អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស នៅថ្ងៃសុក្រនេះ ជម្រាបជូនប្រធានគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញថាគណបក្សសង្រ្គោះជាតិ មិនគោរពតាមគោលការណ៍ ណែនាំ នៃការឃោសនា ដែលនាំឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់សាធារណៈ។
សេចក្តីជម្រាបរបស់សាលារាជធានីភ្នំពេញ ឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា បានរៀបចំបើកវគ្គយុទ្ធនាការឃោសនាបោះឆ្នោត ដោយមានការជួបជុំតែអង្គបោះឆ្នោត ដែលជាសមាជិក ក្រុម ប្រឹក្សាក្នុងតំណែង នៅតាមទីស្នាក់ការគណបក្ស ដោយពុំមានការដង្ហែក្បួនឃោសនា នៅតាមដង ផ្លូវសាធារណៈ។សាលារាជធានីបន្តថា ផ្ទុយទៅវិញ គណបក្សសង្រ្គោះជាតិ ពុំបានគោរព តាមការ ណែនាំ ដោយបានប្រមូលផ្តុំ និងប្រើប្រាស់សកម្មភាពរបស់ខ្លួន ព្រមទាំងចាត់តាំងឲ្យមានការដង្ហែ ក្បួនតាមដងសាធារណៈយ៉ាងអានាធិបតេយ្យដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន
សាលារាជធានី រាយការណ៍ថា ទង្វើរបស់គណបក្សសង្រ្គោះជាតិ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់សាធារណៈ កកស្ទះចរាចរណ៍ និងប៉ះពាល់ដល់សិទ្ធិប្រជាពលរដ្ឋទូទៅ ដែល មានចែងក្នុងរដ្ឋធម្មនុញ្ញ ព្រមទាំងប្រាសចាកខ្លឹមសារនៃសេចក្តីណែនាំរបស់គណៈកម្មការរៀបចំការ បោះឆ្នោត ។
ដើម្បីធានាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធនី ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី២ នាថ្ងៃបន្ទាប់ ប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា និងស្របតាមសេចក្តីណែនាំ របស់ អាជ្ញាធរមូលដ្ឋាន សាលារាជធានី ស្នើប្រធានគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ចាត់វិធានការជាបន្ទាន់ចំពោះទង្វើរំលោភបំពានការណែនាំពីសំណាក់គណបក្សសង្រ្គោះជាតិ។
VOD មិនទាន់អាចទាក់ទងប្រធានគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ បាននៅ ឡើយទេ។
យុទ្ធនាការរកសំទ្បេងឆ្នោត សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សារាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ អាណត្តិទី២ ឆ្នាំ២០១៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១៦ ខែឧសភា នេះ។ ការបោះឆ្នោតក្រុមប្រឹក្សា នឹងធ្វើនៅថ្ងៃអាទិត្យ ទី១៨ ខែឧសភា ឆ្នាំ២០១៤ ដោយមានគណបក្សនយោបាយចំនួន៥ចូលរួម ក្នុងនោះមាន គណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ៕
No comments:
Post a Comment
yes