លោក ហ៊ុនសែន រូបនាពេលកន្លងមក
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃអង្គារនេះ
បញ្ជាក់ជាថ្មីទៅគណបក្សសង្គ្រោះជាតិថា
គណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច
នឹងមិនអនុញ្ញាតឲ្យមានការបោះឆ្នោតឡើងវិញមុនឆ្នាំ២០១៨ជា ដាច់ខាត
ដោយសារតែនេះខុសពីរដ្ឋធម្មនុញ្ញកម្ពុជា។
ក្នុងពិធីសំណេះសំណាលជាមួយយោធិនពិការនៅខេត្តកំពត
លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា
លោកឯកភាពនឹងការស្នើសុំរបស់គណបក្សសង្គ្រោះជាតិក្នុងការធ្វើ
វិសោធនកម្មរដ្ឋធម្មនុញ្ញ ដោយដាក់គជបក្នុងជំពូក១៥នៃរដ្ឋធម្មនុញ្ញ
ដើម្បីចែងពីតួនាទី ភារកិច្ច និងការជ្រើសរើស។ លោកហ៊ុន សែនបន្តថា
លោកអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិបង្កើតទូរទស្សន៍
តែក្នុងករណីសហការជាមួយក្រុមហ៊ុនឯកជន
ដើម្បីការពារកុំឲ្យគណបក្សនយោបាយផ្សេងទៀត
ទាមទារហ្វ្រេកង់ទូរទស្សន៍តាមតែចិត្ត។
លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា
លោកមិនឲ្យមានការបោះឆ្នោតឡើងវិញជាដាច់ខាត
គឺបោះឆ្នោតនៅក្នុងឆ្នាំកុម្ភៈ ឆ្នាំ២០១៨ ឬរក្សាខែកក្កដា
ឆ្នាំ២០១៨ដដែល។លោកបញ្ជាក់ថា«កុំសង្ឃឹមថាមានការបោះឆ្នោតឡើងវិញ»។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម ប៉ុញ្ញឬទ្ធិ លើកឡើងថា
ការអនុញ្ញាតឲ្យបក្សប្រឆាំងបង្កើតស្ថានីយទូរទស្សន៍នេះ
គឺជាចំណុចវិជ្ជមានមួយដែលគណបក្សសង្គ្រោះជាតិបានទាមទារក្នុងការចរចា។ លោកថា
វាក៏ជាចំណុចមួយដែលបង្ហាញពីការឈានទៅរកដោះស្រាយវិបត្តិនយោបាយ។
លោកនាយករដ្ឋមន្ត្រីបន្តថា ការបោះឆ្នោតឡើងវិញ ខុសពីរដ្ឋធម្មនុញ្ញ
ហើយលោកការពាររដ្ឋធម្មនុញ្ញ ជាតិ សាសនា និងព្រះមហាក្សត្រ។ លោកបន្ថែមថា
គណបក្សសង្គ្រោះជាតិ មិនមានចេតនាពិតប្រាកដក្នុងការដោះស្រាយបញ្ហា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃនេះ
ក៏បានព្រមានចាប់ខ្លួនថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ
ក្នុងករណីចាំបាច់ណាមួយ
ប្រសិនបើលោកអស់ការអត់ធ្មត់នឹងគណបក្សប្រឆាំងដែលតែងតែបំផ្លើសការពិត
និងដើរតវ៉ាជាបន្តបន្ទាប់។លោកថ្លែងសំដៅទៅរកគណបក្សប្រឆាំងថា«....
ផ្លូវច្បាប់មិនទាន់រួចខ្លួនទេ នេះមិនមែនគំរាមទេ
អត់អភ័យឯកសិទ្ធិផង.... ពេលមានការចាំបាច់
ដីកាតុលាការចាប់ខ្លួនតែម្តង»។
លោកនាយករដ្ឋមន្ត្រីលើកឡើងបែបនេះជាការព្រមានចាត់វិធាននឹងអ្នក
ដែលបញ្ចេញពាក្យចរចាមអារ៉ាមដែលលោកសំដៅទៅរកគណបក្សសង្គ្រោះជាតិ
ថា លោកដាច់សរសៃឈាមខួរក្បាលស្លាប់។
លោកថាក្នុងករណីលោកដាច់សរសៃឈាម អ្នកបន់ឲ្យលោកស្លាប់
គួរតែវេចបង្វេចឲ្យស្រួល ព្រោះការបញ្ជាកម្លាំងរួម
គឺចេញពីលោកតែមួយគត់។
លោកនាយករដ្ឋមន្ត្រី
មិនបានបញ្ជាក់ថាតើការចាប់ខ្លួននោះដោយសារមូលហេតុអ្វីនោះទេ
តែលោកថា
ផ្លូវច្បាប់មិនទាន់រួចខ្លួនទេចំពោះការញុះញង់ឲ្យខូច
ទ្រព្យសម្បត្តិ និងស្លាប់មនុស្សកាលពីកន្លងទៅ។
VOD មិនទាន់អាចទាក់ទងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដើម្បីសុំការអត្ថាធិប្បាយលើបញ្ហានេះបាននៅឡើយទេ៕
No comments:
Post a Comment
yes