លោក ថាច់ ផែន រដ្ឋលេខាធិការក្រសួងព័ត៌មាន (រូបថត ជន ស្រីណុច)
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានលើកឡើងនៅថ្ងៃសៅរ៍នេះថា ការដែលអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ រងការគំរាមកំហែង និងរងការវាយដំពីសំណាក់អាជ្ញាធរកម្ពុជាកន្លងមកនេះ គឺកើតឡើងដោយសារការចៃដន្យ តែប៉ុណ្ណោះ។
ការអះអាងនេះ ធ្វើឡើងក្នុងកម្មវិធីប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក២០១៤ស្តីពី សុវត្ថិភាពអ្នកសារព័ត៌មាននៅកម្ពុជា នីតិរដ្ឋធានាសុវត្ថិភាពអ្នកសារព័ត៌មាន និងប្រយុទ្ធប្រឆាំងនិទណ្ឌភាព ដែលប្រារព្ធធ្វើឡើងនៅថ្ងៃសៅរ៍ ទី០៣ ខែឧសភា ឆ្នាំ២០១៤នេះ ដែលរៀបចំឡើងដោយ បណ្តាអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ។
រដ្ឋលេខាធិការនៃក្រសួងព័ត៌មាន លោក ថាច់ ផែន ទទួលស្គាល់ថា បច្ចុប្បន្នស្ថានភាពអ្នកសារព័ត៌មាននៅកម្ពុជា ពិតជាទទួលរងនូវស្ថានភាពអាក្រក់មែន ជាក់ស្តែងគឺអ្នកព័ត៌មានរងរបួសធ្ងន់ ស្រាល ស្របពេលដែលកំពុងបំពេញបេសកកម្មរបស់ខ្លួនតាមវិជ្ជាជីវៈ។ លោកបន្តថា តែទោះជាយ៉ាងណាបញ្ហាទាំងនេះគឺ កើតឡើងដោយការចៃដន្យតែប៉ុណ្ណោះ ព្រោះការអនុវត្តច្បាប់របស់រដ្ឋាភិបាលមិនមានបំណង បង្កឲ្យមានហិង្សាកើតឡើងទេ។
ក្នុងពិធីនោះដែរតំណាងអង្គការ UNESCO លោកស្រី Anne Lemaistre មានប្រសាសន៍ថា ក្នុងឆ្នាំ២០១៤នេះ គឺឆ្នាំដែលមានស្ថានភាពអាក្រក់បំផុត សម្រាប់សុវត្ថិភាពអ្នកសារព័ត៌មាន ដែលតែងតែរងនូវការវាយបង្ក្រាប ពីសំណាក់អាជ្ញាធរ ដែលមានអ្នកស្លាប់រហូតដល់ទៅ៧៧នាក់ ទូទាំងពិភពលោក។ ជាមួយគ្នានោះ លោកស្រីក៏បានជំរុញ រដ្ឋាភិបាលកម្ពុជា ពិនិត្យលើច្បាប់មួយចំនួន ដូចជាក្រមព្រហ្មទណ្ឌ ធ្វើយ៉ាងណាជួយ សម្រួលដល់សុវត្ថិភាពអ្នកសារព័ត៌មានឡើងវិញ ។
លោកស្រី Anne Lemaistre ក៏បានបង្ហាញការសោកស្តាយយ៉ាងខ្លាំង នៅពេលដែលដឹងថា អាជ្ញាធរកម្ពុជាបានវាយបង្ក្រាបអ្នកសារព័ត៌មានរបស់វិទ្យុ VOD ម្នាក់បណ្តាលឲ្យរងរបួសកាលពីម្សិលមិញ ខណៈកំពុងយកព័ត៌មានការឃោសនារបស់គណបក្សនយោបាយក្បែរទីលានប្រជាធិបតេយ្យ ។
កាលពីថ្ងៃសុក្រម្សិលមិញ អង្គការអ្នករាយការណ៍គ្មានព្រំដែន(Reporter Without Borders) សហការជាមួយ មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) ថ្កោលទោសការប្រើហិង្សាលើអ្នកសារព័ត៌មានVOD និងស្នើឲ្យមានការស៊ើបអង្កេតលើករណីនេះ ដើម្បីរកយុត្តិធម៌ជូនអ្នកសារព័ត៌មាន៕
No comments:
Post a Comment
yes