លោក សម រង្ស៊ី និងលោក ហ៊ុន សែន ក្នុងជំនួប
ជាមួយគ្នានាពេលកន្លងមក
ក្រុម
អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ
កំពុងត្រៀមខ្លួនចូលប្រជុំសភាជាផ្លូវការក្នុងពេលដ៏ឆាប់ខាងមុខ
នេះហើយ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
បានប្រកាសឯកភាពដាក់ស្ថាប័ន គ.ជ.ប ឲ្យមានចែងក្នុងរដ្ឋធម្មនុញ្ញ។
នេះបើតាមការបញ្ជាក់របស់លោក សុន ឆ័យ
ប្រធានក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ។
សម្រាប់មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងរូបនេះ
គណបក្សជាប់ឆ្នោតទាំងពីរ
បានព្រមព្រៀងជាគោលការណ៍ក្នុងការបញ្ចប់ទំនាស់នយោបាយហើយ។
ទំនាស់នយោបាយដែលបានអូសបន្លាយរយៈពេលជិត១ឆ្នាំមកនេះ
ទំនងជាដល់ពេលបញ្ចប់នៅខែកក្កដាខាងមុខនេះហើយ។ លោក សុន ឆ័យ
ប្រធានក្រុមចរចាគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ប្រាប់គេហទំព័រថ្មីៗ
នៅរសៀលថ្ងៃអង្គារនេះ ថាក្រុមអ្នកតំណាងរាស្ត្រទាំង៥៥រូប
របស់គណបក្សសង្គ្រោះជាតិបានត្រៀមខ្លួនរួចរាល់ហើយ
ដើម្បីស្បថចូលសភា។
ជាការចូលប្រជុំដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ
ដើម្បីឲ្យស្ថាប័នរៀបចំការបោះឆ្នោត គ.ជ.ប
មានចែងក្នុងទំព័រនៃច្បាប់ដ៏កំពូលមួយនេះ។
ឆ្លើយតបនឹងការឯកភាពដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ដែលយល់ព្រមដាក់ស្ថាប័ន គ.ជ.ប អោយមានចែងក្នុងរដ្ឋធម្មនុញ្ញនោះ លោក
សុន ឆ័យ ដែលអះអាងថា លោកកំពុងស្ថិតនៅខេត្តនោះ
បានបញ្ជាក់ច្បាស់ៗយ៉ាងដូច្នេះ៖
«ជារួមយើងបានព្រមព្រៀងជាគោលការណ៍ដែលឈានទៅបញ្ចប់ទំនាស់ហើយ។
នៅថ្ងៃស្អែកខ្ញុំនឹងត្រឡប់ទៅភ្នំពេញ
ហើយយើងនឹងដឹកនាំក្រុមការងារជួបគ្នាម្ដងទៀតជាមួយ
ក្រុមការងារគណបក្សប្រប្រជាជន ដើម្បីលម្អិតពីការដាក់ គ.ជ.ប
ក្នុងរដ្ឋធម្មនុញ្ញ»។
បើតាមលោក សុន ឆ័យ
ទំនាស់នយោបាយទំនងជានឹងបញ្ចប់មិនឲ្យលើសពីខែកក្កដាខាងមុខនោះទេ
ហើយថា បន្ទាប់ពីក្រុមងារងារជួបពិភាក្សាគ្នារូចរាល់ហើយនោះ
ថ្នាក់ដឹកនាំកំពូលនៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ
នឹងជួបគ្នាចុះហត្ថលេខា ដើម្បីបញ្ជាក់ពីការធ្វើកំណែទម្រង់ គ.ជ.ប
និងប្រព័ន្ធផ្សព្វផ្សាយ។ គឺបន្ទាប់ពីការចុះហត្ថលេខានោះហើយ ដែលលោក
សុន ឆ័យ បញ្ជាក់ថា៖ «យើងនឹងចូលសភាធ្វើកំណែទម្រង់»។
គួរបញ្ជាក់ថា អនុប្រធានគណបក្សប្រជាជនកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន
សែន នៅថ្ងៃអង្គារនេះ
បានប្រកាសឯកភាពតាមការស្នើសុំរបស់គណបក្សសង្គ្រោះជាតិ
ដែលទាមទារឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមានចែងក្នុង
រដ្ឋធម្មនុញ្ញ។ សម្រាប់លោកនាយករដ្ឋមន្ត្រី ការឯកភាពនេះ
ទាមទារឲ្យគណបក្សសង្គ្រោះជាតិចូលប្រជុំសភាដើម្បីវិសោធនកម្ម
រដ្ឋធម្មនុញ្ញ៕
No comments:
Post a Comment
yes