រឿងដ៏ចម្លែកដែលធ្វើឱ្យប្រជាពលរដ្ឋនៅក្នុងភូមិ មានការភ្ញាក់ផ្អើល និងកូនជ្រូកញីមួយក្បាលដែលបានកើតមកមានក្បាល ប្រមោយដូចជាដំរី ភ្នែកទាំង២ ដូចជាភ្នែកមនុស្ស បាតជើងទាំង៤មានកញ្ចុំដូចដំរី តួខ្លួនស្រដៀងនឹងដំរី ក្រចកជើងជាសត្វជ្រូក តែនៅលើស្បែករបស់វារលីងគ្មានរោម ។ ជ្រូកមួយក្បាលនេះ ជាកូនទី៩កើតមកបានប្រមាណជាកន្លះម៉ោងក៏ស្លាប់ទៅវិញ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២០ កញ្ញា ២០១១ នៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។ ម្ចាស់កូនជ្រូកឈ្មោះចាន់ សារ៉ុន ភេទប្រុស អាយុ៥៥ឆ្នាំ ប្រពន្ធឈ្មោះអ៊ូច សាវុធ អាយុ៥៥ឆ្នាំ។
ស្ត្រីជាប្រពន្ធឈ្មោះអ៊ូច សាវុធ បាននិយាយថា មេជ្រូករបស់គាត់បានឈឺពោះ កាច់សំបុករកកន្លែងកើតកូនតាំងពីវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២០ កញ្ញា នេះ ។ដោយនឹកថា ជ្រូកកើតកូន រូបគាត់ក៏ងើបមកមើល តែឃើញមេជ្រូកនៅតែឈ្មុលរកកន្លែងកើតកូនដដែល មិនឃើញប្លែកអ្វីទេ ដូច្នេះហើយរូបគាត់ក៏ត្រឡប់ចូលសម្រានវិញ ។
ស្ត្រីរូបនេះបានបន្តទៀតថា លុះដល់វេលាម៉ោង៨ព្រឹក ថ្ងៃដដែល មេជ្រូកក៏បង្កើតកូន បានចំនួន៨ក្បាល ស្រាប់តែផ្អាកទៅវិញ។ ដោយស្មានថា មេជ្រូកកើតកូនអស់ហើយ ពួកគាត់ទាំងអស់គ្នាក៏នាំគ្នាសម្រាកទទួលទានអាហារពេលព្រឹក ។ ប្រហែលជាមួយម៉ោងក្រោយមក រូបគាត់បានប្រើកូនស្រីឈ្មោះចាន់ ធារី អាយុ១៨ឆ្នាំ ឱ្យទៅមើល មេជ្រូកម្តងទៀត ព្រោះគាត់សង្ស័យថា មេជ្រូកមិនទាន់កើតកូនអស់នៅឡើយទេ ព្រោះមើលទៅខ្លួនវា នៅមានសភាពញាក់ញ័រ ណាមួយក្រែងលោសុករបស់មេជ្រូកធ្លាក់មក ខ្លាចវាស៊ីចូលក្នុងពោះវិញ។
ខណៈដែលកូនស្រីគាត់ចូលទៅមើលស្រាប់តែឃើញកូនជ្រូកដ៏ចម្លែកមួយក្បាលនេះ នៅខាងក្រោយមេរបស់វា ដែលកំពុងតែដេកនៅវេលាម៉ោង៩ព្រឹក ហើយក៏បង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង៕
ពីគេហទំព័រ៖ កោះសន្តិភាព
No comments:
Post a Comment
yes