ក្រុមគ្រួសារ និងអ្នកមានជម្លោះដីធ្លី នៅមុខតុលាការកំពូល ខណៈនឹងមានការបើក សវនាការលើពាក្យសុំនៅក្រៅឃុំរបស់លោក វន់ ពៅ នាព្រឹកនេះ(រូបថត៖ កាន់ វិច្ឆិកា)
ប្រជាសហគមន៍ដីធ្លី ក្រុមគ្រួសារជនជាប់ចោទ និងសមាជិកសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្រមាណជិត ១០០នាក់ កំពុងប្រមូលផ្តុំនៅមុខតុលាការកំពូល ទាមទារឲ្យតុលាការដោះលែងលោក វន់ ពៅ និងមនុស្ស២០នាក់ផ្សេងទៀត ឱ្យនៅក្រៅឃុំបណ្តោះអាសន្នជាបន្ទាន់។
ការប្រមូលផ្តុំនេះ ធ្វើឡើងខណៈដែលតុលាការកំពូលកំពុងបើកសវនាការកំបាំងមុខ លើពាក្យសុំនៅក្រៅឃុំបណ្តោះអាសន្នរបស់លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
ប្រជាសហគមន៍បឹងកក់ ឈ្មោះ សុង ស្រីលាភ បានស្រែកតាមឧឃោនស័ព្ទ នៅមុខតុលាការកំពូលនាព្រឹកថ្ងៃសុក្រនេះថា អ្នកជាប់ឃុំទាំង ២១នាក់នោះ ពុំបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់នោះទេ ហើយអ្នកទាំងនោះ គឺជាជនរងគ្រោះពីការប្រើហិង្សារបស់កម្លាំងសមត្ថកិច្ចទៅវិញទេ ដែលករណីនេះ ពួកគាត់ស្នើឲ្យតុលាការកំពូល សម្រេចឲ្យពួកគេនៅក្រៅឃុំបណ្តោះអាសន្នជាបន្ទាន់។
លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងជនជាប់ចោទទាំង២២នាក់ទៀត ត្រូវបានអាជ្ញាធរចាប់ខ្លួនក្នុងហេតុការណ៍ប៉ះទង្គិចរវាងកម្មករ និងសមត្ថកិច្ច កាលពីថ្ងៃទី០២ និងទី០៣ ខែមករា នៅមុខរោងចក្រយ៉ាកជីង និងសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវ៉េងស្រេង នៅពេលកម្មករធ្វើបាតុកម្មទាមទារដំឡើងប្រាក់ឈ្នួលដល់កម្មករ ១៦០ដុល្លារក្នុងមួយខែ។ ក្នុងចំណោមជនជាប់ចោទទាំង ២៣នាក់ មានជនជាប់ចោទពីរនាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឲ្យនៅក្រៅឃុំបណ្តោះអាសន្នកាលពីថ្ងៃទី ០៧ខែកុម្ភៈ។ ជនជាប់ចោទទាំង២៣នាក់នោះ រងចោទពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ៕
No comments:
Post a Comment
yes