សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, February 25, 2011


នាយករដ្ឋមន្ត្រីបញ្ជាឲ្យចាប់ជនល្មើសប្រណាំងរថយន្ត
ទៅតុលាការ
​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ខ្មែរ​បាន​ដាក់​បទ​បញ្ជា​ទៅ​សមត្ថកិច្ច​ពាក់ព័ន្ធ ​ក្រោម​ឱវាទ ឲ្យ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​ជន​ទាំង​ឡាយ​ណា​ដែល​យក​ផ្លូវ​ នានា​ក្នុង​ទីក្រុង​ភ្នំពេញ ធ្វើ​ជា​ទីលាន​ប្រណាំង​រថយន្ត។
RFA/Uy Sophea
គ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវមួយក្នុងរាជធានីភ្នំពេញ
កាលពីយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១០
​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ជំរុញ​ទៅ​សមត្ថកិច្ច​នគរបាល​ពាក់ព័ន្ធ​ឲ្យ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​​ ចរាចរណ៍​ ដោយ​មិន​ត្រូវ​មាន​ការ​យោគ​យល់​ចំពោះ​បទល្មើស​ចរាចរណ៍​នោះ​ទេ។ លោក​សង្កត់​ធ្ងន់​ថា ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ ភាព​អនាធិបតេយ្យ​នៃ​ការ​យក​ទ្រូង​ផ្លូវ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ធ្វើ​ជា​ទី​លាន​ប្រណាំង​រថយន្ត​របស់​ក្រុម​ក្មេង​ស្ទាវ ត្រូវ​តែ​លុប​បំបាត់ និង​ត្រូវ​បញ្ជូន​សំណុំ​រឿង​បទល្មើស​ទៅ​កាន់​តុលាការ​ជា​ជាង​ធ្វើការ​ផាក​ ពិន័យ។

​លោក​នាយករដ្ឋមន្ត្រី​ថ្លែង​ដូច្នេះ​នៅ​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​២០១០ និង​ដាក់​ទិសដៅ​ការងារ​ឆ្នាំ​២០១១ របស់​ក្រសួង​មហាផ្ទៃ កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ៖ «ឥឡូវ​គេ​បាន​យក​ទ្រូង​ផ្លូវ​ ប្រណាំង​ឡាន អ៊ីចឹង​ទេ​ត្រូវ​តែ​បញ្ជូន​ឡើង​តុលាការ​ហើយ ព្រោះ​ពួក​នេះ​មិន​ខ្លាច​ទេ។ ត្រឹម​ប្រណាំង​ឡាន​ហើយ​បើ​យើង​ផាក​គេ​ត្រឹម ៥​ម៉ឺន​រៀល គេ​ឲ្យ​យើង​ផាក​ឌុប​ក៏​បាន​ដែរ ឌុប​ដប់​ដង ម្ភៃ​ដង​ក៏​បាន​ដែរ ឲ្យ​តែ​បាន​ប្រណាំង​​​​ឡាន។ អ៊ីចឹង​ទេ​បញ្ជូន​ឡើង​តុលាការ​ទៅ ព្រោះ​និយាយ​លែង​ស្តាប់​ហើយ។

អ៊ីចឹង​ទាល់​តែ​មាន​វិធានការ​អ្នក​បង្ក​បទល្មើស​បញ្ជូន​ឡើង​តុលាការ ទាល់តែ​ដេក​គុក​ព្រៃ​ស​ខ្លះ​ហើយ​បានៗ»។

​ទាក់ទង​បញ្ហា​នេះ លោក កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ បាន​ធ្វើ​សំណើ​​​ទៅ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​បញ្ជូន​ជន​ល្មើស​យក​ទ្រូង​ផ្លូវ​ក្នុង​ទីក្រុង​ធ្វើ​ទីលាន​ប្រណាំង​ រថយន្ត​ទៅ​កាន់​តុលាការ ព្រោះ​ការ​ផាក​ពិន័យ​របស់​សមត្ថកិច្ច​កន្លង​មក​មិន​មាន​ប្រសិទ្ធភាព។

​កន្លង​មក​​មាន​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​សាធារណៈ រួម​ទាំង​មន្ត្រី​បក្សប្រឆាំង​ផង​ដែរ​ថា អ្នក​ដែល​ហ៊ាន​ព្រហើន​ប្រណាំង​ឡាន​ ឬ​បើក​ឡាន​លឿន​ដូច​ហោះ​តាម​ផ្លូវ​សាធារណៈ​មិន​ក្រែង​អ្នក​ដទៃ​នោះ ច្រើន​តែ​ជា​កូន​​អ្នក​ពាក់​ផ្កាយ ឬ​កូន​អ្នក​​ធំ​​មាន​អំណាច។

​វិធានការ​នេះ​ទទួល​បាន​ការ​សាទរ​ពី​ប្រជាពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន​នៅ​កម្ពុជា ព្រោះ​ពួក​គេ​យល់​ថា ភាព​អនាធិបតេយ្យ​ផ្ដើម​ពី​ការ​យក​ទ្រូង​ផ្លូវ​ប្រណាំង​រថយន្ត បាន​បង្ក​ការ​ភ័យ​ខ្លាច និង​រងគ្រោះ​ដល់ពលរដ្ឋ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជា​ច្រើន​ករណី។

​ពលរដ្ឋ​ម្នាក់​ឈ្មោះ ឆន សំអុន រស់​នៅ​ខណ្ឌ​ឫស្សីកែវ ក្រុង​ភ្នំពេញ មានប្រសាសន៍​ថា ភាព​អនាធិបតេយ្យ​នៃ​បទល្មើស​​ប្រណាំង​រថយន្ត​ក្នុង​ទីក្រុង​ភ្នំពេញ កន្លង​មក គឺ​បាន​បង្ក​​គ្រោះ​​ថ្នាក់​ដល់​អាយុ​ជីវិត​ពលរដ្ឋ​ជា​ច្រើន​ករណី ប៉ុន្តែ​ជន​ល្មើស​មិន​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​តុលាការ​នោះ​ទេ ៖ «ភាគ​ ច្រើន​គឺសុទ្ធតែ​អ្នក​មាន ហើយ​កូន​អ្នក​ធំៗ សុទ្ធតែ​មាន​ឡាន​មាន​អី​បើក​ទៅ។ កូន​អ្នក​ក្រ​ប្រហែល​ជា​មិន​មាន​លទ្ធភាព​ទៅ​ប្រណាំង​ឡាន​តាម​ផ្លូវ​សាធារណៈ ទៅ​ប៉ះពាល់​​អ្នក​ដទៃ​ទេ»។

​លោក មាស ចាន់ឌី មន្ត្រី​កម្មវិធី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​របស់​អង្គការ​ជន​ពិការ​ អន្តរជាតិ​បែលហ្ស៊ិក បាន​ចាត់​​ទុក​ការ​ចាត់​វិធានការ​លុប​បំបាត់​បទ​ល្មើស​យក​ទ្រូង​ផ្លូវ​ ប្រណាំង​រថយន្ត​របស់​ប្រមុខ​ដឹកនាំ​ថា នឹង​អាច​ជួយ​កាត់​បន្ថយ​​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា ឲ្យ​ថយ​ចុះ​មួយ​ចំនួន​ផង​ដែរ។

​លោក មាស ចាន់ឌី បញ្ជាក់​បន្ថែម ៖ «វិធានការ​ទាំង​ឡាយ​ណា​ទាក់ទង​ទៅ​នឹង​ ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ល្បឿន​ខុស​ច្បាប់ គឺ​ជា​វិធានការ​ដែល​សមស្រប ហើយ​ខ្ញុំ​គាំទ្រ​ថា ជា​វិធានការ​ល្អ ដែល​អាច​នឹង​មាន​ផល​ល្អ​ទៅ​ដល់ការ​លើក​ស្ទួយ​ចរាចរណ៍។ មាន​ន័យ​ថា អាច​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​បាន ប្រសិន​​បើ​យើង​កាត់​បន្ថយ​ការ​ប្រើប្រាស់​ល្បឿន​ខុស​ច្បាប់​ទាំង​នេះ​បាន»។

​យ៉ាងណា​ក៏ដោយ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សង្កត់​ធ្ងន់​ថា បទល្មើសយក​ទ្រូង​ផ្លូវ​ក្នុង​ទីក្រុង​របស់​ក្រុម​ជន​ល្មើស​នឹង​មិន​មាន​ទៀត ​ទេ ព្រោះ​ចាប់​ពី​ពេល​នេះ​ត​ទៅ សមត្ថកិច្ច​នឹង​ចាប់​បញ្ជូន​ជន​ប្រព្រឹត្ត​ល្មើស​ទៅ​កាន់​តុលាការ​ឈាន​ដល់​ ជាប់​ពន្ធនាគារ។

​លោក ហ៊ុន សែន ​មាន​ប្រសាសន៍​បន្ថែម ៖ «ឥឡូវ​ហ្នឹង​គឺ​ថា មិន​ដឹង​ជា​យ៉ាង​ម៉េច​ទេ​ក្មួយៗ ក្មេងៗ​អើយ! ស្រវឹង​នោះ​ស្រវឹង​ពេក​ទៅ​ហើយ ឬ​មួយ​ក៏​មក​ពី​ការ​ផលិត​ស្រា​វា​ច្រើន​ពេក​ក៏​មិន​ដឹង បាន​ជា​ស្រវឹង​អត់​ឈប់។ រួច​ហើយ​វា​មាន​អា​ធុន​យក​ទ្រូង​ផ្លូវ​ប្រណាំង​គ្នា យក​ទ្រូង​ផ្លូវ​ប្រណាំង អា​ហ្នឹង​ជា​សកម្មភាព​មិន​អាច​យោគយល់ មិន​អាច​អត់​ឱន​ឲ្យ​បាន ឬ​គ្រាន់តែ​សម្រួល​ខាង​ក្រៅ​គឺ​អត់​ទេ។ ឥឡូវ​គឺ​ចាប់​ពី​ពេល​នេះ​ត​ទៅ គឺ​ថា បញ្ជូន​ទៅ បើ​មិន​អ៊ីចឹង​មិន​រាង​ចាល​ទេ បើ​អ៊ីចឹង​វិធី​តែ​១ គឺ​គុក​ព្រៃ​ស អាហ្នឹង​បើ​ថា វា​ត្រូវ​ជាប់​គុក។ ព្រោះ​ថា គ្រោះ​ថ្នាក់​វា​ធំធេង​ពេក​ទៅ​ហើយ ដែល​បាន​កើត​មាន​នៅ​ក្នុង​ទឹក​ដី​របស់​យើង​នេះ»។

​លោក ខៀវ សុភ័គ មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ក៏​បាន​បញ្ជាក់​ពី​គោលជំហរ​របស់​​សមត្ថកិច្ច​គោរព និង​អនុវត្ត​តាម​បទ​បញ្ជា​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​រក្សា​សណ្តាប់​ធ្នាប់​សង្គម និងរក្សា​សុវត្ថិភាព​ជូន​ពលរដ្ឋ។

​លោក ខៀវ សុភ័គ មាន​ប្រសាសន៍​បន្ថែម ៖ «អនុវត្ត​ប្រសាសន៍​ណែនាំ​របស់​ សម្ដេច​តេជោ នាយករដ្ឋមន្ត្រី ព្រោះ​កន្លង​មក​លើកលែង​តែ​ការ​ប្រព្រឹត្ត​បទល្មើស ក៏​ប៉ុន្តែ​ឥឡូវ​ដល់​ពេល​យក​ទ្រូង​ផ្លូវ​យើង​មាន​ច្បាប់​ចរាចរណ៍ ដូច្នេះ​អ្វីៗ​ត្រូវអនុវត្ត​តាម​ច្បាប់»។

​លោក ហ៊ឹម យ៉ាន ប្រធាន​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​ក្រសួង​មហាផ្ទៃ បាន​មាន​ប្រសាសន៍​ថា សព្វថ្ងៃ​នេះ​ការ​គោរព​​​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅ​កម្ពុជា នៅ​មាន​កម្រិត​ទាប ដោយ​អ្នក​ប្រើប្រាស់​ផ្លូវ​ថ្នល់​មិន​​មាន​ការ​ញញើត​នឹង​​ច្បាប់​ឡើយ។

​តាម​របាយការណ៍​របស់​នគរបាល​ចរាចរណ៍​ចេញ​ផ្សាយ​កាល​ពី​ខែមករា ឆ្នាំ​២០១១ តួលេខ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​​ទូទាំង​ប្រទេស​ក្នុង​ឆ្នាំ​២០១០ បានថយ​ចុះ ៥០៣​លើក បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០០៩។ តួលេខ​​ឆ្នាំ​២០០៩ មាន ៦.០២១​ករណី។ ចំនួន​អ្នក​ស្លាប់​ក្នុង​ឆ្នាំ​២០១០ មាន ១.៦៤៩​នាក់ តិច​ជាង​ឆ្នាំ​២០០៩ ចំនួន ៥​នាក់។ កាល​ពី​ឆ្នាំ​២០០៩ គ្រោះថ្នាក់​ចរាចរណ៍​បាន​បណ្ដាល​ឲ្យកម្ពុជា ខាតបង់​ទឹក​ប្រាក់​អស់​ចំនួន ២៤៨​លាន​ដុល្លារ​អាមេរិក៕ពីវិទ្យុ អាស៊ីសេរី ( ដោយ ដែន អយុធ្យា)

No comments:

Post a Comment

yes