សមត្ថកិច្ចអាជ្ញាធរថៃចាប់ប្រជាពលរដ្ឋខ្មែរ៤នាក់ទៀតហើយ ដោយចោទប្រកាន់ថា បានចូលលបលួចទៅកាប់ឈើក្រញូងនៅក្នុងទឹកដីប្រទេសថៃ ខេត្តស៊ុរិន្ទ នេះបើតាមប្រភពពី ASTV manager online ដែលបានផ្សាយកាលពីថ្ងៃទី ១៩ កញ្ញា ២០១១ ។
ប្រភពនោះបានឲ្យដឹងថា ក្រុមប៉ូលីស ក្រុមព្រៃឈើ និងទាហានបានដឹកនាំកម្លាំងទៅចាប់ខ្មែរ ៤នាក់ ដែលលបលួចកាប់ឈើក្រញូង នៅព្រំដែនថៃ នៅក្បែរវត្តខៅសាឡា លើជួរភ្នំដងរែក ព្រំដែនថៃ-កម្ពុជា ស្ថិតនៅក្នុងឃុំច្រាច់ ស្រុកបួរឆេត ខេត្តស៊ុរិន្ទ ដោយមានការចូលរួមពីភិក្ខុ សាមណេរ និងកូនសិស្សលោក បាននាំគ្នាព័ទ្ធចាប់កាលពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០១១ ។
ប្រភព ASTV នោះបានឲ្យដឹងទៀតថា នៅពេលដែលមន្ត្រីមានសមត្ថកិច្ចចូលទៅដល់កន្លែងកើតហេតុ ឃើញមានពលរដ្ឋខ្មែរចំនួន៦នាក់ ដែលព្យាយាមរត់គេចខ្លួន ប៉ុន្តែត្រូវចាប់បានចំនួន៤នាក់ គឺ៖ ទី១- ឈ្មោះ កេត លួន ភេទប្រុស ទី២- ឈ្មោះ ផ្លុង សាង ភេទប្រុស ទី៣- ឈ្មោះ ម៉ាប ខុត ភេទប្រុស និងទី៤- ឈ្មោះ ម៉ាយ សំរេច ភេទប្រុស ។
ចំណែកវត្ថុតាងដែលរកឃើញរួមមាន រណាដៃ ១ រទេះរុញ ១គ្រឿង ដើមឈើដែលកាត់ផ្តួលរួចហើយ មានតម្លៃជាង៩សែនបាត ។ ពលរដ្ឋខ្មែរទាំង៤រូប ត្រូវបានឃុំឃាំងនៅក្នុងអធិការដ្ឋានតម្រួតស្រុកបូរឆេត និងទទួលរងការចោទប្រកាន់ពីបទធ្វើអន្តោប្រវេសន៍ខុសច្បាប់ និងប្រព្រឹត្តល្មើសច្បាប់ព្រៃឈើថៃ ។
ទាក់ទងនិងករណីខាងលើនេះ លោក កុយ គួង អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានប្រាប់កម្ពុជាថ្មីឲ្យដឹងថា យើងទទួលព័ត៌មាននោះ ហើយបានទាក់ទងទៅអគ្គកុងស៊ុលរួចហើយ ប៉ុន្តែមិនទាន់ទទួលព័ត៌មានមកវិញនៅឡើយទេ ៕កោះកែវ
No comments:
Post a Comment
yes