ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោកស្រី ខារ៉ូល រ៉ដលី (Carol Rodley) បានរំឭកនៅថ្ងៃ ព្រហស្បតិ៍នេះថា អំពើពុករលួយធ្វើឲ្យកម្ពុជាខកខានក្នុងការសម្រេចសក្តានុពលរបស់ខ្លួនឲ្យបានពេញលេញ និងធ្វើឲ្យក្រុមអ្នកវិនិយោគមានការភ័យខ្លាច។
ការកត់សម្គាល់របស់មន្ដ្រីការទូតសហរដ្ឋអាមេរិកធ្វើឡើងក្នុងសេចក្ដីថ្លែងការណ៍របស់លោកស្រីក្នុងពិធីបើកសន្និសីទថ្នាក់ជាតិមួយស្ដីពីការចូលរួមរបស់អង្គការសង្គមស៊ីវិលក្នុងសកម្មភាពប្រឆាំងនឹងអំពើពុករលួយក្នុងទីក្រុង ភ្នំពេញ។
លោកស្រី រ៉ដលី បានបញ្ជាក់ថាអំពើពុករលួយបានរារាំងការអភិវឌ្ឍនិងធ្វើឲ្យប្រទេសជាតិទន់ខ្សោយ។ លើសពីនោះទៀត វាក៏បំផ្លាញការទុកចិត្តរបស់ប្រជាពលរដ្ឋផងដែរ។
«អំពើពុករលួយរារាំងប្រទេសនានា ដូចជាប្រទេសកម្ពុជាជាដើមមិនឲ្យសម្រេចនូវសក្កានុពលពេញលេញរបស់ខ្លួន។ អំពើពុករលួយទាញយកផលចំណូលសាធារណៈទៅឲ្យជនមួយក្ដាប់តូច។ អំពើពុករលួយជាមូលហេតុដែលអ្នកវិនិយោគគិនអន្ដរជាតិរារែកក្នុងការធ្វើការវិនិយោគ។ អំពើពុករលួយបំផ្លាញសេចក្ដីទុកចិត្តរបស់ប្រជាពលរដ្ឋចំពោះរដ្ឋាភិបាលនិងនីតិរដ្ឋ»
កម្ពុជាបានទទួលរងការរិះគន់ជាច្រើនទាក់ទងនឹងអំពើពុករលួយ ខណៈដែលប្រទេសនេះ ត្រូវការពឹងពាក់ជំនួយបរទេសប្រមាណជា១.០០០ លានដុល្លាក្នុងមួយឆ្នាំ។ ភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្ដរជាតិ (USAID) ធ្លាប់បានបញ្ចេញរបាយការណ៍ដែលបង្ហាញថា កម្ពុជាបាត់បង់ចំណូលថវិការរដ្ឋចន្លោះពី៣០០ ទៅ៥០០ លានដុល្លាអាមេរិកក្នុងមួយឆ្នាំៗ។
លោក កែវ រ៉េមី អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាលមានប្រសាសន៍ថា កម្ពុជាកំពុងធ្វើការផ្សព្វផ្សាយអំពីការប្រឆាំងនឹងអំពើពុករលួយ ហើយកម្ពុជាកំពុងធ្វើការជំរុញការទប់ស្កាត់បញ្ហានេះបន្ដទៀត។
«រាជរដ្ឋាភិបាលកម្ពុជាដឹងបញ្ហានេះហើយ។ ដូច្នេះហើយទើបយើងធ្វើកិច្ចការបានច្រើនក្នុងរយៈពេលខ្លី។ ហើយវាទាមទារការអប់រំ វិធានការទប់ស្កាត់តាមរយៈការប្រកាសទ្រព្យសម្បតិ្ត។ ហើយការប្រកាសទ្រព្យសម្បតិ្តយើងនៅបន្ដរាល់ថ្ងៃ»។
ច្បាប់ប្រឆាំងអំពើពុករលួយរបស់កម្ពុជា បានចូលជាធរមានកាលពីឆ្នាំ ២០១០។ ច្បាប់នេះបានស៊ីពេលជាងដប់ឆ្នាំសម្រាប់ការរៀបចំតាក់តែង និងជាច្បាប់ដែលបានទទួលរងសម្ពាធពីសហគមន៍ និងប្រទេសផ្ដល់ជំនួយចំពោះភាពយឺតយ៉ាវក្នុងការអនុម័តសម្រាប់យកមកប្រើប្រាស់។
មានជនសង្ស័យមួយចំនួនតូចប៉ុណ្ណោះត្រូវចាប់ខ្លួន និងចោទប្រកាន់ពីបទពាក់ព័ន្ធនឹងអំពើខុសច្បាប់ខាងលើនេះ។ ក្រុមអង្គការសង្គមស៊ីវិលដែលបានចូលរួមក្នុងសន្និសីទនៅថ្ងៃនេះមានតំណាងអង្គការតម្លាភាពអន្ដរជាតិមកពីប្រទេសបង់ក្លាដេស និងការិយាល័យអង្គការសហប្រជាជាតិប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្មផងដែរ។ អ្នកតំណាងនីមួយៗបានបង្ហាញបទពិសោធន៍ និងតួនាទីក្នុងការប្រឆាំងអំពើពុករលួយ។
លោក ហង្ស ឆាយា នាយកប្រតិបត្តិនៃវិទ្យស្ថានខ្មែរដើម្បីលទ្ធិប្រជាធិបតេយ្យ និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការតម្លាភាពកម្ពុជា បញ្ជាក់ក្រោយពីសន្និសីទនៅថ្ងៃនេះថា ក្រុមសង្គមស៊ីវិល ចង់ឃើញការកាត់បន្ថយអំពើពុករលួយដើម្បីចៀសវាងការរារាំងដល់កិច្ចអភិវឌ្ឍនៅកម្ពុជា។
«ចង់ឃើញការអភិវឌ្ឍប្រកបដោយតម្លាភាព កាត់បន្ថយអំពើពុករលួយ គួបផ្សំនឹងអ្វីដែលរដ្ឋាភិបាលដាក់ចុះនូវគោលនយោបាយប្រឆាំងអំពើពុករលួយ ដូច្នេះយើងចង់ឃើញមានសន្ទុះរីកចំរើនផ្នែកនេះ»។
លោកស្រី ផេនី រីឆាតស៍ (Penny Rechards) ឯកអគ្គរដ្ឋទូតប្រទេសអូស្ដ្រាលីរំពឹងថា ក្រុមអង្គការសង្គមស៊ីវិលនឹងអាចបង្កើតសម្ព័ន្ធដ៏រឹងមាំមួយប្រឆាំងនឹងអំពើពុលរលួយនៅកម្ពុជា។ លោកកែវ រ៉េមី អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយមានប្រសាសន៍ថា រដ្ឋាភិបាលបើកចំហឲ្យមានកិច្ចសហការពីគ្រប់មជ្ឈដ្ឋានសម្រាប់ការប្រយុទ្ធនឹងអំពើពុករលួយនេះ៕
No comments:
Post a Comment
yes