សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, May 15, 2014

តំណាង​បុគ្គលិក​កាល់​តិចនិង​មន្ត្រី​សហជីពដាក់​ញត្តិ​នៅ​ស្ថានទូត​អាមេរិកសុំ​អន្តរាគមន៍​ករណី​ប្រាក់ខែ​​

តំណាងបុគ្គលិកក្រុមហ៊ុនកាល់តិច ដាក់ញត្តិទៅស្ថានទូតអាមេរិក 
នាព្រឹកនេះ (រូបថត៖ កាន់ វិច្ឆិកា)

តំណាង​បុគ្គលិក​ក្រុមហ៊ុន​កាល់​តិច ​ប្រមាណ​ជា​៥០​នាក់ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​យក​ញត្តិ​ដាក់​ទៅ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា សុំឲ្យ​ជួយ​អន្តរាគមន៍​ទៅ​ក្រុមហ៊ុន​ឈេ​ហ្វ​រ៉ុន ដំឡើង​ប្រាក់ខែ​គោល​ចំនួន ១៦០​ដុល្លារ និង​ប្រាក់ខែ​ទី​១៣ ដល់​ពួកគាត់​។​
​តំណាង​បុគ្គលិក​ផ្នែក​ចាក់​សាំង​សាខា​ទឹកល្អក់ លោក យឿន រ៉េត ឲ្យដឹងថា លោក​រួម​នឹង​សហជីព ព្រមទាំង​តំណាង​បុគ្គលិក​ផ្សេងទៀត បានដាក់​ញត្តិ​សុំ​អន្តរាគមន៍​នេះ នៅ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ក្នុង​សង្កាត់​វត្តភ្នំ នៅ​ម៉ោង​ប្រមាណ ៩​ព្រឹក​នេះ ដោយ​រំពឹងថា​អាមេរិក​នឹង​ជំរុញ​ឲ្យ​ឈេ​ហ្វ​រ៉ុន​ខេម​បូឌា​លី​មីធី​ត ដែលជា​អ្នក​ផ្តល់​សេវា​ឲ្យ​ក្រុមហ៊ុន​កាល់​តិច ដោះស្រាយ​លើ​ការទាមទារ​របស់​ពួកគាត់​បាន​ឆាប់ ដើម្បី​ធានា​ដល់​ការរស់នៅ​សមរម្យ និង​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ​សម្រាប់​កម្មករ​និយោជិត​នៅ​កម្ពុជា​ «យើងនឹងបន្តកូដកម្មដោយអហិង្សាតទៅទៀត ដំណាក់កាលជម្រើសចុងក្រោយរបស់យើង គឺស្ថានទូតដែលជាស្ថានទូតរបស់អាមេរិក ហើយជាក្រុមហ៊ុនរបស់អាមេរិក សង្ឃឹមថា ស្ថានទូតអាមេរិក នឹងមិនបណ្តែតបណ្តោយឲ្យរឿងហ្នឹងអូសបណ្លាយពេលវេលាតទៅទៀតទេ»។
​ក្នុង​ញត្តិ​ដែល​ដាក់​ទៅ​ស្ថានទូត​អាមេរិក​របស់​បុគ្គលិក​ក្រុមហ៊ុន​កាល់​តិច គឺ​សុំឲ្យ​មាន​អន្តរាគមន៍​លើ​ក្រុមហ៊ុន​ឈេ​ហ្វ​រ៉ុន​លី​មីធី​ត ផ្តល់​នូវ​ប្រាក់ខែ​សមរម្យ និង​លក្ខខណ្ឌ​ការងារ​មួយចំនួន ដូចជា ស្នើ​ឲ្យ​ក្រុមហ៊ុន​ផ្តល់​ប្រាក់រង្វាន់​ប្រចាំឆ្នាំ (​ប្រាក់ខែ​ទី​១៣) យ៉ាងហោច​ណា​ស់​ឲ្យ​ស្មើនឹង​ប្រាក់​ឈ្នួល​ខែ​ចុងក្រោយ​របស់​កម្មករ​និយោជិត​ដោយ​អនុវត្ត​សម្រាប់​ឆ្នាំ​២០១៤​នេះ និង​សុំ​ឲ្យ​ដំឡើង​ប្រាក់​ឈ្នួល​គោល​ដល់​កម្មករ​និយោជិត​ផ្នែកអនាម័យ ផ្នែក​ចាក់​សាំង ប្តូរ​ប្រេងម៉ាស៊ីន​ចំនួន ១៦០​ដុល្លារ​ក្នុង​មួយខែ និង​ដំឡើង​ប្រាក់​ឈ្នួល​បន្ថែមចំនួន​៥០​ដុល្លារ ដល់​កម្មករ​និយោជិត ផ្នែក​បេឡាករ និង​ត្រូវ​ដំឡើង​ចាប់ពី​ខែ​ឧសភា ឆ្នាំ​២០១៤​នេះ​តទៅ​។

​ប្រធាន​ស​ហព​ន្ធ័​សហជីព​កម្មក​រ​ចំណីអាហារ និង​សេវាកម្ម​កម្ពុជា លោក ស ម៉ូ​រ៉ា  ក៏​បាន​បង្ហាញ​ក្តីជឿជាក់​យ៉ាង​មុតមាំ ចំពោះ​ការឆ្លើយតប​ជា​វិជ្ជមាន​ពី​ស្ថានទូត​អាមេរិក ព្រោះ​កម្មករ​នៅ​ក្រុមហ៊ុន​កាល់​តិច​ទទួលបាន​ប្រាក់ខែ​តិច បើ​ប្រៀបធៀប​នឹង​បណ្តា​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​ផ្សេងៗ​ទៀត​ក្នុង​ប្រទេស​កម្ពុជា ។ លោក​បន្តថា អាមេរិក​នឹងមិន​នៅ​ស្ងៀម​ចំពោះ​ការស្នើសុំ​របស់​លោក និង​បុគ្គលិក​នោះទេ ដោយសារ​តែ​ក្រុមហ៊ុនឈេ​ហ្វ​រ៉ុន​ជា​ក្រុមហ៊ុនស្តង់ដារ​អន្តរជា​តិ​របស់​អាមេរិក​ «សម្រាប់ជំហររបស់បងប្អូនកម្មករនិយោជិក នៅពេលនេះ កូដកម្មរបស់ពួកគាត់នៅតែបន្ត ហើយសម្រាប់សហជីព យើងធ្វើយុទ្ធនាការអន្តរជាតិ ហើយនិងធ្វើ Global Compaign ផងដែរ។ យុទ្ធនាការអន្តរជាតិនោះគឺយើងទំនាក់ទំនងជាមួយ សហជីពអន្តរជាតិសុំឲ្យមានការ Solidarity Action ដែលជាសកម្មភាពសាមគ្គី នៅតាមបណ្តាលប្រទេសដែលមានកាល់តិច នៅទីនោះ»។
​ទាក់ទង​នឹង​ករណី​នេះ មន្ត្រី​ទំនាក់ទំនង​សេដ្ឋកិច្ច​ប្រចាំ​ស្ថានទូត​អាមេរិក​នៅ​កម្ពុជា លោក David R. Myers បាន​ស្វាគមន៍ និង​ទទួលយក​ញត្តិ​នោះ ហើយ​មាន​ប្រសាសន៍ថា លោក​នឹង​បញ្ជូន​ញត្តិ​នេះ​ទៅ​ឯកអគ្គរដ្ឋទូត ដើម្បី​ពិនិត្យ​ «ពួកយើង នឹងយកញត្តិនេះ ទៅខាងផ្នែកគោលនយោបាយ រួចបញ្ជូលទៅលោកឯកអគ្គរដ្ឋទូត»។
ក្រុមហ៊ុន​កាល់​តិច​មាន​២៦​ស្ថានីយ​ទូទាំង​រាជធានី​ខេត្ត​។  បើ​តាម​ការបញ្ជាក់​របស់​ប្រធាន​សហពន្ធ័​សហជី​ពក​ម្មករ​ចំណីអាហារ និង​សេវាកម្ម​កម្ពុជា បុគ្គលិក​ដែល​ធ្វើ​កូដកម្ម​ទាមទារ​ដំឡើង​ប្រាក់ខែ​គោល ១៦០​ដុល្លារ និង​ប្រាក់ខែ​ទី​១៣ ចាប់តាំងពី​ថ្ងៃ​ចន្ទ ទី​១២ ខែ​ឧសភា​មក​នោះ គឺមាន​តែ​បុគ្គលិក​ធ្វើការ​នៅ​រាជធានី​ភ្នំពេញ ទាំង​១៨​ស្ថានីយ​ប៉ុណ្ណោះ​។ ដោយឡែក​ស្ថានីយ​នៅតាម​បណ្តា​ខេត្ត​មួយចំនួន ដូចជា ខេត្តសៀមរាប ខេត្ត​បាត់ដំបង កំពង់ចាម និង​ព្រះសីហនុ បើក​ដំណើរការ​ជាធម្មតា​។ តែ​ទោះជា​យ៉ាងណា រហូតមកដល់​ថ្ងៃនេះ ការធ្វើ​កូដកម្ម​បាន​ឈាន​ដល់​ថ្ងៃ​ទី​៤​ហើយ នៅតែ​ពុំ​ទាន់​មាន​ដំណោះស្រាយ​ណាមួយ​នៅឡើយ ហើយ​ក្រុមហ៊ុន​បានដាក់​រនាំង​ដែក និង​ចងខ្សែ​ព័ទ្ធ​បិទ​ស្ថានីយ៍​ចាក់​សាំង​ទាំងអស់​។ ចំណែក​បុគ្គលិក​វិញ នៅ​តែ​ប្រកាន់​ជំហរ​ធ្វើ​កូដកម្ម​នេះ​ជា​រៀងរាល់ថ្ងៃ រហូតដល់​មាន​ដំណោះស្រាយ​សមរម្យ​សម្រាប់​ពួកគាត់​៕

No comments:

Post a Comment

yes