Saturday, September 17, 2011
ប្រពន្ធសរសៃប្រសាទដេញវាយសម្លាប់ប្តីផ្អើលពេញមន្ទីរពេទ្យ
ដោយសារតែជំងឺសរសៃប្រសាទរើឡើងវិញ ស្រ្តីម្នាក់ឈ្មោះទូច ខេង អាយុ៤៥ឆ្នាំ រស់នៅភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន បានដេញវាយប្តីឈ្មោះង៉ែត សាន្ត អាយុ៣៩ឆ្នាំ រត់ជុំវិញ បរិវេណមន្ទីរពេទ្យបង្អែកខេត្ត ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី១៥ កញ្ញា បង្កឲ្យមានការភ្ញាក់ផ្អើលទាំងគ្រូពេទ្យ និងអ្នកជំងឺបាននាំគ្នាចេញមកមើល។ ពេលនោះ លោកគ្រូពេទ្យម្នាក់បានចេញមកជួយឃាត់ តែត្រូវស្រ្តីម្នាក់នេះ វាយ និងធាក់ត្រូវជាច្រើនកន្លែង ទើបប្រធានមន្ទីរពេទ្យទូរស័ព្ទហៅឲ្យនគរបាលមកជួយអន្តរាគមន៍។
លោកវរសេនីយ៍ទោ អ៊ុយ សារេត នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានមានប្រសាសន៍ ថា គួរឲ្យអាណិតបុរសជាប្តីដែលខំប្រឹងរត់គេចពីប្រពន្ធមិនឲ្យចាប់បាន បើចាប់បានពិតជាវាយ ខាំ និងច្របាច់កសម្លាប់មិនខាន។ ទោះជាប្តីខំប្រឹងរត់គេចយ៉ាងណាក៏ប្រពន្ធនៅតែរត់ដេញ ចាប់ប្តី ធ្វើ បាប ជុំវិញបរិវេណមន្ទីរពេទ្យតាំងពីម៉ោង៦ព្រឹករហូតដល់ម៉ោង៧និង១៥នាទី។ ទង្វើរបស់ស្រីនោះគ្មាននរណាអាចហាមប្រាមបានឡើយ ព្រោះស្ត្រីរូបនេះឃើញដុំថ្មទាញយកមកគប់ ឃើញធុង ដាក់ សំរាមក៏លើកយកមកគប់ និយាយរួមឃើញអ្វីនៅក្បែរខ្លួនក៏ចាប់យកមកគប់ទាំងអស់។
លោកនាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានបន្តទៀតថា ស្រី្តរូបនេះអាចបង្កគ្រោះថ្នាក់ ដល់អ្នកដទៃ ព្រោះនាងបានរត់កាត់ពីមុខរថយន្តពេទ្យដែលកំពុងតែបើកចូលក្នុងមន្ទីរពេទ្យ ធ្វើឲ្យអ្នកបើករថយន្តជាន់ហ្វ្រាំងស្ទើរតែមិនជាប់។ បន្ទាប់ពីរថយន្តឈប់ស្រី្តរូបនេះបានរត់ទៅកាច់កញ្ចក់ រថយន្ត ទើបក្រុមនគរបាលស្ទុះទៅជួយចាប់ចេញ។
លោកបានសុំឲ្យគ្រូពេទ្យជួយធ្វើកោសល្យវិច័យដើម្បីបញ្ជាក់ថា ស្ត្រីរូបនេះពិតជាកើតរោគសរសៃ ប្រសាទមែនឬអត់។ បើសិនជាគ្រាន់តែប្រចណ្ឌនឹងប្តី រួចប្រព្រឹត្តរឿងដូច្នេះ លោកនឹងមានវិធាន ការតាមផ្លូវច្បាប់។ ក្រោយមកលោកក៏បានហៅប្រធានអង្គការ អាប់ហ្វេស៊ីប (សមាគមសង្គមស្តារនីតិសម្បទាយុវនារី) ឱ្យជួយដោះស្រាយ ថាតើគួរយកស្រ្តីរូបនេះទៅណា ព្រោះសម្រាក ព្យាបាល នៅមន្ទីរពេទ្យមិនកើត។
លោកវេជ្ជបណ្ឌិតផាប់ វិចិត្រ បាននិយាយថា ក្រុមគ្រូពេទ្យមិនអាចធ្វើកោសល្យវិច័យបញ្ជាក់ថា ស្ត្រីរូបនេះមានជំងឺសរសៃប្រសាទឬយ៉ាងណានោះទេ ទាល់តែគ្រូពេទ្យជំនាញខាងជំងឺនេះផ្ទាល់ នៅឯទី ក្រុងភ្នំពេញ ទើបធ្វើរោគវិនិច្ឆ័យបាន។ លោកគ្រូពេទ្យបានបន្តថា កាលពី១ឆ្នាំមុនស្រ្តីរូបនេះក៏ធ្លាប់មានជំងឺមកសម្រាកព្យាបាលនៅមន្ទីរពេទ្យនេះដែរ ហើយមើលទៅនាងហាក់ភ្លេចភ្លាំងមួយចំនួនដែរ តែក្រោយមកនាងក៏បានជាវិលទៅរកសភាពធម្មតាវិញ។
អ្នកស្រីគង់ សុភ័ក្ត្រ ជាប្រធានអង្គការអាហ្វេ ស៊ីបបាននិយាយថា ឥឡូវនេះយើងកំពុងតែរកវិធី ជួយ ដោះស្រាយឱ្យស្ត្រីនោះបានទៅសម្រាកនៅមន្ទីរពេទ្យវិញ។ ប៉ុន្តែប្តីស្ត្រីនោះបានប្រាប់ថា គាត់ចង់ យកប្រពន្ធទៅព្យាបាលជាមួយគ្រូខ្មែរនៅឯស្រុកកំណើតនៅភូមិពោធិ៍កំរៀល ឃុំពោធិ៍កំរៀល ស្រុក បសេដ្ឋ ខេត្តកំពង់ស្ពឺឯណោះវិញ ។ អ្នកស្រីបានបន្តថា ពួកគាត់បានយល់ព្រមទាំងអស់គ្នានិង ជួយ ដោះស្រាយផ្តល់ជាថវិកាមួយចំនួនសម្រាប់ថ្លៃធ្វើដំណើរទៅស្រុកកំណើតរបស់គាត់។
លោកង៉ែត សាន្ត ដែលត្រូវជាប្តីស្ត្រីសរសៃ ប្រសាទនោះបាននិយាយថា ពីមុនប្រពន្ធរបស់គាត់ធ្លាប់ហូបស្រាស្ទើរតែរៀងរាល់ថ្ងៃ លុះក្រោយមកនៅថ្ងៃមួយប្រពន្ធរបស់គាត់បានធ្លាក់ខ្លួនឈឺ ព្រោះ តែ ហូបស្រាច្រើនពេក។ ដោយសារមានជំងឺ និងខ្សោយកម្លាំង ប្រពន្ធរបស់គាត់ក៏ផ្អាកសម្រាកមួយរយៈ លុះដល់បានជាសះស្បើយល្អហើយប្រពន្ធរបស់គាត់ក៏ចាប់ផ្តើមផឹកស្រាទៀត។ នៅឆ្នាំ២០១០ កន្លង មក ប្រពន្ធរបស់គាត់បានវង្វេងស្មារតី ហើយនិយាយផ្តេសផ្តាសចង់សម្លាប់រូបគាត់និងកូនៗចោល។ មើលទៅមិនស្រួល លោកបាននាំទៅឲ្យគ្រូខ្មែរព្យាបាល ពេលនោះគ្រូប្រាប់ថាខុសខ្មោចខាងម្តាយរបស់ប្រពន្ធ។ លុះនៅថ្ងៃទី១៤ កញ្ញា ឆ្នាំ២០១១ ប្រពន្ធរបស់គាត់ចាប់ផ្តើមក្តៅខ្លួននិយាយរវើរវាយ ទើបលោករកអ្នកជិតខាងជួយដឹកប្រពន្ធតាមរថយន្តតូចមកមន្ទីរពេទ្យ។ លោកគ្រូពេទ្យក៏បានព្យាបាលដោយដាក់សេរ៉ូម លុះព្រឹកឡើងប្រពន្ធគាត់ភ្ញាក់ពីដំណេក ស្រាប់តែរត់មកអោបក្តិចខាំ និងច្របាច់.កលោក ទើបលោកប្រឹងរត់គេចចេញ៕
ពីគេហទំព័រ៖ កោះសន្តិភាព
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
yes