កូដកម្មទាមទារប្រាក់ខែគោលរបស់កម្មករ នាពេលកន្លងមក
នៅរាជធានីភ្នំពេញ (រូបថត៖ តាត ឧត្តម)
សហភាពសហជីពកម្ពុជា បដិសេធចំពោះការកំណត់ប្រាក់ឈ្នួលគោលកម្មករ
ដោយការបោះឆ្នោតរបស់គណៈកម្មការប្រឹក្សាការងារ ដែលកំណត់យកថ្ងៃទី០១
ខែមករា ឆ្នាំ២០១៥ ជាកាលបរិច្ឆេទ សម្រាប់ប្រាក់ឈ្នួលអប្បរមា
ផ្នែកកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង។
សេចក្តីថ្លែងការណ៍របស់សហភាពសហជីពកម្ពុជា ចុះហត្ថលេខាដោយលោក
រ៉ុង ឈុន កាលពីថ្ងៃទី០១ ខែកក្កដា អះអាងថា
ការសម្រេចរបស់គណៈកម្មាការប្រឹក្សាការងារនេះ
មិនបានបម្រើផលប្រយោជន៍ដល់កម្មករ-និយោជិត
ដោយសារតែសមាសភាពគណៈកម្មាការនេះ ភាគច្រើនលើសលប់មកពីខាងរដ្ឋាភិបាល
ហើយការសម្រេចនេះគ្រាន់តែបម្រើផលប្រយោជន៍ឲ្យនិយោជកតែប៉ុណ្ណោះ។
សេចក្តីថ្លែងការណ៍បន្តថា កម្មករ
កម្មការិនីបម្រើការងារគ្រប់វិស័យដែលបានធ្វើការទាមទារដំឡើង
ប្រាក់ឈ្នួលអប្បបរមា ១៦០ដុល្លារ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣
មិនទាន់មានដំណោះស្រាយ។ បញ្ហានេះតំណាងសមាគម
និងសហជីពបានចេញសេចក្តីថ្លែងការណ៍រួម កាលពីថ្ងៃទី២៣ ខែមិថុនា
ឆ្នាំ២០១៣ កំណត់យកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៤
ជាកាលបរិច្ឆេទប្រាក់ឈ្នួលអប្បបរមា១៦០ដុល្លារ។
សេចក្តីថ្លែងការណ៍ដដែល
បានស្នើឲ្យប្រធានគណៈកម្មាការប្រឹក្សាការងារពិចារណាឡើងវិញ
ដើម្បីបញ្ជៀសបាតុកម្មកុំឲ្យកើតមានបន្តទៀត។
ចាប់តាំងពីចុងឆ្នាំ២០១៣ រហូតមកដល់ពេលនេះ
កម្មករបានធ្វើបាតុកម្មជាបន្តបន្ទាប់
ដើម្បីទាមទារដំឡើងប្រាក់ឈ្នួលគោលអប្បបរមាចំនួន១៦០ដុល្លារ
ក្នុងមួយខែ។ ប៉ុន្តែការទាមទារនោះ ធ្វើឲ្យសមត្ថកិច្ចបាញ់បង្ក្រាប
បណ្តាលឲ្យមនុស្ស៧នាក់ស្លាប់ជាបន្តបន្ទាប់ ខណៈជិត៤០នាក់រងរបួស
និង២៣នាក់ត្រូវបានចាប់ឃុំខ្លួន តែទើបត្រូវបានតុលាការដោះលែងវិញ៕
No comments:
Post a Comment
yes