ប្រជាពលរដ្ឋរស់នៅតាមព្រំដែនកម្ពុជាវៀតណាម ក្នុងឃុំគោកធ្លក ស្រុកអង្គរបុរី ខេត្តតាកែវ ព្រួយបារម្ភពីផលប៉ះពាល់ទៅលើដីស្រែចម្ការ ដោយសារពលរដ្ឋវៀតណាម បានកៀងទាទាំងហ្វូងៗជារៀងរាល់ថ្ងៃ អោយចូលមកស៊ីសំណល់ក្នុងស្រែរបស់ពួកគាត់។ សត្វទាទាំងនោះ ស៊ីបំផ្លាញសត្វមានប្រយោជន៍ក្នុងស្រែ និងស៊ីមេត្រីពូជដែលនឹងផ្តល់កំណើតកូននៅពេលទឹកឡើង ពិសេសទៅទៀត កន្លែងដែលសត្វទាវាចុះស៊ីចំណី និងហែលទឹកលេង គឺដីស្រែប្រែជារឹងក្ដាំង។
កសិករជាច្រើនដែលធ្វើស្រែជាប់ព្រំដែនកម្ពុជាវៀតណាម នៅស្រុកអង្គរបុរី ខេត្តតាកែវ ចោទថា សមត្ថកិច្ចច្រកព្រំដែនបាក់ដៃ បណ្តោយឲ្យពលរដ្ឋវៀតណាម កៀងទាអោយចូលទៅស៊ីបំផ្លាញសត្វមានប្រយោជន៍ក្នុងរបរកសិកម្ម។
ការចោទនេះ បានធ្វើឡើងក្រោយពីមានសត្វទាច្រើនពាន់ក្បាល ត្រូវកៀងចេញពីទឹកដីវៀតណាម ចូលស៊ីចំណីស្រូវដែលច្រូតកំពប់សល់នៅក្នុងស្រែ ហើយវាជាន់បំផ្លាញដីស្រែឲ្យខូច និងស៊ីសត្វមានប្រយោជន៍ និងធ្វើឲ្យដីស្រែរឹងក្ដាំង។
លោក រស់ ហួត នៅឃុំគោកធ្លក ស្រុកអង្គរបុរី ខេត្តតាកែវ ចោទថា បើអាជ្ញាធរច្រកព្រំដែនបាក់ដៃ មិនបានអនុញ្ញាតទេ អ្នកចិញ្ចឹមទាវៀតណាម ក៏មិនហ៊ានកៀងទាមកឲ្យស៊ីស្រូវក្នុងស្រែអ្នកភូមិដែរ៖ «ពួកប៉ុស្តិ៍ហ្នឹងវាចេះតែលក់ឃុកលក់អីឲ្យទាចូលមក។ បើពួកនៅខាងលើៗប៉ុស្តិ៍លើៗ គេមិនឲ្យចូលមក ពួកវៀតណាម គេហ៊ានចូលឬអី បើមិនមែនទឹកដីគេផង ជាទឹកដីរបស់ខ្មែរយើងហ្នឹង»។
លោក សុផល នៅភូមិពុទ្រា ឃុំគោកធ្លក អះអាងថា នៅពេលសត្វទាហៀបចូលស៊ីនៅស្រែណា ម្ចាស់ទាបានបូមទឹកបញ្ចូលក្នុងស្រែនោះ ដើម្បីឲ្យសត្វកង្កែប ខ្យង ខ្ចៅ ជន្លេន កន្ទាទូក និងសត្វមានប្រយោជន៍ដទៃទៀត វាផ្អើលទឹកចេញពីរន្ធ ឡើងមកលេងទឹក ដើម្បីឲ្យសត្វទាស៊ី។ លោកថា ក្រៅពីទាស៊ីសត្វមានប្រយោជន៍ដែលជំនួយដល់ការដាំដុះ សត្វទាបានស៊ីដល់មេត្រីពូជ ដែលនឹងបង្កកំណើតកូននៅពេលទឹកឡើង។ លោកបន្តថា សត្វទានៅពេលវាស៊ីចំណីនៅក្នុងដីស្រែ វាក៏ធ្វើឲ្យដីស្រែរឹងក្ដាំង នាំឲ្យលំបាកភ្ជួរដីដាំស្រូវលើកក្រោយទៀត៖ «ខ្ញុំធ្លាប់ធ្វើកសិកម្ម១ឆ្នាំបាន ៨តោន ឥឡូវដល់ពេលឲ្យទាចូលអ៊ីចឹង ធ្លាក់មកនៅត្រឹម ៦តោន ៥តោន ដែលប្រជារាស្ត្ររក១ឆ្នាំៗសងតែថ្លៃអេស៊ីលីដា (Acleda Bank) មិនចង់រួចទេ»។
កសិករខ្លះទៀតចោទថា ការអនុញ្ញាតឲ្យសត្វទាឆ្លងដែនចូលស៊ីសំណល់ក្នុងដីស្រែខ្មែរ ក៏ជាមូលហេតុនាំឲ្យសត្វឆ្លងជំងឺដែរ ព្រោះគ្មានពេទ្យសត្វត្រួតពិនិត្យទេ។ ពួកគាត់សុំឲ្យអាជ្ញាធរពាក់ព័ន្ធ ជួយទប់ស្កាត់ការចល័តសត្វរស់ឆ្លងដែននោះ៖ «វាប៉ះដល់អាជីវកម្ម និងមុខរបររកស៊ីរបស់ប្រជាពលរដ្ឋខ្មែរផង ហើយក៏វាឆ្លងជំងឺបក្សាបក្សីទាំងសត្វ ទាំងមនុស្ស ធ្វើឲ្យខូចខាត ធ្វើឲ្យប៉ះពាល់សុខភាព និងបរិស្ថានក្នុងស្រុកខ្មែរយើង»។
ពាក់ព័ន្ធនឹងការចោទរបស់ប្រជាពលរដ្ឋឃុំគោកធ្លក ទៅលើមន្ត្រីច្រកព្រំដែនបាក់ដៃ ថាបើកដៃឲ្យអ្នកចិញ្ចឹមទាវៀតណាម កៀងទាចូលមកស៊ីបំផ្លាញសត្វមានប្រយោជន៍ និងបង្ខូចដីស្រែលំបាកធ្វើស្រែលើកក្រោយទៀតនោះ អនុប្រធានប៉ុស្តិ៍ច្រកព្រំដែនបាក់ដៃ លោក ផាន់ វ៉ាត បដិសេធនៅថ្ងៃទី៨ ខែឧសភា ថាមិនជាប់ពាក់ព័ន្ធទេ៖ «ខ្ញុំអត់បានពាក់ព័ន្ធទេ រឿងអ្នកណាចោទខ្ញុំថា ខ្ញុំវាយ៉ាងម៉េចខ្ញុំអត់ដឹងទេ ខ្ញុំអត់មានបានពាក់ព័ន្ធទេ គឺខ្ញុំអត់ដឹងទេ»។
ប្រជាពលរដ្ឋច្រើនភូមិក្នុងឃុំគោកធ្លក អះអាងថា គាត់ធ្វើស្រែប្រើជីគីមីច្រើនតោនក្នុងដី១ហិកតារ ដើម្បីបង្កើនផលនៅពេលសត្វទាមកស៊ីបំផ្លាញសត្វមានប្រយោជន៍ ធ្វើឲ្យខូចដី គាត់ត្រូវទិញជីគីមីបង្កើនថែម ដើម្បីបំប៉នដី។ ពួកគាត់ថា ជីគីមីនោះទិញមកពីវៀតណាម ដូច្នេះការលែងទាមកបំផ្លាញដីស្រែ និងសត្វមានប្រយោជន៍ក្នុងដីស្រែខ្មែរ ដូចជាបានចូលរួមបំផ្លាញជីវភាពពួកគាត់ដែរ៕
No comments:
Post a Comment
yes