លោក វន់ ពៅ និង សកម្មជនដីធ្លីផ្សេងទៀត ក្រោយចេញពីពន្ធនាគារ
ចៅក្រមតុលាការរាជធានីភ្នំពេញ បានសម្រេចដោះលែង លោក វន់ ពៅ និងបាតុករសរុប ២៤ នាក់ផ្សេងទៀត ក្នុងរឿងបង្ក្រាបបាតុកម្ម ៣ ករណីផ្សេងគ្នា នៅរោងចក្រយ៉ាក់ជីង ផ្លូវវេងស្រេង និងរោងចក្រកាត់ដេរ អេស អិល។ ក្នុងសេចក្តីសម្រេចនៅព្រឹកនេះ ចៅក្រម បានសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារលើលោក វន់ ពៅ និងបាតុករ ២៤ នាក់ ពី ៦ ខែ រហូតដល់ ៤ ឆ្នាំកន្លះ ប៉ុន្តែទោសទាំងនោះ ត្រូវព្យួរគិតចាប់ពីថ្ងៃចាប់ខ្លួនកាលពីខែវិច្ឆិកា និងខែមករា រហូតដល់ថ្ងៃទី៣០ឧសភានេះ។
សាច់ញាតិអ្នកជាប់ឃុំទាំង ២៥ នាក់ បានសម្តែងក្តីសប្បាយរីករាយ រហូតដល់យំ អោបជនជាប់ចោទ ដែលដើរចេញពីបន្ទប់សវនាការ។ នោះគឺចៅក្រម បានសម្រេចកាត់តម្រឹមទោស ពោលគឺជនជាប់ចោទទាំង ២៥ នាក់ ក្នុងករណីបង្ក្រាបបាតុកម្ម ៣ ករណីផ្សេងគ្នា គឺនៅរោងចក្រយ៉ាក់ជីង ១០ នាក់ ផ្លូវវេងស្រេង ១៣ នាក់ និងរោងចក្រកាត់ដេរ អេស អិល ២ នាក់ ត្រូវបានចៅក្រម ដោះលែងឲ្យមានសេរីភាពឡើងវិញ នៅព្រឹកថ្ងៃទី៣០ឧសភានេះ។
ជាមួយនឹងការសម្រេចកាត់តម្រឹមទោសដូច្នេះ គឺចៅក្រមក៏បានសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារលើជនជាប់ចោទ ទាំង ២៥ នាក់ ចន្លោះចាប់ពី ៦ ខែ រហូតដល់ ៤ឆ្នាំកន្លះ។ ពោលគឺករណីរោងចក្រ SL ដែលមានជនជាប់ចោទជាយុវជន ២ នាក់ វណ្ណី វណ្ណណន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ៣ ឆ្នាំ និងយុវជនម្នាក់ទៀត មាស ទន់ ផ្តន្ទាទោសដាក់ពន្ធនាគារ ៦ ខែ តែអនុវត្តទោសត្រឹមរយៈពេលឃុំខ្លួនបណ្តោះអាសន្ន រីឯទោសនៅសល់ត្រូវព្យួរ។
ចំណែកករណីរោងចក្រយ៉ាក់ជីង ចៅក្រមបានសម្រេចផ្តន្ទាទោសបាតុករ ៣ នាក់ រួមទាំងលោក វន់ពៅ ដាក់ពន្ធនាគារ ៤ ឆ្នាំ ៦ខែ។ បាតុករម្នាក់ ៤ ឆ្នាំ។ ៣ នាក់ ៣ឆ្នាំ និង៣នាក់ទៀត ២ឆ្នាំ ៦ខែ។ រីឯករណីផ្លូវវេងស្រេង ដែលមានជនជាប់ចោទ ១៣ នាក់ ត្រូវបានចៅក្រម សម្រេចផ្តន្ទាទោស ចន្លោះពី ១ ឆ្នាំ ទៅ ៤ ឆ្នាំ។
សរុបទៅ ជនជាប់ចោទទាំង ២៥ នាក់ ត្រូវបានចៅក្រមសម្រេចដោះលែងនៅថ្ងៃទី៣០ឧសភានេះ រីឯទោសនៅសល់ ត្រូវព្យួរ។ ជនទាំង ២៥ នាក់ ជាប់ចោទពីបទផ្តួចផ្តើមគំនិតឲ្យមានអំពើហិង្សា បង្កអំពើហិង្សា បំផ្លិចបំផ្លាញទ្រព្យសម្បត្តិរោងចក្រកាត់ដេរ និងជេរប្រមាថ ប្រឆាំងមន្ត្រីរាជការ។
ប៉ុន្តែទាំងជនជាប់ចោទ ទាំងមេធាវី និងទាំងសកម្មជនសិទ្ធិមនុស្ស ទោះបីជារីករាយ និងស្វាគមន៍ នឹងការកាត់តម្រឹម ដែលចៅក្រមសម្រេចដោះលែងជនជាប់ចោទពីពន្ធនាគារ។ តែលោក អំ សំអាត អ្នកឃ្លាំមើលសិទ្ធិមនុស្ស លីកាដូ បានបង្ហាញការសោកស្តាយ ចំពោះការផ្តន្ទាទោស ខណៈដែលជនទាំងនោះ មិនបានប្រព្រឹត្តកំហុស។ ដូច្នេះមេធាវី និងសាម៉ីខ្លួន នឹងប្តឹងឧទ្ធរណ៍ ដើម្បីរកភាពយុត្តិធម៌ បើទោះបីជាពួកគេបានរួចខ្លួនក៏ដោយ។
ជាការកត់សម្គាល់ ក្នុងករណីបង្ក្រាបបាតុកម្មរោងចក្រកាត់ដេរ SL នៅមុខវត្តស្ទឹងមានជ័យ រោងចក្រ យ៉ាក់ជីង និងរោងចក្រនៅផ្លូវវេងស្រេង គឺទាហាន ប៉េអឹម និងប៉ូលិស សុទ្ធតែបានបាញ់ និងវាយបណ្តាលឲ្យមានមនុស្សស្លាប់យ៉ាងហោចណាស់ ៥ នាក់ និងរបួសរាប់សិបនាក់ផ្សេងទៀត។ ប៉ុន្តែទាហាន ប៉េអឹម និងប៉ូលិស មិនត្រូវបានតុលាការ ចាប់យកមកកាត់ទោសនោះទេ៕
No comments:
Post a Comment
yes