គណៈកម្មការចាស់វត្តស្រះតាចាន់ ស្ថិតនៅឃុំសែនដី
ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ត្រូវបានធម្មការស្រុក ប្រកាសរំសោយកាលពីថ្ងៃទី២៧
មិថុនា ២០១៤ នៅបន្ទាប់ពីព្រះចៅអធិការវត្ត គណៈកម្មការវត្ត ព្រមទាំងពុទ្ធបរិស័ទ្ធបានមូលមតិគ្នា
អញ្ជើញលោកអនុប្រធាន កឹម សុខា ជាអធិបតីក្នុងពិធីបុណ្យឆ្លងស្រះទឹក ។
ការសម្រេចក្នុងការរំសាយគណៈកម្មការចាស់វត្តស្រះតាច័ន្ទ
របស់ធម្មការស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៧ មិថុនា ២០១៤
ក្រោមវត្តមានអនុគុណស្រុកព្រះនាម ហេង អភិបាលរងស្រុក និងលោកមេឃុំសែនដី ប៉ិច ចាន់
រួមជាមួយសមាជិកក្រុមប្រឹក្សាឃុំសែនដីរបស់គណបក្សប្រជាជន ។
លោក សាយ ចំរើន ក្រុមប្រឹក្សាស្រុកសំរោងទង
របស់គណបក្សសង្គ្រោះជាតិ ប្រាប់កម្មវិធី សម្លេងសង្គ្រោះជាតិ ឲ្យដឹងថា
នៅបន្ទាប់ពីការរំសាយគណៈកម្មការវត្តចាស់ ធម្មការស្រុក ដែល មានព្រះតេជគុណ ហេង ជាអនុគុណស្រុក
បានធ្វើការប្រកាសជ្រើសរើសគណៈកម្មការវត្តស្រះតាច័ន្ទថ្មី
ដោយក្នុងនោះបានធ្វើការជ្រើសរើសលោក ប៉ិច ចាន់ មេឃុំសែនដី ជាអាចារ្យវត្ត លោក អ៊ូ ភឿន
ក្រុមប្រឹក្សាឃុំសែនដី គណបក្សមកពីគណបក្សប្រជាជន ជាប្រធានគណៈកម្មការវត្តស្រះតាចាន់ថ្មី
។
លោកតា សួស អ៊ីម វ័យ៧៣ឆ្នាំ
ប្រធានគណៈកម្មការវត្តស្រះតាចាន់ចាស់ លោកតាមានប្រ សាស៏ថា
ទង្វើខាងលើរបស់ធម្មការស្រុក រួមជាមួយអាជ្ញាធរ ក្នុងការរំសាយគណៈកម្មការវត្តចាស់ចោល
គឺជារឿងអយុត្តិធម៌បំផុត ដោយគ្រាន់តែចៅអធិការវត្ត គណៈកម្មការ បានអញ្ជើញលោកអនុប្រធាន
កឹម សុខា ធ្វើជាអធិបតីក្នុងពិធីបុណ្យឆ្លងស្រះទឹកវត្តនោះ ។
គួរជំរាបជូនថា កាលពីថ្ងៃទី១៩ មិថុនា ២០១៤
គណៈកម្មការវត្តស្រះតាចាន់ ដែលមានលោកតា សួស អ៊ីម ជាប្រធាន
បានសុំច្បាប់អនុញ្ញាតពីអាជ្ញាធរឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
ដើម្បីប្រារព្វពិធីបុណ្យឆ្លងស្រះទឹក វត្តស្រះតាច័ន្ទ
ក្រោមអធិបតីភាពរបស់លោកអនុប្រធាន កឹម សុខា នៅថ្ងៃទី២៥ មិថុនា ២០១៤
ត្រូវបានអាជ្ញាធរធ្វើការបដិសេធ ។
ការបដិសេធរបស់អាជ្ញាធរ
ដោយសារតែសម្លេងឆ្នោតរបស់គណបក្សសង្គ្រោះជាតិ នៅឃុំសែនដី ទទួលបានការគាំទ្រពីពលរដ្ឋច្រើនលើសលប់
ហើយអាជ្ញាធរ ព្រមទាំងគណបក្សប្រជាជនលើកឡើងថា វត្តស្រះតាច័ន្ទ
សមិទ្ធិផលនានាក្នុងវត្ត ភាគច្រើនគឺជាការកសាងរបស់គណបក្សប្រជាជន
ហេតុដូច្នេះគេមិនអនុញ្ញាត្តិឲ្យមានវត្តមានគណបក្សសង្គ្រោះជាតិ
ចូលរួមកសាងនៅក្នុងវត្តស្រះតាច័ន្ទឡើយ ។
ការបដិសេធរបស់អាជ្ញាធរ និងគណបក្សប្រជាជន
ត្រូវបានទទួលរងការរិះគន់យ៉ាងចាស់ដៃពីសំ ណាក់ពលរដ្ឋក្នុងមូលដ្ឋាន ដោយការរើសអើងគណបក្សនយោបាយសូម្បីតែការធ្វើបុណ្យទាន
ដែលនេះ បញ្ជាក់ឲ្យឃើញថា គណបក្សប្រជាជន ធ្វើបុណ្យកសាងសមិទ្ធិផលនានានៅតាមទីវត្តអារាម
ឬតាមទីដទៃៗ គឺដើម្បីប្រជាប្រិយភាពគណបក្សរបស់ខ្លូនតែប៉ុណ្ណោះ ៕
No comments:
Post a Comment
yes