មេដឹកនាំគណបក្សសង្គ្រោះជាតិ ចូលរួមក្នុងក្បួនដង្ហែឃោសនារកសំឡេងឆ្នោត
នៅខេត្តសៀមរាប កាលពីព្រឹកមិញ (រូបថត៖ បូ សាវី)
ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីបញ្ចប់ ការហែក្បួនឃោសនាបោះឆ្នោត ក្រុមប្រឹក្សា រាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ នៅខេត្ដសៀមរាប វេលាម៉ោងជាង១១ ថ្ងៃនេះ។
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ថ្លែងទៅកាន់អ្នកគាំទ្រជិត១ម៉ឺននាក់ នៅខាងមុខព្រះអង្គចេក ព្រះអង្គចមថា ប្រទេសកម្ពុជា មានការងារធ្វើច្រើន ពលរដ្ឋខ្មែរមិនចំបាច់ទៅធ្វើការនៅក្រៅប្រទេសនោះទេ ហើយលោកអំពាវនាដល់ពលករចំណាកស្រុកនៅក្រៅប្រទេស ជាពិសេសនៅប្រទេសថៃ វិលត្រឡប់មកជួបក្រុមគ្រួសារ នៅលើទឹកដីរបស់ខ្លួនវិញ នឹងចូលរួមរៀបចំប្រទេសឲ្យបានជឿនលឿន ដើម្បីមានការងារធ្វើច្រើន។
លោកបន្ថែមថា គណបក្សសង្គ្រោះជាតិ កំពុងឈានទៅរកការដឹកនាំប្រទេស ព្រោះមានពលរដ្ឋខ្មែរ ពិសេសយុវជន បានគាំទ្រច្រើនដូចព្យុះស៊ូណាមិក ដែលអាចធ្វើការផ្លាស់ប្ដូរថ្នាក់ដឹកនាំប្រទេសបាន។
ដោយឡែក អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មានប្រសាសន៍ ដោយប្រកាន់ជំហរថា គណបក្សនេះ នៅតែជាអ្នកមានជ័យជម្នះ លើគណបក្សប្រជាជនកម្ពុជា។ លោក កឹម សុខា សច្ចានៅមុខព្រះអង្គចេក ព្រះអង្គចមថា លោកនឹងការពារឆន្ទះប្រជាពលរដ្ឋ មិនក្បត់ប្រជាពលរដ្ឋ បើទោះបីលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន យកលុយរាប់កោដ្ឋមកទិញក៏ដោយ។ លោកបានប្ដេជ្ញាថា នឹងយកអំណាចពិតប្រាកដមកជូនប្រជារាស្ដ្រខ្មែរ និងសន្យាបញ្ចប់អំណាចផ្ដាច់ការនៅកម្ពុជា ឲ្យទាល់តែបានជាដាច់ខាត។
មន្ដ្រីជាន់ខ្ពស់ គណបក្សប្រជាជនកម្ពុជា លោក ជៀម យាប មានប្រសាសន៍ថា ការអំពាវនេះ ជាសិទ្ធិរបស់ថ្នាក់ដឹកនាំគណសង្គ្រោះជាតិ ឲ្យតែលោក សម រង្ស៊ី និងលោកកឹម សុខា មានថវិកាផ្ដល់ឲ្យពួកគាត់។ លោកថា ចំណែកគណបក្សកាន់អំណាច មិនចង់ឲ្យពលរដ្ឋខ្មែរធ្វើចំណាកស្រុកទេ ប៉ុន្ដែមិនមានថវិកាចិញ្ចឹមពួកគេ។
អ្នកស្រាវជ្រាវបញ្ហាសង្គម លោក កែម ឡី មានប្រសាសន៍ថា ប្រទេសកម្ពុជាមានការងារធ្វើច្រើន ប៉ុន្ដែរដ្ឋាភិបាលរៀបចំគោលនយោបាយ មិនត្រូវនឹងជំនាញពលរដ្ឋ។ លោកថា បើសិនចង់ឲ្យពលករចំណាកស្រុក វិលត្រឡប់មកធ្វើការនៅប្រទេសខ្លួនវិញ លុះត្រារដ្ឋាភិបាលរៀបចំគោលនយោបាយ ប្រាក់ខែអប្បរមា ចាប់ពី១៥០ដុល្លារ ដល់២០០ដុល្លារឡើងទៅ និងរៀបចំច្បាប់ការងារ និងច្បាប់ជំរុញឲ្យមានការងារធ្វើជាដើម។ លោកដាក់ពាក្យស្លោកមួយថា "ថ្ងៃនេះអត់ការងារធ្វើ ថ្ងៃស្អែកក្រីក្រ"៕
No comments:
Post a Comment
yes