លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានមានប្រសាសន៍ប្រាប់គេហទំព័រ CEN កាលពីព្រឹកថ្ងៃទី១០ ខែមិថុនា ឲ្យដឹងថា នេះគឺជាពាក្យសំដី និងកាយវិការវិជ្ជមាន ពីព្រោះស្របទៅនឹងសំណើរបស់គណបក្សសង្គ្រោះជាតិ បើមានសេចក្តីសម្រេចបែបនេះ របស់ថ្នាក់កំពូលរបស់គណបក្សប្រជាជនកម្ពុជា លោកជឿថា ការជជែកគ្នា ច្បាស់ជាឈានទៅមុខឆាប់ ហើយកាន់តែប្រសើរថែមទៀត។
លោក សម រង្ស៊ី បានបញ្ជាក់ថា "អ្វីដែលជាវិជ្ជមាន គឺយើងទទួលយក ពីព្រោះអ្វីដែលខ្ញុំហៅថា វិជ្ជមាននេះ គឺស្របទៅនឹងឆន្ទះខ្មែរ ប្រជារាស្ត្រចង់ឲ្យមានការបោះឆ្នោតត្រឹមត្រូវ កុំឲ្យមានបញ្ហាដូចមុនទៀត ហើយដើម្បីឲ្យមានការបោះឆ្នោតត្រឹមត្រូវ ត្រូវតែធានាឯកភាព នៃគ.ជ.ប ហើយដើម្បីធានា នៃឯករាជ្យភាពរបស់ គ.ជ.ប ដាក់គ.ជ.ប នៅក្នុងរដ្ឋធម្មនុញ្ញ គឺជួយយ៉ាងខ្លាំងពីព្រោះថា បើមិននៅក្នុងរដ្ឋធម្មនុញ្ញទេ នៅតែត្រឹមកម្រិតច្បាប់។ ច្បាប់គេចង់ដូរតាមចិត្ត ដូរគ្រប់ពេលវវេលា ទោះជាថា ល្អតាំងពីដើមទី ប៉ុន្តែស្រាប់តែកែច្បាប់ឲ្យទៅជាអ្វីដែលខុសពីអ្វី ដែលយើងចង់បានពីដើមទី នឹងនាំមកនូវការខកចិត្ត។ តែបើដាក់នៅក្នុងរដ្ឋធម្មនុញ្ញ ចែងឲ្យច្បាស់ពីគ.ជ.ប សមាសភាព តួនាទី គ.ជ.ប សូម្បីលក្ខន្តិកៈ គ.ជ.ប ឲ្យបានច្បាស់លាស់ថា វិធីជ្រើសរើសសមាជិក គ.ជ.ប គឺត្រូវតែមានការឯកភាពពីគណបក្ស ដែលមានអាសនៈនៅក្នុងរដ្ឋសភា ហើយតែងតាំងក៏ត្រូវមានការឯកភាពបែបនឹង"។
លោក សម រង្ស៊ី បានបន្តថា មានតែដាក់នៅក្នុងរដ្ឋធម្មនុញ្ញ បានធានាថា ការឯកភាពនេះ គឺច្បាស់ជាតម្រូវឲ្យទាំងអស់គ្នា ខិតខំស្វែងរកឯកភាពនេះ។ បើមិនមាននៅក្នុងរដ្ឋធម្មនុញ្ញទេ តែ ៥០ភាគរយ បូកមួយ គឺគេចង់ផ្លាស់ប្តូរ តាមចិត្តនៅពេលក្រោយ។ យើងនឹងជួបការលំបាកនៅពេលក្រោយ។ តែបើមានការចែងបែងនេះ តាំងពីដើមទីនៅក្នុងរដ្ឋធម្មនុញ្ញ គឺនាំមកនូវការកក់ក្តៅ ការជឿទុកចិត្តគ្នាទៅវិញទៅមក។ អ្វីដែលមានការបញ្ជាក់ថា នឹងដាក់ គ.ជ.ប នៅក្នុងរដ្ឋធម្មនុញ្ញ ចែងឲ្យច្បាស់អំពីលក្ខន្តិកៈ សមាសភាព គ.ជ.ប ហើយត្រូវមានលក្ខណៈស្វ័យត មានថវិកាខ្លួនឯង ជ្រើសរើសបុគ្គលិកខ្លួនឯង ពេលទៅចុះឈ្មោះ គ.ជ.ប មានបុគ្គលិកខ្លួនឯង ចុះឈ្មោះ ស្រង់ឈ្មោះប្រជាពលរដ្ឋ គឺជាការធានាថា គ.ជ.ប អាចនឹងជឿទុកចិត្តបាន។
ជាការកត់សម្គាល់ នៅព្រឹកថ្ងៃទី១០មិថុនានេះ នៅខេត្តកំពត សម្តេចហ៊ុនសែន បានប្រកាសថា គណបក្សប្រជាជនកម្ពុជា បានឯកភាព តាមការស្នើសុំរបស់គណបក្សសង្គ្រោះជាតិ ដើម្បីដាក់ស្ថាប័នគជប ទៅក្នុងរដ្ឋធម្មនុញ្ញ។ ក្នុងនោះ សម្តេចហ៊ុនសែន បានប្រកាសថា នឹងមានការកែប្រែរដ្ឋធម្មនុញ្ញ ដោយបន្ថែមមួយជំពូកទៀត គឺជំពូកទី១៥ ចែងពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គជប កំណត់ពីតួនាទី ភារកិច្ច និងរបៀបជ្រើសតាំង។
ប៉ុន្តែសម្តេចហ៊ុនសែន ក៏បានប្រកាសថា ការទាមទារឲ្យបោះឆ្នោតឡើងវិញ គឺមិនអាចទៅរួចទេ។ តែបើត្រឹមកែថ្ងៃបោះឆ្នោត ដោយការបោះឆ្នោតឃុំសង្កាត់ ធ្វើនៅខែកុម្ភៈ ឆ្នាំ២០១៧ និងការបោះឆ្នោតជាតិ ធ្វើនៅខែកុម្ភៈ ឆ្នាំ២០១៨ គឺគណបក្សប្រជាជនកម្ពុជា យល់ព្រម។
សម្តេចហ៊ុនសែន ក៏បានព្រមានដល់គណបក្សសង្គ្រោះជាតិ និងថ្នាក់ដឹកនាំបក្សប្រឆាំង រួមទាំងអង្គទូតបរទេស កុំឲ្យធ្វើបាតុកម្ម តវ៉ា ដូចនៅប្រទេសថៃ ឬក៏ប្រទេសអេហ្ស៊ីប និងកុំលូកដៃ ចូលក្នុងនយោបាយផ្ទៃក្នុងកម្ពុជា។ កម្ពុជា មិនដូចប្រទេសថៃ និងអេហ្ស៊ីប នោះទេ។
លោកសមរង្ស៊ី បានគូសបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ នឹងចូលប្រជុំរដ្ឋសភា ដើម្បីកែប្រែរដ្ឋធម្មនុញ្ញ បើសិនជា មានការព្រមព្រៀងជាលាយលក្ខណ៍អក្សរ លើការដាក់បញ្ចូលគជប ក្នុងរដ្ឋធម្មនុញ្ញ។ គឺមិនមែនព្រមព្រៀងតែមាត់ទទេនោះឡើយ៕
No comments:
Post a Comment
yes