អនុប្រធានសភាគ្រោងចាត់វិធានការទប់ស្កាត់
ការបំផ្លាញព្រៃឡង់
នៅតំបន់ព្រៃឡង់ស្ថិតក្នុងខេត្តកំពង់ធំ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១១។
អនុប្រធានទី១នៃរដ្ឋសភា លោក ងួន ញ៉ិល បានគ្រោងថា នឹងចាត់វិធានការទប់ស្កាត់ការបំផ្លិចបំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់ ពីសំណាក់ក្រុមហ៊ុនវៀតណាម។
ខុទ្ទកាល័យអនុប្រធានទី១នៃរដ្ឋសភា បានឲ្យដឹងថា លោក ងួន ញ៉ិល អនុប្រធានទី១នៃរដ្ឋសភា បានគ្រោងនឹងចាត់វិធានការក្នុងពេលដ៏ខ្លីខាងមុខនេះ ដើម្បីបង្ក្រាបការបំផ្លាញព្រៃឡង់ ក្រោយពីអ្នកភូមិបានតវ៉ាអំពីការបំផ្លិចបំផ្លាញព្រៃឡង់ ដើម្បីដាំដើមកៅស៊ូពីសំណាក់ក្រុមហ៊ុនវៀតណាម ឈ្មោះ CRCK (Chu Se Rubber Company Kampong Thom) និងឈ្មោះ PNT group រួចមក។
ទីប្រឹក្សារបស់អនុប្រធានទី១នៃរដ្ឋសភា លោក ប៉ុល ប៊ុនថន បានថ្លែងប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃសៅរ៍ ទី២៦ ខែកុម្ភៈថា លោកសុំឲ្យអ្នកភូមិសរសេរញត្តិប្ដឹងអំពីមន្ត្រីណាដែលមានទាក់ទង ទៅនឹងការកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់ ហើយនិងឈ្មោះក្រុមហ៊ុនណាខ្លះដែលកំពុងធ្វើសកម្មភាព ហើយគេនឹងចាត់វិធានការនៅពេលបានទទួលបណ្ដឹងនោះ។
មន្ត្រីរូបនេះដែលកំពុងធ្វើដំណើរចូលទៅក្នុងស្រុកសណ្ដាន់ ដើម្បីតាមដានការទន្ទ្រានព្រៃឡង់ បានបញ្ជាក់ថា នេះគឺជាការកាប់បំផ្លាញព្រៃធម្មជាតិដែលមិនអាចទទួលយកបាន ៖ «ខ្ញុំ យល់ថា ជាការបំផ្លាញធនធានធម្មជាតិ ដែលជាសម្បត្តិជាតិមួយដែលយើងមិនអាចទទួលយកបាន។
រាជរដ្ឋាភិបាលឥឡូវកំពុងតែបំបាត់ការកាប់បំផ្លាញព្រៃឈើរបស់រដ្ឋ ហ្នឹង។ អ៊ីចឹងហើយ សំណូមពររបស់ខ្ញុំ គឺសុំឲ្យប្រជាជនសរសេរញត្តិ ពាក្យបណ្ដឹងថា មានប៉ុន្មានគ្រួសារ ហើយមានឈ្មោះណាខ្លះ ហើយក្រុមហ៊ុនអី ដាក់ឲ្យចំក្រុមហ៊ុននោះមក»។
ប្រភពពីមន្ត្រីការពារព្រៃឈើបានអះអាងថា ព្រៃឡង់ដែលមានព្រំប្រទល់ជាប់ខេត្តចំនួន៤ គឺខេត្តក្រចេះ ព្រះវិហារ ស្ទឹងត្រែង និងខេត្តកំពង់ធំ កំពុងទទួលនូវការបំផ្លាញយ៉ាងធ្ងន់ធ្ងរក្នុងរយៈពេលប្រហែល ៣ខែចុងក្រោយនេះ ដោយក្រុមហ៊ុនវៀតណាម ដាំដើមកៅស៊ូឈ្មោះ CRCK និងក្រុមហ៊ុន PNT ក្រោយពីក្រុមហ៊ុននេះបានទទួលច្បាប់អនុញ្ញាតឲ្យដាំដើមកៅស៊ូនៅ ព្រៃឡង់ ក្រោមការអះអាងថា ព្រៃនោះជាព្រៃរិចរិល។
ដើមឈើប្រណិតធំៗ ដែលជាច្បោះ និងជាដើមជ័រទឹក ដូចជាប្រភេទបេង នាងនួន ឈើទាល ដូងចែម និងដើមកកោះជាដើម ត្រូវបានគេផ្ដួលរំលំជាច្រើនពាន់ដើម រាយប៉ាយពេញព្រៃ។
ប្រភពពីអ្នកអភិរក្សព្រៃដដែលបានអះអាងថា អ្នកភូមិនៃខេត្តទាំងបួននោះ ប្រមាណ ២ម៉ឺនគ្រួសារ សុទ្ធសឹងតែជាអ្នករកទទួលទានពីអនុផលព្រៃឈើ ដូចជារកជ័រ រកវល្លិ និងរកថ្នាំបូរាណ នឹងប្រឈមមុខចំពោះបញ្ហាជីវភាពនៅពេលដែលព្រៃស្រោងមួយនេះ ត្រូវបានគេបំផ្លាញចោលដើម្បីដាំដើមកៅស៊ូនៅពេលខាងមុខ។
កាលពីថ្ងៃទី២២ ខែកុម្ភៈ រហូតដល់ថ្ងៃទី២៤ ខែកម្ភៈ កន្លងទៅ តំណាងអ្នកភូមិប្រហែល ៤០០នាក់ បាននាំគ្នាដើរចូលទៅក្នុងព្រៃ ដើម្បីធ្វើការតវ៉ាទាមទារឲ្យបញ្ឈប់ការកាប់បំផ្លាញព្រៃឈើ ប៉ុន្តែត្រូវបានអាជ្ញាធរខេត្តកំពង់ធំ រារាំងមិនឲ្យចូលទៅមើលការកាប់បំផ្លាញព្រៃឈើឡើយ។
មកដល់ពេលនេះ តំណាងសហគមន៍ព្រៃឡង់ សុំមិនបញ្ចេញឈ្មោះ ថ្លែងថា ការគំរាមកំហែង សម្លុតចាប់ខ្លួនអ្នកភូមិ បានធ្វើឡើងកាន់តែខ្លាំងក្រោយការតវ៉ា។
អ្នកភូមិប្រហែល ៥នាក់ នៅឃុំដងកាំបិត ឃុំស្វាយ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ កំពុងរស់នៅគេចពួនពីការតាមដានរបស់អាជ្ញាធរមូលដ្ឋាននៅពេលនេះ ៖ «ព្រឹកមិញ (២៦ កុម្ភៈ) ឮថា ចេញទៅណាមកណាមានការលំបាក ដោយសារតែមានការអង្កេតមើលពេលចេញដើរហើរទៅណាមកណា។ ខ្ញុំថា ជាសិទ្ធិរបស់ប្រជាពលរដ្ឋ គេចោទយើងថា ញុះញង់ប្រមែប្រមូលបាតុកម្ម។ គាត់ព្រួយបារម្ភសឹងតែមិនហ៊ាននៅផ្ទះ ដោយសារតែការគំរាមកំហែងអ៊ីចេះមួយអ៊ីចុះមួយ...»។
ទាក់ទងនឹងសំណើរបស់ខុទ្ទកាល័យរបស់អនុប្រធានទី១នៃរដ្ឋសភា តំណាងសហគមន៍ព្រៃឡង់ បានមានប្រសាសន៍ថា ការគំរាមកំហែងគាបសង្កត់យកលេសបញ្ហាផ្សេងៗ ដើម្បីចោទប្រកាន់អ្នកភូមិ បាននាំឲ្យអ្នកភូមិព្រួយបារម្ភ ប៉ុន្តែពួកគេនឹងបន្តការទាមទារតទៅទៀត ៖ «ឯកឧត្ដម ងួន ញ៉ិល ថា ឲ្យធ្វើមេដៃដាក់ញត្តិដាក់អីហ្នឹង គាត់ចង់ធ្វើណាស់ ប៉ុន្តែទៅមិនរួច។ អាជ្ញាធរមូលដ្ឋានមានការតាមដាន និងគំរាមកំហែង ដូចថា សួរនាំតាមដាន គេថា ដាក់ទៅណា ប្តឹងទៅណា? ចេះតែផ្ដិត (មេដៃ) ប្ដឹងអត់មានអីចោទប្រកាន់ ចេះតែចោទប្ដឹងថា ជិះម៉ូតូអត់កញ្ចក់អត់អី។ ប៉ុន្តែសហគមន៍ទាំង ៤ខេត្ត នឹងធ្វើការព្យាយាមតស៊ូដើម្បីឲ្យនាយករដ្ឋមន្ត្រីដឹងថា កន្លែងហ្នឹងប៉ះពាល់ណាស់»។
កាលពីថ្ងៃទី២៤ ខែកុម្ភៈ កន្លងទៅ នៅគ្រាដែលប្រជាជនសុំចូលទៅមើលកន្លែងកាប់បំផ្លាញព្រៃឈើរបស់ ក្រុមហ៊ុន CRCK អាជ្ញាធរគ្រប់ជាន់ថ្នាក់ មានមន្ត្រីប៉ូលិស ស្នងការប៉ូលិសខេត្ត មន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីសុ្រក ភូមិ ឃុំ បានបណ្ដេញអ្នកភូមិចេញពីព្រៃ ដោយអះអាងថា អ្នកភូមិធ្វើការតវ៉ាខុសច្បាប់ ពីព្រោះព្រៃនោះមិនមែនជាព្រៃរបស់សហគមន៍ឡើយ ហើយការអភិវឌ្ឍ គឺជាសិទ្ធិរបស់រដ្ឋាភិបាល។
កាលពីថ្ងៃទី១០ ខែកុម្ភៈ កន្លងទៅ នៅក្នុងឱកាសចែកសញ្ញាបត្រដល់និស្សិតកសិកម្ម លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងទទួលស្គាល់សម្បត្តិធម្មជាតិ និងហាមប្រាមមិនឲ្យមានការកាប់បំផ្លាញព្រៃធម្មជាតិ ដើម្បីដាំដើមកៅស៊ូនោះទេ។
លោកមានប្រសាសន៍បន្តដូច្នេះ ៖ «យើងមិនអាចកាប់ព្រៃស្រោងដាំ កៅស៊ូ មិនបានទេអាហ្នឹង ដើម្បីធ្វើកសិកម្មនោះទេ អត់លេងចូលទេអាហ្នឹង។ តំបន់ណាដែលអាចធ្វើកសិកម្មបាន យើងធ្វើ ប៉ុន្តែយើងមិនអាចទៅកាប់ដើមឈើហ៊ុបធំៗ រួចហើយដាំដើមកៅស៊ូទេ អត់ទេ អត់លេងចូលទេ...»។
ប្រភពពីអ្នកភូមិអះអាងថា ព្រៃឡង់បានទទួលរងនូវការបំផ្លិចបំផ្លាញចាប់តាំងពីឆ្នាំ២០០០មក ដែលមកដល់ពេលនេះ ការបំផ្លាញនោះមានប្រហែល ៦០% ហើយ។
ក្រុមសហគមន៍ អ្នកការពារព្រៃឡង់ បានឲ្យដឹងទៀតថា ពួកគេកំពុងប្រជុំគ្នារិះរកមធ្យោបាយនៃការតវ៉ាជាថ្មីទៀត ដើម្បីចូលទៅក្នុងព្រៃ ហើយការតវ៉ានេះនឹងបន្តរហូតដល់ការកាប់ទន្ទ្រានព្រៃឡង់ត្រូវបាន បញ្ចប់៕
ពីវិទ្យុ អាស៊ីសេរី
No comments:
Post a Comment
yes