សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, May 18, 2014

គណបក្ស​សង្គ្រោះ​ជាតិប្រកាស​ពី​ភាព​ជោគជ័យ​នៃ​ការបោះឆ្នោត​ក្រុមប្រឹក្សាខណៈ​ដែល​សំឡេងឆ្នោត​របស់​ខ្លួន​កើនឡើង​​


ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាសថា លទ្ធផល​បឋម​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ខេត្ត​ក្រុង​ស្រុក​ខណ្ឌ ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃនេះ គឺ​គណបក្ស​ខ្លួន​ទទួលបាន​លទ្ធផល​ឆ្នោត​លើសពី​ការរំពឹង​ទុក​។
​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ស្តីពី លទ្ធផល​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ខេត្ត​ក្រុង​ស្រុក​ខណ្ឌ​អាណត្តិ​ទី​២ ដែល​ធ្វើឡើង​នៅ​ម៉ោង ៤​រសៀល​នេះ លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មានប្រសាសន៍ថា យោង​តាម​លទ្ធផល​បោះឆ្នោត​ក្រុមប្រឹក្សា ដែល​គណបក្ស​នេះ​បាន​បូកសរុប ឃើញថា ថ្នាក់​រាជធានី​ខេត្ត គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន ពី​៨៧​អាសនៈ​ដែល​កាលពី​អាណត្តិ​ទី​មួយ​ទទួល​បាន ៦១​អាសនៈ និង​លទ្ធផល​បោះឆ្នោត​ក្រុមប្រឹក្សា​ក្រុង​ស្រុក​ខណ្ឌ គឺ​ទទួលបាន ៦៧៧ ដែល​កាលពី អាណត្តិ​ទី​មួយ​ទទួល​បាន​តែ ៥១៨​អាសនៈ​ប៉ុណ្ណោះ​។ លោក​សម រង្ស៊ី បាន​បូកសរុប​លទ្ធផល​បោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី​ខេត្ត​ក្រុង​ស្រុក​ខណ្ឌ សរុប គឺ​គណបក្ស​សង្គ្រោះ​​ជាតិ​ទទួល​បាន​ចំនួន ៧៦៤​អាសនៈ កើន​ឡើង​ជាង​អាណត្តិ​ទីមួយ ចំនួន ១៨៥​អាសនៈ ដែល​មានន័យថា អាណត្តិ​ទី​មួយ គណបក្ស​សង្គ្រោះ​​ជាតិ​ទទួលបាន​តែ ៥៧៩​អាសនៈ​។
​លោក​សម រង្ស៊ី ចាត់ទុកថា ការកើនឡើង​សំឡេងឆ្នោត ដែល​គួរ​ឲ្យ​កត់​សម្គាល់នេះ គឺ​អាច​ធ្វើឲ្យ​កម្លាំង​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម រស់​រវើក​បាន និង​អាច​ទប់ទល់​បាន​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្សកាន់អំណាច មិន​ឲ្យ​ជិះសេះ​លែង​ដៃ​បានទេ​។​

​លោក​សម រង្ស៊ី ក៏​បាន​កត់សម្គាល់​ដែរ​ថា នា​ពេលកន្លងមក គណបក្សកាន់អំណាច បាន​ព្យាយាម និង​ប្រើប្រាស់​ទឹកប្រាក់ ដើម្បី​ទិញ​ទឹកចិត្ត​អង្គ​បោះឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​លោក​ថា​បើ​ទោះជា​មាន​សមាជិក​គណបក្ស​នេះ​មួយចំនួន​តូច បាន​យល់ព្រម​ទទួលយក​ការទិញ​ទឹកចិត្ត​នេះ​ក៏ដោយ ក៏​សមាជិក​ដទៃ​ទៀត ដែល​លោក​អះអាងថា ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​គាំទ្រ និង​បោះឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​។​
​ជាមួយគ្នា​នោះ​ដែរ លោក កឹម សុខា អនុប្រធាន​គណបក្ស ក៏​បាន​បន្ថែមថា គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​លទ្ធផល​លើស​ពី​ការគ្រោងទុក ដែល​មានន័យថា ចំនួន​អាសនៈ ដែល​ខ្លួន​ទទួលបាន​នៅក្នុង​ការបោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី​ខេត្ត​ក្រុង​ស្រុក​ខណ្ឌ​នេះ បាន​លើស​ចំនួន​សមាជិក​ដែល​ខ្លួន​មាន​។ លោក​បន្តថា តាម​លទ្ធផល​នេះ គណបក្ស​សង្គ្រោះ​ជាតិ នឹង​មាន​ឱកាស​ច្រើន​ក្នុង​ការបន្ត​បេសកកម្ម​ពង្រឹង​មូលដ្ឋាន​របស់​ខ្លួន​បន្ត​ទៀត​។​

បើ​តាម​លទ្ធផល​បណ្តោះអាសន្ន ឃើញថា គណបក្ស​ប្រជាជន​កម្ពុជា បាន​នាំមុខ​គណបក្ស​សង្គ្រោះ​ជាតិ តែ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ក្រុង​ស្រុក​ខណ្ឌ​មួយចំនួនទៀត តែ​ទោះជា​យ៉ាងណា លទ្ធផល​បឋម​នៃ​ការបោះឆ្នោត នឹង​ត្រូវ​បាន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត គ្រោង​ប្រកាស​នៅ​យប់​ថ្ងៃទី​១៨ ខែ​ឧសភា​នេះ​៕

No comments:

Post a Comment

yes