សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, June 12, 2014

ពលករ​ខ្មែរ​កើន​ឡើង​ជាង​១​ម៉ឺន​នាក់​ដែល​ត្រូវ​អាជ្ញាធរ​ថៃ​ដឹក​ជញ្ជូន​មក​ទម្លាក់​នៅ​ប៉ោយប៉ែត

សកម្មភាព​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​អាជ្ញាធរ​ថៃ ចាប់​បញ្ជូន​មក​ដាក់​ចំណុច​រង្វង់​មូល​ខាង​
មុខ​ច្រក​ទ្វារ​អន្តរជាតិ​ ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០១៤

ចំនួន​ពលរដ្ឋ​ខ្មែរ​ដែល​អាជ្ញាធរ​ថៃ ចាប់​បញ្ជូន​មក​ប្រគល់​ឲ្យ​អាជ្ញាធរ​កម្ពុជា វិញ​មាន​ចំនួន​កើន​ឡើង​ជាង ១​ម៉ឺន​នាក់ នៅ​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ។ ជន​ចំណាក​ស្រុក​កម្ពុជា ទាំង​នោះ ត្រូវ​បាន​ភាគី​ថៃ ដឹក​ជញ្ជូន​តាម​រថយន្ត​តូច​ធំ​ជាច្រើន​គ្រឿង យក​មក​ទម្លាក់​ចុះ​នៅ​ចំណុច​រង្វង់​មូល​ខាង​មុខ​ច្រក​ទ្វារ​អន្តរជាតិ​ ប៉ោយប៉ែត បណ្ដាល​ឲ្យ​មាន​ការ​កក​ស្ទះ​ចរាចរណ៍។

ទន្ទឹម​គ្នា​នេះ ក្រុម​អាជ្ញាធរ​មូលដ្ឋាន និង​អង្គការ​ក្រៅ​រដ្ឋាភិបាល កំពុង​ធ្វើ​សកម្មភាព​ជួយ​ដល់​ជន​រងគ្រោះ​ទាំង​នោះ តាម​រយៈ​ការ​ផ្ដល់​មធ្យោបាយ​ធ្វើ​ដំណើរ និង​ជំនួយ​មនុស្សធម៌​ផ្សេងៗ។
រថយន្ត​តូច​ធំ​របស់​ភាគី​ថៃ នៅ​បន្ត​កន្ទុយ​គ្នា​ដឹក​ជញ្ជូន​ពលករ​ខ្មែរ​ក្មេង​ចាស់​ប្រុស​ស្រី​ជាច្រើន​ ពាន់​នាក់ មក​ប្រគល់​ឲ្យ​អាជ្ញាធរ​កម្ពុជា តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ក្នុង​ខេត្ត​បន្ទាយមានជ័យ។ នេះ​ជា​វិធានការ​ដ៏​ធំ​សម្បើម​មិន​ធ្លាប់​មាន​ពី​មុន​មក​របស់​រដ្ឋាភិបាល​ថៃ ដឹក​នាំ​ដោយ​របប​សឹក​យោធា​ក្នុង​ការ​បោស​សម្អាត​ទៅ​លើ​ពលរដ្ឋ​ខ្មែរ​ខុស​ ច្បាប់ នៅ​ក្នុង​ទឹក​ដី​របស់​ខ្លួន។

ពលករ​ខ្មែរ​ដែល​កំពុង​សំចត​ផ្ដុំ​គ្នា​នៅ​ចំណុច​រង្វង់​មូល​ប៉ោយប៉ែត នោះ អ្នក​ខ្លះ​មាន​សក់​បាស​កន្ទ្រើង សម្លៀកបំពាក់​មិន​សូវ​មាន​អនាម័យ​យូរ​ថ្ងៃ។ អ្នក​ទាំង​នោះ​ត្រូវ​បាន​ភាគី​ថៃ ចាប់​ខ្លួន និង​អ្នក​ខ្លះ​ទៀត​មាន​ការ​ភ័យ​ខ្លាច ក៏​នាំ​គ្នា​ប្រគល់​ខ្លួន​ឲ្យ​អាជ្ញាធរ​ថៃ ចាប់​ខ្លួន ដើម្បី​បាន​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា វិញ។


ក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី ពលរដ្ឋ​ខ្មែរ​ទាំង​នោះ​ថ្លែង​ថា នៅ​ក្នុង​ប្រទេស​ថៃ ពួក​គេ​បាន​ធ្វើ​ការ​នៅ​កន្លែង​ផ្សេង​គ្នា ហើយ​មូលហេតុ​ដែល​ពួក​គាត់​នាំ​គ្នា​មក​ស្រុក​វិញ គឺ​ដោយសារ​មាន​ការ​ភ័យ​ខ្លាច​ចំពោះ​ព្រឹត្តិការណ៍​ដែល​បាន​កើត​មាន​នៅ​ក្នុង ​ប្រទេស​ថៃ៖ «គេ​ថា កុំ​នៅ​ធ្វើ​ការ​អី ព្រោះ​អី​ស្រុក​គេ​ជ្រួល​ច្របល់​អ៊ីចឹង គេ​ឲ្យ​ទៅ​ផ្ទះ មាន​តម្រួត​មាន​អី​ចុះ​ចាប់​អ៊ីចឹង មាន​ទាហាន​ចុះ​ចាប់​អ៊ីចឹង ពួក​ខ្ញុំ​ថា​មិន​ប៉ាច់​នៅ​ទេ ស្រុក​គេ​ជ្រួល​ច្របល់​ទៅ​ផ្ទះ​ទៅ​អ៊ីចឹង នាំ​គ្នា​ទៅ​ផ្ទះ...»

អ្នក​ខ្លះ​ទៀត​បញ្ជាក់​ថា ក្នុង​រយៈពេល​កន្លង​មក​នេះ មាន​ការ​ផ្សព្វផ្សាយ​នៅ​ក្នុង​ទូរទស្សន៍​របស់​ថៃ ដោយ​បាន​ប្រាប់​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ប្រទេស​ថៃ ទាំងអស់ ត្រូវ​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ប្រទេស​របស់​ខ្លួន​វិញ បើ​ពុំ​ដូច្នេះ នៅ​ពេល​រដ្ឋ​អំណាច​ថៃ ចាប់​ខ្លួន​បាន នឹង​មាន​ការ​ធ្វើ​ទារុណកម្ម​ដល់​រាង​កាយ​ធ្ងន់ធ្ងរ៖ «ខ្ញុំ​មក​ខ្លួន​ឯង ខ្ញុំ​ឮ​គេ​ប្រកាស មើល​ទូរទស្សន៍ ខ្ញុំ​មក។ គេ​ប្រកាស​ថា ឲ្យ​ខ្មែរ​ឆាប់​វិល​មក​វិញ​ក្នុង​រយៈពេល​ថ្ងៃ​ទី​២៥ នេះ ចេញ​មិន​អស់​ទេ គេ​ចាប់​បាន​គេ​នឹង​ធ្វើ​បាប​ដល់​រាង​កាយ ជិះ​ឡាន​មេ​ខ្យល់ ខ្ញុំ​ឲ្យ​ម្នាក់​អស់ ១.៨០០​បាត ហើយ​មេ​ខ្យល់​ខ្មែរ​ថៃ នឹង​យក​យើង​មក​ដាក់​ដូច​ដាក់​នៅ​ក្នុង​គុក​អ៊ីចឹង...»

ពលរដ្ឋ​ខ្មែរ​ទាំង​នោះ ភាគី​ច្រើន​ត្រូវ​គេ​ចាប់​ដាក់​នៅ​ក្នុង​រថយន្ត​ទ្រុង​ដែល​មាន​សំណាញ់​ដែក​ ហ៊ុមព័ទ្ធ​ជុំវិញ និង​ពលរដ្ឋ​ខ្មែរ​ខ្លះ​ទៀត ត្រូវ​បាន​ភាគី​ថៃ ដឹក​ជញ្ជូន​តាម​រថយន្តក្រុង។ ចំណែក​ឯ​សម្ភារៈ​ខោអាវ និង​ឥវ៉ាន់​ផ្សេងៗ​ដែល​ជា​របស់​របរ​ពលរដ្ឋ​ខ្មែរ​ទាំង​នោះ ត្រូវ​បាន​ភាគី​ថៃ ដឹក​ជញ្ជូន​ផ្ដុំ​គ្នា​តាម​រថយន្ត​ផ្សេង។

នៅ​ជុំវិញ​បរិវេណ​រង្វង់​មូល​ខាង​មុខ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ពោរពេញ​ទៅ​ដោយ​បរិយាកាស​អាប់អួ​កក​ស្ទះ​ចរាចរណ៍ ដោយសារ​កំណើន​នៃ​ការ​ដឹក​ជញ្ជូន​ពលរដ្ឋ​ខ្មែរ​របស់​រថយន្ត​ថៃ មាន​ការ​កើន​ឡើង​ឥត​ឈប់ឈរ។ អ្នក​ខ្លះ​អង្គុយ អ្នក​ខ្លះ​ឈរ និង​អ្នក​ខ្លះ​ទៀត​ដើរ​ប្រសេចប្រសាច​ពេញ​ផ្លូវ នៅ​ពេល​ពួក​គេ​រង់ចាំ​ឡើង​ជិះ​រថយន្ត​ទៅ​ស្រុក​កំណើត​វិញ៖ «...សំឡេង​ប្រកាស​ទិសដៅ​ឡើង​ឡាន...»
ពលករ​ខ្មែរ​ដែល​អាជ្ញាធរ​ថៃ ចាប់​បញ្ជូន​មក​វិញ ភាគ​ច្រើន​បាត់​បង់​សម្ភារៈ​ប្រើប្រាស់​ផ្ទាល់​ខ្លួន និង​ពុំ​មាន​នៅ​សល់​ថវិកា​ជាប់​ខ្លួន​នោះ​ទេ។ អ្នក​ខ្លះ​ទៀត​ពុំ​មាន​លទ្ធភាព​រក​មធ្យោបាយ​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​នោះ​ឡើយ។ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នេះ ជន​ចំណាក​ស្រុក​ខ្មែរ​ទាំង​នោះ អ្នក​ខ្លះ​ដេក​សម្រាក​នៅ​តាម​ចិញ្ចើម​ផ្លូវ និង​អ្នក​ខ្លះ​ទៀត ត្រូវ​បាន​អាជ្ញាធរ​ជួយ​សម្រួល​នាំ​ចូល​ទៅ​ដេក​នៅ​តាម​ទីផ្សារ​នានា​ក្នុង​ ក្រុង​ប៉ោយប៉ែត។

ស្ថានភាព​លំបាក​នេះ គេ​សង្កេត​ឃើញ​ថា នៅ​ពុំ​ទាន់​បាន​ធូរ​ស្បើយ​នៅ​ឡើយ។ នៅ​ជុំវិញ​បរិវេណ​រង្វង់​មូល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត សមត្ថកិច្ច​ប៉ូលិស និង​អាជ្ញាធរ​មូលដ្ឋាន បាន​មមាញឹក​ក្នុង​សម្រួល​ចរាចរណ៍​ដែល​កំពុង​កក​ស្ទះ​តាំង​ពី​ព្រឹក​រហូត​ដល់ ​យប់។
«សំឡេង»

ទន្ទឹម​គ្នា​នេះ ពលរដ្ឋ​ខ្មែរ​ទាំង​នោះ​ក៏​បាន​ជួប​ប្រទះ​នូវ​ការ​ខ្វះ​ស្បៀង នៅ​ពេល​ពួក​គេ​ត្រូវ​បាន​អាជ្ញាធរ​ថៃ បញ្ជូន​ដល់​ទឹក​ដី​កម្ពុជា វិញ។ ដោយ​មើល​ឃើញ​ពី​ស្ថានភាព​លំបាក​នេះ ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ក្រុង​ប៉ោយប៉ែត អ្នក​ខ្លះ​បាន​ជួយ​ឧបត្ថម្ភ​បាយ​ទឹក​ដល់​ជន​រងគ្រោះ​ទាំង​នោះ តាម​រយៈ​អាជ្ញាធរ​មូលដ្ឋាន។ ក្រៅ​ពី​នេះ គេ​ក៏​សង្កេត​ឃើញ​ក្រុម​យុវជន​កាកបាទក្រហម បាន​ចុះ​ធ្វើ​សកម្មភាព​មនុស្សធម៌​ចែក​បាយ និង​ទឹក​ដូច​គ្នា​ដែរ។

អភិបាល​ក្រុង​ប៉ោយប៉ែត លោក ង៉ោ ម៉េងជ្រួញ មាន​ប្រសាសន៍​ថា នៅ​ថ្ងៃ​ទី​៧ ខែ​មិថុនា ចំនួន​ពលករ​ខ្មែរ​មាន​ជាង ១​ពាន់​នាក់ ដែល​គេ​ចាប់​បញ្ជូន​មក​ពី​ប្រទេស​ថៃ។ ចំនួន​នេះ កើន​ឡើង​ខុស​ប្រក្រតី។ លោក​ថា ពលករ​ខ្មែរ​ទាំង​នោះ​ពុំ​មែន​ជា​អ្នក​ជាប់​ពន្ធនាគារ​ទេ តែ​ពួក​គេ​សុទ្ធ​សឹង​ជា​អ្នក​កំពុង​ធ្វើ​ការងារ​នៅ​ក្នុង​ប្រទេស​ថៃ។

លោក​អភិបាល​ក្រុង​បញ្ជាក់​ថា ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ថៃ មាន​ការ​ព្រួយ​បារម្ភ និង​ភ័យ​ខ្លាច​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន ដោយសារ​តែ​នៅ​តាម​រោងចក្រ​ដែល​មាន​ប្រជាពលរដ្ឋ​ខ្មែរ​កំពុង​ធ្វើ​ការ​នោះ គឺ​រដ្ឋ​អំណាច​ថៃ មាន​ការ​ចុះ​ឆែកឆេរ​រក​មើល​ពលករ​ស្រប​ច្បាប់ និង​មិន​ស្រប​ច្បាប់៖ «អ៊ីចឹង​ហើយ​បាន​យើង​ដឹង​ព័ត៌មាន​ជា​បន្ទាន់...»

ក្រុម​អាជ្ញាធរ​ទន្ទឹម​គ្នា​នេះ ក៏​បាន​សហការ​ជាមួយ​អង្គការ អាយ.អូ.អិម (IOM) ដឹក​ជញ្ជូន​ពលករ​ខ្មែរ​ទាំង​នោះ​ទៅ​តាម​បណ្ដា​ខេត្ត​នានា ដោយ​ពុំ​មាន​យក​ថវិកា​នោះ​ឡើយ។ រហូត​មក​ដល់​ថ្ងៃ​ទី​១២ ខែ​មិថុនា ក្រុម​អាជ្ញាធរ និង​កង​កម្លាំង​មាន​សមត្ថកិច្ច ដោយ​បាន​សហការ​គ្នា​ជាមួយ​អង្គការ អាយ.អូ.អិម បាន​ត្រៀម​រថយន្ត​រហូត​ដល់​ជាង ២០​គ្រឿង។ សម្រាប់​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ខេត្ត​ស្វាយរៀង ខេត្ត​ព្រៃវែង និង​ខេត្ត​ឆ្ងាយ​ផ្សេង​ទៀត អាជ្ញាធរ​បាន​ត្រៀម​ដឹក​ជញ្ជូន​អ្នក​ទាំង​នោះ​ដោយ​រថយន្តក្រុង៖ «សំឡេង»

ប្រធាន​អង្គការ​ខារ៉ាម​កម្ពុជា លោក យ៉ា ណាវុធ ថ្លែង​ថា កន្លង​មក​នេះ អង្គការ​លោក​ទទួល​បាន​ពាក្យ​បណ្ដឹង​ច្រើន​ពី​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ពួក​គាត់​សុំ​ឲ្យ​ជួយ​យក​ចេញ​ពី​ប្រទេស​ថៃ។ ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​នោះ​មាន​ការ​ភ័យ​ខ្លាច​ចំពោះ​ស្ថានភាព​ក្នុង​ប្រទេស ​ថៃ ដែល​កំពុង​អនុវត្ត​ច្បាប់​អាជ្ញាសឹក​គ្របគ្រង​ដោយ​របប​យោធា។ លោក​ថា ពលរដ្ឋ​ខ្មែរ​ទាំង​នោះ​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ខ្លាំង​ណាស់​នៅ​ក្នុង​ ប្រទេស​ថៃ៖ «គាត់​ពិបាក​ក្នុង​ការ​ដើរ​ទៅ​កាន់​កន្លែង​ណា​មួយ​ណាស់ ដោយសារ​តែ​មាន​ការ​ពង្រាយ និង​កម្លាំង​ប្រដាប់​អាវុធ​ផ្សេងៗ​នៅ​ក្នុង​ប្រទេស​ថៃ។ អ៊ីចឹង​ហើយ​សេរីភាព​នៅ​ក្នុង​ការ​ដើរ​ហើរ​របស់​គាត់​ហ្នឹង គឺ​ត្រូវ​រឹតត្បិត ហើយ​មិន​អាច​ធ្វើ​ការ​ជួប​ជុំ​គ្នា​នៅ​កន្លែង​ណា​មួយ​បាន​ទេ»

អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក គោ ស៊ុំសារឿត មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កម្ពុជា ថ្មីៗ​នេះ​បាន​ដាក់​បញ្ជា​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​ជួយ​ដល់​ពលករ​ខ្មែរ ដោយ​យក​ចិត្ត​ទុក​ដាក់​បំផុត​ទាំង​មធ្យោបាយ​ដឹក​ជញ្ជូន និង​ការ​ហូប​ចុក។ ទន្ទឹម​គ្នា​នេះ អាជ្ញាធរ​បាន​បញ្ជូន​មន្ត្រី​សុខាភិបាល និង​គ្រូពេទ្យ​ចុះ​ប្រចាំ​ការ ចាំ​ជួយ​សង្គ្រោះ​ដល់​ពលករ​ខ្មែរ​ដែល​គេ​ដឹក​បញ្ជូន​មក​ពី​ប្រទេស​ថៃ មក​កម្ពុជា៖ «សំឡេង»

មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា លោក កុយ គួង បញ្ជាក់​ថា មាន​កត្តា​អកុសល​មួយ​ចំនួន​ដែល​នាំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ភ័យ​ខ្លាច និង​នាំ​គ្នា​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា វិញ។ កត្តា​មួយ​ទៀត គឺ​ដោយសារ​អាជ្ញាធរ​ថៃ ប្រកាស​ឲ្យ​រោងចក្រ​ទាំងអស់​នៅ​ក្នុង​ប្រទេស​ថៃ ឈប់​ប្រើ​ពលករ​ខុស​ច្បាប់។

អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ បញ្ជាក់​ថា គិត​ពី​ថ្ងៃ​ទី​៧ រហូត​ដល់​ថ្ងៃ​ទី​១២ ខែ​មិថុនា នេះ ចំនួន​ពលករ​ខ្មែរ​ដែល​អាជ្ញាធរ​ថៃ ចាប់​បញ្ជូន​មក​វិញ​នេះ​មាន​ចំនួន​កើន​ឡើង​រហូត​ដល់​ជាង ១​ម៉ឺន​នាក់៕

No comments:

Post a Comment

yes