សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, May 8, 2014

គ.ជ.បលុបចោល​បម្រាម​របស់​សាលា​រាជធានី​ភ្នំពេញហើយ​ប្រកាស​ឲ្យមាន​ការ​ដង្ហែ​ក្បួន​ឃោសនា​​

លោក ទេព នីថា ​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការ
បោះឆ្នោត (រូបថត៖ តាំង វីដា)

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​(​គ.ជ.ប​) កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ ប្រកាស​លុបចោល​បម្រាម​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដែល​ហាម​គណបក្ស​នយោបាយ​ហែ​ក្បួន​ឃោសនា និង​ជួបជុំ​នៅតាម​ទីសាធារណៈ​នោះ។

​លិខិត​របស់​ ​គ.ជ.ប ដែល​ធ្វើឡើង​បដិសេធ​នឹង​បម្រាម​របស់​សាលា​រាជធានី​ភ្នំពេញ​នេះ បាន​ស្នើឲ្យ​អាជ្ញាធរ​នៅ​រាជធានី​ភ្នំពេញ និង​នៅតាម​បណ្តា​ខេត្ត​ទាំងអស់ រក្សា​សន្តិសុខ សម្រាប់​ការ​ដង្ហែ​ក្បួន​របស់​គណបក្ស​នយោបាយ ដែល​ធ្វើកា​ឃោសនា​សម្រាប់​ការបោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​២ ឆ្នាំ​២០១៤​។​

​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត លោក ទេព នីថា ប្រាប់​ VOD ​នៅ​ថ្ងៃ​ពុធ​នេះ​ថា គ​.​ជ​.​ប បាន​សម្រេច​រួច​ហើយ ដោយ​ស្មើឲ្យ​អាជ្ញាធរ​នៅគ្រប់​រាជធានី​ខេត្ត ត្រូវ​បង្កលក្ខណៈ​ងាយស្រួល ដល់​គ្រប់​គណបក្ស​ទាំងអស់ ក្នុងការ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ឲ្យស្រប​ទៅ​តាម​​ច្បាប់ បទបញ្ជា និង​នីតិវិធី​ក្នុង​ការបោះឆ្នោត «គជប បានសម្រេចហើយ សូមឲ្យអាជ្ញាធររាជ​ធានីខេត្តបង្កលក្ខណៈ ដល់គណបក្សដើម្បីធ្វើការឃោសនា ឲ្យស្របតាមច្បាប់ ព្រមទាំងបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត។ កុំប្រើពាក្យរារាំង ខុស អត់មានអ្នកណារារាំងទេ សាលារាជធានី​ភ្នំពេញ​ស្នើមកគណៈកម្មការបោះឆ្នោត រាជធានីភ្នំពេញ ដោយយោងតាមសភាពការ សន្តិសុខ សុវត្ថិភាពជាក់ស្តែង របស់រាជធានី និងសណ្តាប់ធ្នាប់របស់រាជធានីគឺសុំឲ្យអាជ្ញាធរបោះឆ្នោត សុំឲ្យគណបក្សនយោបាយ ធ្វើការឃោសនា ឬក៏ជួបជុំ សកម្មជនអ្នកបោះឆ្នោតរបស់​ខ្លួននៅ​ក្នុងទីស្នាក់ការគណបក្ស នេះជាការស្នើសុំ មិនមែនជាការរារាំងទេ»។


ប៉ុន្តែ​លោក ទេព នីថា បន្តថា បម្រាម​របស់​សាលា​រាជធានី​ភ្នំពេញ​ដែល​ផ្ញើ​មក គ​.​ជ​.​ប ដោយ​ឲ្យ​គណបក្ស​ទាំងអស់​ធ្វើការ​ឃោសនា​បោះឆ្នោត ​តែ​នៅតាម​ទីស្នាក់ការ​របស់​ខ្លួន ដោយ​ហេតុផល​សន្តិសុខ​ក្នុង​រាជធានី​នោះ មិនមែន​ជា​ការរារាំង​ការឃោសនា​នោះទេ​។​

​ការផ្លាស់ប្តូរ​ជំហរ​របស់​ ​ គ.ជ.ប ​នេះ ធ្វើឡើង​បន្ទាប់​ពី​មាន​ការរិះគន់​ថា ​គ.ជ.ប ​មិន​ឯករាជ្យ ហើយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ប្រើ​អំណាច​រំលោភ​លើ​ ​គ.ជ.ប ក្នុង​ការចាត់ចែង​រៀបចំ​ការបោះឆ្នោត​។
​នាយក​ប្រតិបត្តិ គណៈកម្មការ​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ហៅ​កាត់​ថា ខុម​ហ្វ្រែល លោក គល់ បញ្ញា បាន​សូម​ស្វាគមន៍​ចំពោះ​ការផ្លាស់ប្តូរ​ជំហ​របស់ គ​.​ជ​.​ប ជា​ថ្មី​នេះ​។

 លោក​ចាត់ទុកថា នេះ​ជា​ការបង្ហាញ​ឆន្ទៈ​ក្នុងការ​ធ្វើឲ្យ​ការបោះឆ្នោត​ ប្រព្រឹត្តទៅ​ប្រកបដោយ​សេរី និង​មិន​មាន​ភាពភ័យខ្លាច ដោយសារ​សកម្មភាព​ភាព​របស់​អជ្ញាធរ​កន្លង​មក​ជាកា​រ​ជ្រៀតជ្រែក​ក្នុង​ កិច្ចការ​បោះឆ្នោត ដែល​ជាករ​រំលោភ​ទៅលើ​ច្បាប់​បោះឆ្នោត​យ៉ាងធ្ងន់ធ្ងរ​ «ខ្ញុំគិតថា វាជាឆន្ទៈវិជ្ជមានមួយ នៅក្នុងការអនុវត្តសមត្ថកិច្ច របស់ខ្លួន ហើយជាការធ្វើការណែនាំទៅអាជ្ញាធរ ដើម្បីសហការ ប៉ុន្តែរឿងមិនសហការនេះជាការទទួលខុសត្រូវរបស់អាជ្ញាធរ ហើយប្រសិនជាមានបញ្ហាដែលអាជ្ញាធរមិនសហការ គជប មានសិទ្ធិ នៅក្នុងច្បាប់បោះឆ្នោត គេអាចចោទប្រកាន់ក្នុងការរារាំង ហើយ គជប គេអាចដាក់ពិន័យរហូតដល់មានការដកសិទ្ធិមួយចំនួន ប្រសិនជាចាំបាច់»។​

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ធ្លាប់​ផ្ញើ​លិខិត​ទៅ​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គជប​) លោក អ៊ឹម សួស្តី ចាត់វិធានការ​ជាបន្ទាន់​ចំពោះ​អាជ្ញាធរ ដែល​រំលោភច្បាប់ បទបញ្ជា និង​នីតិវិធី ដោយ​រារាំង​សិទ្ធិ​បេក្ខជន និង​គណបក្ស​ក្នុង​ការធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក និង​ខណ្ឌ​។​

​ខណៈ​ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ ​ដាក់​បម្រាម​ហែ​ក្បួន​ឃោសនា​នេះ គឺមាន​តែ​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ប៉ុណ្ណោះ ក្នុងចំណោម​គណបក្ស​ចំនួន​៥ ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​អសកល​នេះ បាន​ធ្វើ​យុទ្ធនាការ​ហែ​ក្បួន​ទាំង​នៅ​រាជធានី និង​តាម​ខេត្ត​៕

No comments:

Post a Comment

yes