកា​រលើ​ការបោះឆ្នោត បាន​លើក​ពី​ចំណុច​គន្លឹះ​មួយចំនួន ប្រាប់​ទៅ គណៈប្រតិភូ​របស់​ប្រទេស​ជប៉ុន​​ដែល​មក​ជួយ​ធ្វើការ​កែទម្រង់ គជប នៅ​កម្ពុជា ដើម្បី​ទម្លាយ​ភាពជាប់គាំង​នយោបាយ​។​

នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌ ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​(​និចហ្វិច​) លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា កាលពី​ថ្ងៃ​ទី​១៦ខែ​ឧសភា មន្ត្រី​ស្ថានទូត​ជប៉ុន​បាន​ជួប​អ្នកជំនាញ​សម្ព័ន្ធ​កំណែទម្រង់​ការ​ បោះឆ្នោត (ERA) ដើម្បី​ពិភាក្សា​លើ​ការកែទម្រង់​ការបោះឆ្នោត​នៅ​កម្ពុជា​។ លោក​ថា ជំនួប​នោះ សម្ព័ន្ធ​កំណែ​ទម្រង់​​ការបោះឆ្នោត បាន​ស្នើ​ឲ្យ​ជប៉ុន កែទម្រង់ គជប តាមរយៈ​ដូរ​សមាសភាព គជប និង​ធ្វើ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​សា​ជាថ្មី ដើម្បី​ឲ្យ​ការបោះឆ្នោត​នៅ​កម្ពុជា​ទទួលបាន​សេរី និង​យុត្តិធម៌​។

​លោក ហង្ស ពុទ្ធា បន្ថែមថា បន្ទាប់​ពី​សម្ព័ន្ធ​កំណែទម្រង់​ការបោះឆ្នោត​ស្នើ​ទៅ​ស្ថានទូត​ជប៉ុន​ដូចនេះ មន្ត្រី​ស្ថានទូត​មួយ​នេះ​ឆ្លើយតប​ថា នឹង​យក​សំណើ​នេះ ទៅ​ពិភាក្សា​ជាមួយ​អ្នកជំនាញ​គណៈប្រតិភូ​ជប៉ុន​។​


គណៈប្រតិភូ​របស់​ប្រទេស​ជប៉ុន​១០​រូប ដែល​មាន​ជំនាញ​លើ​ការងារ​បោះឆ្នោត កាលពី​ថ្ងៃ​២០ ខែ​ឧសភា ម្សិលមិញ បាន​ជួប​ជាមួយ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​សិក្សា​ពី​ចំណុច​នៃ​កំណែទម្រង់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា។​


ប្រធាន​ក្រុម​គណៈកម្មការ​ចម្រុះ​ផ្នែក​ការ ​បោះ​ឆ្នោតនៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ មានប្រសាសន៍ថា គណៈប្រតិភូ​ជប៉ុន​ដែល​​មក​ជួប​ក្រុមការងារ​គណបក្ស​នេះ មិន​លើក​យក​បញ្ហា​នយោបាយ​ទេ​។ លោក​ថា ជំនួប​​នេះ គ្រាន់តែ​ជំហាន​ដំបូង​ដែល​ក្រុម​ការ​ងារ​​ជប៉ុន ចុះ​មក​ស្រាវជ្រាវ​លើ​លទ្ធភាព​នៃ​កំណែទម្រង់​ការបោះឆ្នោត ដើម្បី​ធ្វើ​របាយ​ការណ៍​ជូន​ទៅ​រដ្ឋាភិបាល​ជួយ​លើ​ការ​កែ​ទម្រង់​ ការបោះឆ្នោត​នៅ​កម្ពុជា​តែប៉ុណ្ណោះ «ទី​មួយ​គេ​ស្រាវជ្រាវ​សិន ឲ្យដឹង​ថា​តើ​ប្រទេស​កម្ពុជា ខ្វះខាត​អី ត្រូវការ​អ្វីខ្លះ បន្ទាប់​ស្រាវជ្រាវ​ហើយ គេ​នឹង​ធ្វើ​របាយ​ការណ៍​​មួយ​​ទៅ​រាជរដ្ឋាភិបាល ដើម្បី​រៀបចំ​ជា​គម្រោង​ជំនួយ​ដើម្បី​ជួយ​លើ​កិច្ចការ​កំណែ​ ទម្រង់ការបោះឆ្នោត​នៅ​កម្ពុជា​​​»​។

​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នោះដែរ រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លោក ស ខេង ក៏​បាន​ជួប​ជាមួយគណៈប្រតិភូ​ជប៉ុន​ផងដែរ​។ លោក​បញ្ជាក់ថា ការពិភាក្សា​ផ្តោត​ថា​តើ​អ្វីខ្លះ​ចាំបាច់ ដើម្បី​ធ្វើការ​កែទម្រង់ ហើយ​ជប៉ុនមិន​មាន​ជំហ​គាំទ្រ​គណបក្ស​ណា​មួយ​ឡើយ​។​

​បេសកម្ម​របស់​ជប៉ុន​លើ​ការបោះឆ្នោត​នៅ​ កម្ពុជា ធ្វើឡើងបន្ទាប់​ពី​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន បាន​ជួប​នាយក​រដ្ឋ​មន្ត្រី​​ជប៉ុន លោក ស៊ីន​ហ្សូ អាបេ (Shinzo Abe) ដោយ​ស្នើ​ឲ្យ​ជប៉ុន​បញ្ជូន​មន្ត្រី​ជំនាញការ​បោះឆ្នោត​មក​កាន់​កម្ពុជា ដើម្បី​​ជួយ​ធ្វើ​កំណែទម្រង់​ការបោះឆ្នោត ខណៈ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ មិន​ទាន់​ដោះ​ស្រាយ​​ភាពជាប់គាំង​នយោបាយ​នៅ​កម្ពុជា​នៅឡើយ​៕

No comments:

Post a Comment

yes