សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, May 1, 2014

សង្គម​ស៊ីវិល​ថ្កោលទោស​រដ្ឋាភិបាល​ប្រើ​កម្លាំង​ចម្រុះ​ព័ទ្ធ​ទីលាន​ប្រជាធិបតេយ្យ

ប៉ូលិស​ឈរ​ត្រៀម​ការពារ​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ
 ១ ឧសភា ឆ្នាំ​២០១៤

មេ​ដឹក​នាំ​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ចំនួន បាន​ថ្កោលទោស​សកម្មភាព​រដ្ឋាភិបាល​បាន​ប្រើ​កម្លាំង​ចម្រុះ​រាប់​ពាន់​នាក់ និង​ដាក់​រនាំង​បន្លា​លួស​ហ៊ុមព័ទ្ធ​ទីលាន​ប្រជាធិបតេយ្យ និង​ទីតាំង​ដទៃ​ទៀត មិន​ឲ្យ​សហជីព​កម្មករ​ប្រមូល​ផ្តុំ​ធ្វើ​ពិធី​អបអរ​សាទរ​ទិវា​ពលកម្ម​អន្តរជាតិ ខួប​លើក​ទី​១២៨ ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​នេះ។
សង្គម​ស៊ីវិល​ខ្លះ​បាន​ចាត់​ទុក​សកម្មភាព​ដឹក​នាំ​របស់​រដ្ឋាភិបាល​សព្វ​ថ្ងៃ កំពុង​ឈាន​ទៅ​រក​របប​ផ្តាច់​ការ​ជា​ថ្មី​ទៀត ដូច​របប​អាវ​ខ្មៅ​ខ្មែរ​ក្រហម។ ផ្ទុយ​ពី​ការ​អះអាង​នេះ គណបក្ស​ប្រជាជន​កម្ពុជា កំពុង​កាន់​អំណាច​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​បាន​ជំរុញ​ឲ្យ​មាន​សិទ្ធិ​សេរីភាព​គ្រប់​បែប​យ៉ាង ស្រប​តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​សេចក្តី​ថ្លែងការណ៍​ជា​សកល​របស់​អង្គការ​សហប្រជាជាតិ បាន​រលូន​បំផុត។
មន្ត្រី​សង្គម​ស៊ីវិល និង​សកម្មជន​គាំទ្រ ឬ​មន្ត្រី​គណបក្ស​ប្រឆាំង បាន​រៀប​ចំ​ពិធី​អបអរ​សាទរ​ទិវា​ពលកម្ម​អន្តរជាតិ​ខួប​លើក​ទី​១២៨ ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៤ នេះ​នៅ​ទីកន្លែង​ផ្សេងៗ​គ្នា​នៅ​រាជធានី​ភ្នំពេញ ប៉ុន្តែ​ត្រូវ​បរាជ័យ​ដោយ​កម្លាំង​ចម្រុះ​រដ្ឋាភិបាល​រារាំង។

កម្លាំង​ចម្រុះ​រដ្ឋាភិបាល​ប្រដាប់​ដោយ​អាវុធ ដំបង​ឆក់ ខែល រាប់​ពាន់​នាក់ បាន​ដាក់​ពង្រាយ​នៅ​ជុំវិញ​ទីលាន​ប្រជាធិបតេយ្យ ព្រម​ទាំង​មាន​រាយ​បន្លា​លួស​បិទ​ផ្លូវ​នៅ​ក្បែរ​ស្ថាប័ន​សំខាន់ៗ​របស់​រដ្ឋាភិបាល​ផង។
ប្រធាន​ស្តីទី​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក សុខ ឈុនអឿង បាន​ឲ្យ​ដឹង​ថា ដើម​ឡើយ​សហជីព និង​កម្មករ គ្រោង​រៀប​ចំ​អបអរ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា នៅ​ទីលាន​ប្រជាធិបតេយ្យ ប៉ុន្តែ​អាជ្ញាធរ​មិន​អនុញ្ញាត ក៏​បាន​ងាក​ទៅ​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​មន្ទីរ​រដ្ឋសភា​ជំនួស​វិញ។ ប៉ុន្តែ គម្រោង​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​មន្ទីរ​រដ្ឋសភា ក៏​ត្រូវ​បរាជ័យ​ដោយសារ​តែ​កម្លាំង​បង្ក្រាប​បាតុកម្ម​រាប់​ពាន់​នាក់ ប្រដាប់​ដោយ​អាវុធ ខែល និង​ដំបង​ឆក់ ជាដើម បាន​ពង្រាយ​ដើម្បី​រារាំង​ក្រុម​កម្មករ​មិន​ឲ្យ​ចូល​ទៅ​មុខ​រដ្ឋសភា​បាន​ទេ។
លោក ឈុនអឿង ដែល​ជា​អនុប្រធាន លោក វន់ ពៅ ត្រូវ​សមត្ថកិច្ច​ចាប់​ដាក់​ពន្ធនាគារ​ក្នុង​សកម្មភាព​តវ៉ា​ដំឡើង​ប្រាក់​ខែ​គោល​ជូន​កម្មករ ១៦០​ដុល្លារ កាល​ពី​ដើម​ខែ​មករា បាន​រិះគន់​សកម្មភាព​របស់​កម្លាំង​ចម្រុះ​របស់​រដ្ឋាភិបាល ថា​ឈាន​ទៅ​រក​របប​ផ្តាច់​ការ​ដូច​របប​ខ្មែរ​ក្រហម​ជា​ថ្មី​ទៀត។ លោក​បន្ត​ថា ពិធី​អបអរ​សាទរ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា សហជីព​ក៏​បាន​ហែ​យក​ញត្តិ​ស្ដីពី​កង្វល់​របស់​ក្រុម​កម្មករ​ចំនួន ១៦​ចំណុច ដាក់​ជូន​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ផង​ដែរ ទោះ​បី​ត្រូវ​សមត្ថកិច្ច​រារាំង។ ខ្លឹមសារ​ក្នុង​ញត្តិ​មាន​ដូច​ជា ស្នើ​ឲ្យ​រដ្ឋាភិបាល​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​មនុស្ស​ទាំង ២៣​នាក់​នៅ​តុលាការ និង​ដោះ​លែង​ពី​ពន្ធនាគារ​ឲ្យ​មាន​សេរីភាព​វិញ ស្នើ​ឲ្យ​តុលាការ​លើក​លែង​ការ​ចោទ​ប្រកាន់​មេ​ដឹក​នាំ​សហជីព​កម្មករ ស្នើ​ឲ្យ​ពិចារណា​ត្រី​ភាគី​ឡើង​វិញ​លើ​ប្រាក់​ឈ្នួល​កម្មករ និង​ស្នើ​ឲ្យ​ក្រសួង​មហាផ្ទៃ បើក​សិទ្ធិ​សេរីភាព​ឲ្យ​មាន​ការ​ប្រមូល​ផ្តុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ឡើង​វិញ ជាដើម។
ដូច​គ្នា​ដែរ​សម្រាប់ លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើប​អង្កេត​សមាគម​អាដហុក (adhoc) បាន​ចាត់​ទុក​សកម្មភាព​ពង្រាយ​កម្លាំង​ចម្រុះ និង​រនាំង​បន្លា​លួស​ហ៊ុមព័ទ្ធ​ទីលាន​ប្រជាធិបតេយ្យ មិន​ឲ្យ​សហជីព និង​កម្មករ​រៀប​ចំ​ពិធី​អបអរ​សាទរ​ទិវា​ពលកម្ម​អន្តរជាតិ បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​បិទ​សិទ្ធិ​សេរីភាព​របស់​រដ្ឋាភិបាល ទៅ​លើ​សិទ្ធិ​ប្រមូល​ផ្តុំ និង​សម្ដែង​មតិ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា។ លោក​បន្ត​ថា ឆ្នាំ​មុនៗ​ក្នុង​ថ្ងៃ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា រដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យ​មេ​ដឹក​នាំ​សហជីព និង​ក្រុម​កម្មករ ធ្វើ​ពិធី​ជួប​ជុំ​សម្ដែង​កង្វល់ មាន​លើក​បដា និង​ហែ​ក្បួន​តាម​ផ្លូវ ដាក់​ញត្តិ​ជូន​ស្ថាប័ន​រដ្ឋ​សំខាន់ៗ មាន​រដ្ឋសភា ជាដើម ដោយ​គ្មាន​ការ​រារាំង។ ប៉ុន្តែ លោក​ថា ឆ្នាំ​នេះ​សិទ្ធិ​ទាំង​នេះ​ត្រូវ​រាំង​ខ្ទប់ ហើយ​រដ្ឋាភិបាល​បាន​ប្រើ​កម្លាំង​ចម្រុះ​រាប់​ពាន់​នាក់ និង​មាន​រាយ​បន្លា​លួស​ជា​រនាំង​បិទ​ផ្លូវ​ថែម​ទៀត។
ផ្អែក​តាម​សកម្មភាព​នេះ លោក នី ចរិយា យល់​ថា ទំនង​ជា​រដ្ឋាភិបាល​កម្ពុជា បច្ចុប្បន្ន មាន​គោល​នយោបាយ​ដឹក​នាំ​ថ្មី ឬ​លែង​រវល់​ពី​សិទ្ធិ​សេរី​មនុស្ស​ត​ទៅ​ទៀត​ហើយ ហើយ​បាន​បង្កើត​ឲ្យ​មាន​កម្លាំង​បង្ក្រាប​ដើរ​ធ្វើ​សកម្មភាព​ហិង្សា​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ។
«សំឡេង»
ការ​ប្រមូល​ផ្តុំ​របស់​សហជីព​កម្មករ និង​ប្រជាពលរដ្ឋ ដើម្បី​អបអរ​សាទរ​ទិវា​ពលកម្ម​អន្តរជាតិ​ខួប​លើក​ទី​១២៨ នៅ​ក្បែរ​ស្ពាន​នាគ ជិត​រមណីយដ្ឋាន​វត្ត​ភ្នំ ត្រូវ​កម្លាំង​សន្តិសុខ​ពាក់​មួក​ខ្មៅ ក្រុង​ភ្នំពេញ វាយ​បង្ក្រាប​ដោយ​ហិង្សា​ឲ្យ​របួស​ចំនួន ៥​នាក់ បញ្ជូន​ទៅ​ព្យាបាល​ពេទ្យ​អង្គការ​លីកាដូ (Licadho)។ អំពើ​ហិង្សា​នេះ កើត​ឡើង​នៅ​ក្រោយ​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​បញ្ចប់​ការ​ថ្លែង​សន្ទរកថា និង​ហែ​ក្បួន​វិល​ទៅ​ទីស្នាក់ការ​នៅ​សង្កាត់​ចាក់អង្រែលើ វិញ។
លោក អំ សំអាត ប្រធាន​បច្ចេកទេស​ស៊ើប​អង្កេត​អង្គការ​លីកាដូ ដែល​តាម​ឃ្លាំ​មើល​សកម្មភាព​បង្ក្រាប បាន​រិះគន់​សកម្មភាព​ប្រើ​ហិង្សា​របស់​សមត្ថកិច្ច​របស់​រដ្ឋាភិបាល ទៅ​លើ​ប្រជាពលរដ្ឋ​ស្លូត​ត្រង់​ចំ​ថ្ងៃ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា ឆ្នាំ​នេះ។ លោក​មើល​ឃើញ​ថា សកម្មភាព​របស់​កម្លាំង​ចម្រុះ ពិសេស​កម្លាំង​កង​សន្តិសុខ​ពាក់​មួក​ខ្មៅ ដែល​តែង​ធ្វើ​សកម្មភាព​ហិង្សា​ទៅ​លើ​កម្មករ ពលរដ្ឋ មន្ត្រី​សិទ្ធិ​មនុស្ស និង​អ្នក​កាសែត​កន្លង​មក គឺ​ខុស​ច្បាប់។ បញ្ហា​នេះ លោក អំ សំអាត គិត​ថា សិទ្ធិ​សេរីភាព​ប្រមូល​ផ្តុំ​សម្ដែង​មតិ និង​សិទ្ធិ​ផ្សេងៗ​នៅ​កម្ពុជា ត្រូវ​រឹត​ត្បិត និង​ដាំ​ក្បាល​ចុះ​ធ្ងន់ធ្ងរ បើ​ប្រៀបធៀប​ថ្ងៃ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា ឆ្នាំ​មុន។ ឆ្នាំ​មុន ទិវា​នេះ​ក្រុម​កម្មករ និង​សហជីព អាច​ធ្វើ​ពិធី​អបអរ​សាទរ​ដោយ​គ្មាន​ការ​ហាម​ឃាត់​ទេ ដែល​ខុស​ប្លែក​ឆ្នាំ​នេះ។
«សំឡេង»
អ្នកស្រី ធុច សំនៀង មក​ពី​ខេត្ត​កណ្ដាល ស្ថិត​ក្នុង​ចំណោម​ពលរដ្ឋ និង​កម្មករ​ផ្សេង​ទៀត​ដែល​មក​ចូល​រួម​អបអរ​សាទរ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា នៅ​ក្បែរ​ស្ពាន​នាគ បាន​រិះគន់​ចំពោះ​ការ​ពង្រាយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​សន្ធឹកសន្ធាប់ និង​បន្លា​លួស​ព័ទ្ធ​ជុំវិញ​ទីលាន​ប្រជាធិបតេយ្យ។ អ្នកស្រី​បន្ត​ថា បើ​រដ្ឋាភិបាល​ធ្វើ​សកម្មភាព​ដូច​គ្នា​នេះ​នៅ​តាម​ព្រំដែន​កម្ពុជា​វៀតណាម និង​ថៃ ម៉្លោះ​ទឹក​ដី​ខ្មែរ​នៅ​តាម​ព្រំដែន​មិន​បាត់​បង់​ដូច​សព្វថ្ងៃ​នេះ​ទេ។
«សំឡេង»
ចំណែក​ស្ត្រី​វ័យ​ជិត ៨០​ឆ្នាំ​ម្នាក់​ទៀត​ដែល​នៅ​ក្នុង​ដៃ​មាន​កាន់​ផ្កាឈូក​ផង​នោះ ក៏​មិន​សប្បាយ​ចិត្ត​ពេល​ឃើញ​កម្លាំង​ចម្រុះ​ក្នុង​ទឹក​មុខ​មាំ និង​របង​បន្លា​លួស ពង្រាយ​នៅ​ជុំវិញ​ទីលាន​ប្រជាធិបតេយ្យ​នា​ព្រឹក​ថ្ងៃ​ទី​១ ខែ​ឧសភា។
«សំឡេង»
ទាក់ទង​បញ្ហា​នេះ មន្ត្រី​ក្រសួង​មហាផ្ទៃ និង​សាលា​រាជធានី​ភ្នំពេញ បាន​ជូន​ដំណឹង​ថា មិន​ឲ្យ​មេ​ដឹក​នាំ​សហជីព​កម្មករ និង​សមាគម រៀប​ចំ​ទិវា​ពលកម្ម​អន្តរជាតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ និង​ទីកន្លែង​សាធារណៈ​របស់​រដ្ឋ​ទេ ប៉ុន្តែ​អនុញ្ញាត​ឲ្យ​រៀប​ចំ​ទិវា​នេះ​នៅ​ទីស្នាក់ការ​ឯកជន​រៀងៗ​ខ្លួន​ជំនួស​វិញ។
ស្រប​ពេល​គ្នា​នេះ គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​ដឹក​នាំ​រាជ​រដ្ឋាភិបាល​អាណត្តិ​ទី​៥ ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ក្នុង​ឱកាស​ដែល​ពលរដ្ឋ​កម្ពុជា និង​ពលរដ្ឋ​នៅ​លើ​ពិភពលោក​ធ្វើ​ពិធី​អបអរ​សាទរ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា ដោយ​បាន​បង្ហាញ​អំពី​ឆន្ទៈ​មុតមាំ ក្នុង​ការ​បន្ត​អនុវត្ត​គោល​នយោបាយ​ការពារ និង​លើក​ស្ទួយ​នូវ​សិទ្ធិ​សេរីភាព​គ្រប់​យ៉ាង​របស់​ប្រជាពលរដ្ឋ ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​សេចក្តី​ថ្លែងការណ៍​ជា​សកល​របស់​អង្គការ​សហប្រជាជាតិ ព្រម​ទាំង​កតិកា និង​អនុសញ្ញា​អន្តរជាតិ​នានា ស្ដីពី​សិទ្ធិ​មនុស្ស​ជាអាទិ៍ សិទ្ធិ​មាន​ជីវិត​រស់​នៅ សិទ្ធិ​ប្រកប​របរ​ចិញ្ចឹម​ជីវិត សិទ្ធិ​ធ្វើ​នយោបាយ សិទ្ធិ​បញ្ចេញ​មតិ សេរីភាព​ខាង​សារព័ត៌មាន ជាដើម បាន​ពេញ​លេញ។ ប៉ុន្តែ សេចក្តី​ថ្លែងការណ៍​នេះ​បាន​រង​ការ​រិះគន់​ភ្លាមៗ​ពី​មេ​ដឹក​នាំ​សហជីព សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ភាគ​ច្រើន​នៅ​កម្ពុជា។ សង្គម​ស៊ីវិល​ទាំង​នោះ​បាន​ចាត់​ទុក​សេចក្តី​ថ្លែងការណ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា ថា​បាន​និយាយ​បំផ្លើស​ការ​ពិត​នៅ​គ្រា​រដ្ឋាភិបាល​មិន​អនុញ្ញាត​ឲ្យ​សង្គម​ស៊ីវិល ឬ​សហជីព ធ្វើ​ពិធី​អបអរ​សាទរ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា នៅ​ទីលាន​ប្រជាធិបតេយ្យ ជា​ឧទាហរណ៍។ ជាង​នេះ សមត្ថកិច្ច​ថែម​ទាំង​បាន​បង្ក្រាប​ដោយ​ហិង្សា​ទៅ​លើ​ប្រជាពលរដ្ឋ ៥​នាក់ ឲ្យ​រង​របួស​នៅ​ក្បែរ​ស្ពាន​នាគ។
ចំណែក​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ ឈ្មោះ ហ្វ្រីដឹម ហៅស៍ (Freedom House) កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ចេញ​របាយការណ៍​បង្ហាញ​ថា កម្ពុជា ជា​ប្រទេស​ដែល​មិន​មាន​សេរីភាព។ របាយការណ៍​ដែល​មាន​ឈ្មោះ​ថា សេរីភាព​លើ​ពិភពលោក​ឆ្នាំ​២០១៤ (Freedom in the World 2014) បាន​សិក្សា​ទៅ​លើ​ប្រទេស​ទាំងអស់​ចំនួន​១៩៦ នៅ​លើ​ពិភពលោក ក្នុង​ឆ្នាំ​២០១៣ ដោយ​ផ្ដោត​ជាពិសេស​ទៅ​លើ​សិទ្ធិ​នយោបាយ និង​សេរីភាព​ពលរដ្ឋ៕

No comments:

Post a Comment

yes