កម្ពុជាស្នើឲ្យមានអ្នកសង្កេតការណ៍អាស៊ានដើម្បី
ត្រួតពិនិត្យការឈប់បាញ់
នៅពេលវិលត្រឡប់មកពីកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជា
ជាតិ នៅថ្ងៃពុធនេះ លោកប្រមុខការទូត ហោ ណាំហុង បានថ្លែងថា ក្នុងកិច្ច
ប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន នាថ្ងៃទី២២កុម្ភៈ ឆ្នាំ២០១១ នៅទីក្រុងហ្សាការតាលោកនឹងស្នើឲ្យមានអ្នកសង្កេតការណ៍អាស៊ាន មកត្រួត
ពិនិត្យមើលការឈប់បាញ់ នៅតំបន់ព្រំដែនព្រះវិហារ។ ការលើកឡើងនេះធ្វើឡើងចំពេលដែលកងទ័ពថៃ នៅយប់មិញ បានគប់គ្រាប់បែក និងបាញ់កាំភ្លើងត្បាល់ ព្រមទាំងកាំភ្លើងយន្តជាច្រើនគ្រាប់ ចូលទឹកដីកម្ពុជា នៅតំបន់ភ្នំទ្រព្យ ស្ថិតនៅចម្ងាយប្រមាណ ១៦០០ ម៉ែត្រពីព្រំដែន ក្នុងតំបន់ជុំវិញប្រាសាទព្រះវិហារ។
ដោយ លី ម៉េងហួរ
ការទាមទារឲ្យមានអ្នកសង្កេតការណ៍អាស៊ានមកត្រួតពិនិត្យនៅតំបន់ព្រំដែន ព្រះ
វិហារ ក៏ដោយសារតែថៃបានរំលោភលើសេចក្តីថ្លែងការណ៍របស់ ក្រុមប្រឹក្សា
សន្តិសុខអង្គការសហប្រជាជាតិ។ ក្នុងកិច្ចប្រជុំកាលពីថ្ងៃ១៤កុម្ភៈ ក្រុមប្រឹក្សា
សន្តិសុខបានស្នើឲ្យឈប់បាញ់ជាអចិន្ត្រៃយ៍ នៅព្រំដែនព្រះវិហារ និងប្រគល់តួនាទីដល់អាស៊ាន ជាអ្នកសម្របសម្រួល ដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ។ នៅថ្ងៃ១៦កុម្ភៈនេះ ក្រសួងការបរទេសកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ថា កងទ័ពថៃ បានញុះញង់ដោយអាវុធជាថ្មី តាមរយៈការបោកគ្រាប់បែក និងបាញ់កាំភ្លើងត្បាល់ទំហំ ៨១ ម.ម. និងកាំភ្លើងយន្តជាច្រើនគ្រាប់ មកលើតំបន់ភ្នំទ្រព្យ ដែលស្ថិតនៅចម្ងាយប្រមាណ ១៦០០ ម៉ែត្រពីព្រំដែន ក្នុងតំបន់ជុំវិញប្រាសាទ
ព្រះវិហារ កាលពីយប់ថ្ងៃទី១៥កុម្ភៈ ឈានចូលថ្ងៃទី១៦កុម្ភៈ ឆ្នាំ២០១១។យ៉ាងណាក៏ដោយ កងទ័ពកម្ពុជាបានធ្វើការអត់ធ្មត់ជាអតិបរមា ហើយពុំបានឆ្លើយតប ចំពោះការញុះញង់ជាថ្មីពីកងទ័ពថៃឡើយ។ ក៏ប៉ុន្តែ ជាអកុសល ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា គ្រាប់បែកដៃមួយចំនួន ដែលគប់ដោយទាហានថៃ បានផ្ទុះ និងធ្វើឲ្យរបួសទាហានថៃខ្លួនឯង នៅពេលគ្រាប់បែកទាំង
នោះប៉ះនឹងមែកឈើ ហើយផ្លាតបកទៅវិញ។សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ការរំលោភលើបទឈប់បាញ់ដោយកងទ័ពថៃ បង្ហាញយ៉ាងច្បាស់ថា គោល
បំណងពិតនៃការចចេសរបស់ថៃ ឲ្យដោះស្រាយទ្វេភាគី គឺប្រើប្រាស់កម្លាំងយោធា ដែលមានឧត្តមភាពលើសលុបរបស់ខ្លួន ដើម្បីដណ្តើមយកដែនដីកម្ពុជា នៅតំបន់ជុំវិញប្រាសាទព្រះវិហារ។ ព្រឹត្តិការណ៍ផ្ទុះអាវុធ ដែលកម្ពុជាចាត់
ទុកជាការញុះញង់ដោយអាវុធជាថ្មីរបស់ប្រទេសថៃ កាលពីយប់មិញ ត្រូវ
បានលោកប្រមុខការទូត ហោ ណាំហុង អះអាងថា ជាទឡ្ហីករណ៍មួយ ដែលលោកនឹងលើកឡើងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន នាថ្ងៃ២២កុម្ភៈខាងមុខ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។ ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានទាំង១០ ដែលរួមមានទាំងកម្ពុជា និងថៃ ជាភាគីជម្លោះផងនោះ លោក ហោ ណាំហុង បានគូសបញ្ជាក់ថា លោកក៏នឹងស្នើឲ្យអាស៊ានបញ្ជូនអ្នកសង្កេតការណ៍ មកកាន់តំបន់ព្រំដែនព្រះវិហារឲ្យបានឆាប់ ដើម្បីសង្កេតមើលលើការឈប់បាញ់ជាអចិន្ត្រៃយ៍ឲ្យបានហ្មត់ចត់។ជាមួយនឹងការលើកឡើងដូច្នេះ លោកប្រមុខការទូត ហោ ណាំហុង ក៏នឹងស្នើឲ្យមានវត្តមានរបស់តំណាងអាស៊ាន ឬរបស់ប្រធានអាស៊ាន ចូលរួមគ្រប់កិច្ចប្រជុំរវាងកម្ពុជា ជាមួយថៃ។ សូម្បីតែកិច្ចប្រជុំគណៈកម្មការព្រំដែន នៅចុងខែកុម្ភៈនេះក៏ត្រូវតែមានវត្តមានរបស់តំណាងប្រធានអាស៊ាន ចូលរួមផងដែរ។ តាមលោកប្រមុខការទូត ហោ ណាំហុង កម្ពុជាបានជួបប្រជុំតទល់ជាមួយថៃច្រើនលើកមកហើយ ចាប់តាំងពីឆ្នាំ២០០៨ តែមិនទទួលបានលទ្ធផលអ្វីសោះលើសំណុំរឿងព្រំដែន។ ដូច្នេះទើបកម្ពុជាទាមទារឲ្យមានភាគីទី៣ ពិសេសអាស៊ាន ដើម្បីធ្វើជាសាក្សី ក្នុងកិច្ចចរចាស្វែងរកដំណោះស្រាយលើជម្លោះព្រំដែនព្រះវិហារ៕
ពីវិទ្យុ បារាំងអន្តរជាតិ RFI
No comments:
Post a Comment
yes