ពលទាហានឈរជើងតាមបណ្ដោយព្រំដែន កម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តឧត្ដរមានជ័យ បានសម្ដែងនូវការមិនសប្បាយចិត្ត ខណៈពួកគេអះអាងថា មិនទាន់បានទទួលសម្លៀកបំពាក់ជាឯកសណ្ឋានយោធាជិត១ឆ្នាំមកហើយ។
ពលទាហានម្នាក់នៃកងពលតូចលេខ៦ ឈរជើងនៅភូមិសាស្ត្រអន្លង់វែង ខេត្តឧត្ដរមានជ័យ ប្រាប់ VOD ថា នៅថ្ងៃអង្គារ ទី២០ ខែឧសភា នេះថា រូបលោក និងពលទាហានឯទៀតនៅក្នុងកងពលតូចលេខ៦ មិនទាន់បានទទួល ឯកសណ្ឋានយោធា តាំងពីអំឡុងខែកញ្ញាឆ្នាំមុនមកម្ល៉េះ។ លោកបន្តថា ជាទូទៅពលទាហានទាំងអស់ ត្រូវទទួលបានសម្លៀកបំពាក់ជាឯកសណ្ឋាន ២ដងក្នុង១ឆ្នាំ ដែលជាធម្មតាពលទាហាន អាចបើកបានលើកទី១នៅអំឡុងខែមករា និងលើកទី២នៅអំឡុងខែមិថុនា។
លោកបន្ថែមថា លោកធ្លាប់សាកសួរទៅមេបញ្ជាការរបស់លោកដែរ ប៉ុន្តែត្រូវបានមេបញ្ជាការរបស់លោកប្រាប់ថា ការខកខាន ក្នុងការផ្ដល់សម្លៀកបំពាក់នេះ ដោយសារថ្នាក់លើមិនទាន់មានកញ្ចប់ថវិកាគ្រប់គ្រាន់ ក្នុងការទិញឯកសណ្ឋានទាំងនោះ។ លើសពីនេះទៀតលោកបញ្ជាក់ថា ការអាកខាននេះ មិនមែនកើតឡើងសម្រាប់តែអង្គភាពរបស់លោកនោះទេ ដោយឡែកពលទាហាននៅតាមបណ្ដាអង្គភាពដទៃទៀត ក៏នៅមិនទាន់បានដូចគ្នាដែរ។
VOD មិនទាន់អាចទាក់ទងសុំការបញ្ជាក់ពី លោក ឈុំ ខេង មេបញ្ជាការកងពលតូចលេខ៦ បាននៅឡើយទេ ដោយលោកប្រាប់ថាកំពុងជាប់ប្រជុំ។
No comments:
Post a Comment
yes