អាជ្ញាធររារាំងសមាជិកបក្សសមរង្ស៊ីមកចូលរួមសមាជ
ដោយ អ៊ុក សាវបូរី
2011-09-11
ប៉ូលិសចរាចរណ៍នៅភ្នំពេញ និងខេត្តកណ្ដាល បានស្ទាក់រថយន្តដែលដឹកសមាជិកគណបក្សសមរង្ស៊ី ធ្វើដំណើរពីខេត្តនានា មកចូលរួមសមាជគណបក្សនោះនៅទីក្រុងភ្នំពេញ។
សមាជិកគណបក្សសមរង្ស៊ីច្រើនខេត្តបានចោទថា នគរបាលចរាចរជើងគោកក្នុងខេត្តកណ្ដាល និងរាជធានីភ្នំពេញបានរារាំងការធ្វើដំណើរដោយរថយន្តរបស់ពួកគាត់ ដែលមកចូលរួមប្រជុំសមាជរបស់គណបក្សនោះដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី១១ ខែកញ្ញា។
លោកស្រី មូរ សុខហួរ អ្នកដំណាងរាស្ត្របក្សប្រឆាំងមានប្រសាសន៍ថា សមាជិកគណបក្សសមរង្ស៊ីចំនួន ៤ខេត្ត មានកណ្ដាល តាកែវ កំពង់ស្ពឺ និងកំពង់ចាម ដែលធ្វើដំណើរពីខេត្តចូលមករាជធានីភ្នំពេញ នៅព្រឹកថ្ងៃអាទិត្យ ទី១១ កញ្ញា ដើម្បីចូលរួមប្រជុំសមាជគណបក្ស ត្រូវប៉ូលិសចរាចរយាមតាមផ្លូវនៅក្នុងខេត្តកណ្ដាល និងរាជធានីភ្នំពេញឃាត់ឡានពួកគាត់ដែលកំពុងធ្វើដំណើរ។ លោកស្រីបានចោទថា ជាចេតនារារាំងនយោបាយមុនការបោះឆ្នោត ៖ "ជាការយាយីផ្នែកនយោបាយ។ យើងគណបក្សសមរង្ស៊ីសូមអំពាវនាវ ហើយយើងមានជំហរច្បាស់ណាស់យើងការពារលទ្ធិប្រជាធិបតេយ្យ។ បញ្ឈប់ទៅនៅការយាយី ក៏ដូចគំរាមកំហែងនៅឆាកនយោបាយរបៀបនេះទៀត"។
ប្រធានគណបក្សសមរង្ស៊ីស្រុកបាធាយ ខេត្តកំពង់ចាម លោក យឹម ហ៊ី មានប្រសាសន៍ថា រថយន្តចំនួន ៥គ្រឿងដែលដឹកសុទ្ធតែសមាជិកក្រុមប្រឹក្សាឃុំ ស្រុក និងខេត្តរបស់គណបក្សសមរង្ស៊ី ត្រូវប៉ូលិសឃាត់នៅតាមដងផ្លូវ ពីសាលាស្រុកមុខកំពូល ព្រែកអញ្ចាញ ចូលមកភ្នំពេញ ៖ "ដូចថាគាត់និយាយលែងកើតដែរ ដោយយើងឃើញរូបភាពឡានដទៃគេអត់ឃាត់ ហើយគេឃាត់តែឡានគណបក្ស អ៊ីចឹងបានន័យថា អ្នកនឹងមានបំណងធ្វើឲ្យរាំងស្ទះសមាជគណបក្សសមរង្ស៊ី"។
ប្រធានគណបក្សសមរង្ស៊ីស្រុកព្រៃកប្បាស ខេត្តតាកែវ លោក សៅ សាង បានថ្លែងថា ប៉ូលិសខេត្តកណ្ដាលឃាត់រថយន្តពួកគាត់ដែលមកចូលរួមសមាជគណបក្ស នៅលើផ្លូវបំបែកពីកំពង់កន្ទួត មកសៀមរាប ប៉ូលិសឆែកឆេររកក្រដាសត្រួតពិនិត្យរថយន្ត ឬហៅថាឆៀក ៖ "ប៉ូលិសនឹងនៅអាយើងផ្លូវបំបែកកន្ទួត បត់ទៅរកសៀមរាបនឹងប្រហែលជា ១គីឡូជាង គេឃាត់តែឡានយើង ហើយឡានគេអត់ឆៀកនឹងម៉ាគំនរគេជិះធ្វើសេវាតាមដងផ្លូវញុក គេអត់ឃាត់ គេឃាត់ថាឡានយើងវាអត់ឆៀក"។
ពាក់ព័ន្ធទៅនឹងការចោទប្រកាន់នោះ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធ មានប្រសាសន៍ថា លោកមិនបានទទួលសេចក្ដីរាយការណ៍ណាមួយពីបញ្ហានោះមកដល់អគ្គស្នងការនគរបាលជាតិទេ នៅរសៀលថ្ងៃអាទិត្យ ៖ "អត់បានដឹងទេ ប្រហែលគេថារឿងតូចតាចអី គេអត់រាយការណ៍ក៏មិនដឹង"។
ទោះជាយ៉ាងណា សមាជិកគណបក្សសមរង្ស៊ីទាំងនោះបានមកចូលរួមប្រជុំក្រោយពីមានការចរចាយោគយល់គ្នា រវាងសមត្ថកិច្ច និងសមាជិកគណបក្សសមរង្ស៊ី៕
ពីវិទ្យុ អាស៊ីសេរី
No comments:
Post a Comment
yes