គណបក្សសង្គ្រោះជាតិ បានស្វាគមន៍ចំពោះការយល់ព្រមរបស់សម្តេចតេជោនាយក រដ្ឋមន្ត្រី ហ៊ុន សែន ដែលបានយល់ព្រមដាក់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.) នៅក្នុងរដ្ឋធម្មនុញ្ញ និងការយល់ព្រមឲ្យគណបក្សសង្គ្រោះជាតិ បង្កើតទូរទស្សន៍តាមការស្នើសុំ។
លោកយ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានប្រាប់គេហទំព័រ CEN នៅព្រឹកថ្ងៃទី១០ ខែមិថុនានេះថា ការយល់ព្រមរបស់លោកនាយករដ្ឋមន្ត្រី គឺជាចំណុចវិជ្ជមានមួយ ដើម្បីបើកផ្លូវជជែករកដំណោះស្រាយវិបត្តិនយោបាយនៅកម្ពុជា មាន៣ចំណុច ទាក់ទងទៅនឹងកំណែទម្រង់កិច្ចការបោះឆ្នោត, ទាក់ទងប្រព័ន្ធផ្សព្វផ្សាយវិទ្យុនិងទូរទស្សន៍ និងកាលបរិច្ឆេទការបោះឆ្នោត។
លោក បានបញ្ជាក់ថា អ្វីដែលលោកនាយករដ្ឋមន្ត្រី មានប្រសាសន៍ គឺជាចំណុចវិជ្ជមាន ដែលអាចបើកផ្លូវឲ្យយើងរកដំណោះស្រាយវិបត្តិនយោបាយបាននៅក្នុងពេលដ៏ខ្លី ហើយទាក់ទងការចរចា រវាងគណបក្សទាំងពីរ រហូតមកដល់ពេលនេះ គណបក្សសង្គ្រោះជាតិ នៅរង់ចាំការឆ្លើយយតបពីគណបក្សប្រជាជនកម្ពុជា ដើម្បីធ្វើសំណើត្រឡប់មកវិញ ពាក់ព័ន្ធទៅនឹងកំណែទម្រង់កិច្ចការបោះឆ្នោត។ លោកបន្តថា ប្រមុខដឹកនាំរដ្ឋាភិបាល មានប្រសាសន៍ដូច្នេះ ហាក់ដូចជាបើកផ្លូវមួយយ៉ាងធំ ដើម្បីដោះស្រាយដែលនៅសេសសល់បាន ហើយអ្វីដែលប្រមុខរាជរដ្ឋាភិបាលយល់ព្រម ឲ្យគណបក្សសង្គ្រោះជាតិ បង្កើតទូរទស្សន៍ និងដាក់ គ.ជ.ប ក្នុងរដ្ឋធម្មនុញ្ញ គឺជាសំណើរបស់គណបក្សសង្គ្រោះជាតិ ហើយសុច្ឆន្ទៈនៅក្នុងការដោះស្រាយ អាចឈានទៅដល់ការដោះស្រាយវិបត្តិនយោបាន៕
No comments:
Post a Comment
yes