សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, September 16, 2011

សកម្មជន​បក្ស​សមរង្ស៊ី​នៅ​ខេត្ត​កណ្ដាល​ម្នាក់​ត្រូវ​ចាប់​ខ្លួន


ជម្លោះ​ដីធ្លី​មួយ​កន្លែង​នៅ​ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល បាន​ឈាន​ដល់​ការ​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​ម្នាក់​ដាក់​ក្នុង​ពន្ធនាគារ។ ចំណែក​ឯ​តុលាការ​ខេត្ត​កណ្ដាល ក៏​បាន​ចេញ​ដីកា​ឃុំ​ខ្លួន​ប្រជាពលរដ្ឋ​ម្នាក់​នោះ​ភ្លាម​ដែរ ក្រោយ​ពី​បាន​ចោទ​ប្រកាន់​អំពី​បទ​ព្រហ្មទណ្ឌ។
នគរបាល​នៅ​ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១១ បាន​ចាប់​ខ្លួន​សកម្មជន​គណបក្ស សម រង្ស៊ី ម្នាក់ ឈ្មោះ ម៉ឹក គា អាយុ ៥០​ឆ្នាំ  ក្រោម​បទ​ញុះញង់​ឲ្យ​មាន​ការ​បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដទៃ។ គណបក្ស សម រង្ស៊ី កំពុង​តែ​ធ្វើ​អន្តរាគមន៍​ដើម្បី​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ។
មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​ចាប់​ខ្លួន​នោះ គឺ​ដោយសារ​តែ​លោក ម៉ឹក គា បាន​ដឹក​នាំ​ការ​ទាមទារ​ដីធ្លី​ទំហំ​ជាង ៤៦​ហិកតារ ជូន​ប្រជាពលរដ្ឋ​ចំនួន ១១៤​គ្រួសារ នៅ​ឃុំ​សំរោងធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល កន្លង​មក។ ប៉ុន្តែ​អតីត​អភិបាល​រង​ខេត្ត​កណ្ដាល លោក ប្រាក់ សាវុធ ធ្លាប់​បាន​អះអាង​ថា ដី​នោះ​ជា​កម្មសិទ្ធិ​ស្រប​ច្បាប់​របស់​លោក ដែល​លោក​បាន​ឈ្នះ​ក្ដី​កន្លង​មក។ ការ​ចាប់​ខ្លួន​នេះ​គឺ​មាន​លោក ប្រាក់ សាវុធ គឺ​ជា​ដើម​បណ្ដឹង។
តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី លោក ចាន់ ចេង មណ្ឌល​ខេត្ត​កណ្ដាល បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ថា លោក​ចាត់​ទុក​ថា ការ​ចាប់​ខ្លួន​នេះ​គឺ​ជា​ការ​បំភិតបំភ័យ​ផ្នែក​នយោបាយ​នៅ​មុន​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នៅ​ដើម​ឆ្នាំ​២០១២ ៖ «ព្រោះ​លោក ម៉ឹក គា ជា​អ្នក​ការពារ​ផលប្រយោជន៍ ប្រជារាស្ត្រ ប្រជាពលរដ្ឋ ហើយ​ជា​ធម្មតា​តែងតែ​មាន​ការ​ចោទ​ប្រកាន់​ដោយ​អយុត្តិធម៌»
អធិការ​នគរបាល​ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល លោក ប៉ា សំអិត បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ការ​ចាប់​ខ្លួន​នោះ​គឺ​លោក​ធ្វើ​តាម​ដីកា​របស់​តុលាការ​ខេត្ត​កណ្ដាល  ៖ «តុលាការ​បញ្ជូន​មក​ឲ្យ​ខ្ញុំ។ ខ្ញុំ​បញ្ជូន​ទៅ​ប៉ុស្តិ៍​ដែល​ជា​មូលដ្ឋាន​ផ្ទាល់»។
មេធាវី​របស់​លោក ម៉ឹក គា គឺ​លោក ជូង ជូងី បាន​មាន​ប្រសាសន៍​ថា លោក​កំពុង​តែ​រៀបចំ​ឯកសារ​នានា​ដើម្បី​ការពារ​ក្ដី​នេះ ៖«កាល​ពី​ព្រឹកមិញ​នេះ គឺ​លោក ម៉ឹក គា បាន​ទៅ​ឆ្លើយ​បំភ្លឺ ដោយ​មាន​ខ្ញុំ​ជា​មេធាវី​អម​ផង។ ចូល​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​ចំពោះ​មុខ​ចៅក្រម​ស៊ើបសួរ ឈ្មោះ លឹម សុគន្ថា នៅ​សាលា​ដំបូង​ខេត្ត​កណ្ដាល ហើយ​តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កណ្ដាល​នេះ បាន​ចោទ​ប្រកាន់ ម៉ឹក គា ពី​បទ​អ្នក​ផ្ដើម​គំនិត​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​អ្នក​កាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត។ ចៅក្រម​ស៊ើបសួរ​ឈ្មោះ លឹម សុគន្ថា ក៏​បាន​សម្រេច​ឃុំ​ខ្លួន​ឈ្មោះ ម៉ឹក គា ជា​បណ្ដោះអាសន្ន»
កាល​ពី​ឆ្នាំ​២០១០ និង​ដើម​ឆ្នាំ​២០១១ កន្លង​មក​នេះ ប្រជាពលរដ្ឋ​ចំនួន​ជាង ១០០​គ្រួសារ ដឹកនាំ​ដោយ​លោក ម៉ឹក គា បាន​ងើប​តវ៉ា​ទាមទារ​ដីធ្លី​ជា​ច្រើន​លើក​ដើម្បី​កាន់កាប់​ដីធ្លី​ចំនួន​ជាង ៤៦​ហិកតារ​នៅ​ឃុំ​សំរោងធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល និង​មាន​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​កន្លង​មក៕

ពីវិទ្យុ អាស៊ីសេរី

No comments:

Post a Comment

yes