សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, September 15, 2011

តុលាការ​លើក​លែង​ការ​ចោទ​ប្រកាន់​ទាំង​ស្រុង​លើ​ឈ្មោះ​ជួប សំបាន និង​សាញ់​ សុខែម​ពី​បទ​គំរាម​កំហែង​ជំរិត​ទារ​ប្រាក់​ដែល​ឈ្មោះ​ជីប ធី ប្តឹង​ក្នុង​រឿង​«យក​ពង​មាន់​ទៅ​ផ្ញើក្អែក»

  សំណុំ​រឿង​ព្រហ្ម​ទណ្ឌ​មួយ​ដែល​មាន​ដើម​បណ្តឹង​ឈ្មោះជីប ​ធី ប្តឹង​ឈ្មោះ​ជួប សំបាន និង​សាញ់ សុខែម​ ពី​បទ​គំរាម​​​កំហែង​ជំរិត​ទារ​ប្រាក់​នោះ​តាមប្រភព​ព័ត៌​មាន​ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៦ កញ្ញា នេះ​លោក​ចៅ​ក្រម​ស៊ើប​អង្កេត​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​សម្រេច​លើក​លែង​ការ​ចោទ​ប្រកាន់​ទាំង​ស្រុង​លើ​ឈ្មោះ​ទាំង​២​នាក់​នោះ​ ពោល​គឺ​ពួក​គេ​គ្មាន​ទោស​ពៃរ៍​អ្វី​ទេ​។


 គួរ​បញ្ជាក់​ថា ឈ្មោះ​ជួប សំបាន អាយុ​៤៥​ឆ្នាំ មាន​ទី​លំនៅ​ក្នុង​ភូមិ​អូរ ឃុំ​បឹង​រាំង​ ស្រុក​កំរៀង ខេត្ត​បាត់​ដំបង និង​ឈ្មោះ​សាញ់ សុខែម​ ភេទ​ប្រុស អាយុ​៤៣ឆ្នាំ​ រស់​នៅ​ភូមិ​ជាមួយ​គ្នា​ និង​ជា​មិត្ត​ភក្តិ​ ត្រូវ​ឈ្មោះ​ជីប ធី អាយុ​៤២​ឆ្នាំ ជា​សិស្ស​រៀន​នៅ​សាលា​ភូមិន្ទ​រដ្ឋ​បាល​រាជ​បណ្ឌិត្យ​​សភា​វិជ្ជា​ជីវៈតុលាការ​ ស្នាក់​នៅ​ផ្ទះ​លេខ​១៨ ផ្លូវលេខ​៣៤៤​ ភូមិ​៦ សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួល​គោក រាជ​ធានី​ភ្នំពេញ ប្តឹង​ចោទ​ប្រកាន់​ពី​ករណី​គំរាម​កំហែង​ជំរិត​ទារ​ប្រាក់​។


 អង្គ​ហេតុ​ក្នុង​ពាក្យ​បណ្តឹង​បាន​រៀប​រាប់​ថា កាល​ពី​ថ្ងៃ​ទី​២៣ មិថុនា ២០១១ លោក​ជីប ធី កំពុង​រៀន​នៅ​ក្នុង​សាលា​ស្រាប់​តែ​ឈ្មោះ​ជួប សំបាន ​ទូរ​ស័ព្ទ​គំរាម​កំហែង​ជំរិត​ទារ​ប្រាក់​ចំនួន​៣.០០០ដុល្លារ​។ ពាក្យ​បណ្តឹង​បញ្ជាក់​ទៀត​ថា បើ​មិន​ឱ្យ​ប្រាក់​៣​ពាន់​ដុល្លារ​ទេ គេ​មិន​ឱ្យ​មាន​សេចក្តី​សុខ​ឡើយ​។ លុះ​ថ្ងៃ​ទី​២៣ មិថុនា វេលា​ម៉ោង​២​រសៀល​ឈ្មោះ​ជួប សំបាន បាន​ទូរ​ស័ព្ទ​មក​ជា​ច្រើន​ដង​ទៀត​ ដោយ​បង្គាប់​ឱ្យ​​យក​ប្រាក់ទៅ​ប្រគល់​ឱ្យ​​នៅ​ខេត្ត​បាត់​ដំបង​។ ប៉ុន្តែ​ជីប ធី បាន​អង្វរករ​សុំ​ជួប​ និង​ប្រគល់​ប្រាក់​ នៅ​ភ្នំពេញ​​វិញ ព្រោះ​ខ្លួន​ជាប់​​សិក្សា​​។ ថ្ងៃ​ទី​២៤ មិថុនា ដើម​បណ្តឹង​រក​ប្រាក់​បាន​៥០០​ដុល្លារ​ និង​ត្រៀម​ប្រគល់​ឱ្យ​ទៅ​ឈ្មោះ​ជួប​ សំបាន ខណៈ​ពេល​ជួប​គ្នា ប៉ុន្តែ​ជាមួយ​នោះ​លោក​ជីប ធី បាន​ប្តឹង​សមត្ថ​កិច្ច​នគរ​បាល​ក្រសួង​មហា​ផ្ទៃ​រួច​ជា​ស្រេច​ហើយ​ ដើម្បី​ត្រៀម​លក្ខណៈ​ចាំ​ចាប់​ខ្លួន​ឈ្មោះ​ជួប សំបាន ។ ចំណែក​ឈ្មោះ​ជួប សំបាន មិន​មែន​ទៅ​ម្នាក់​ឯង​ទេ គឺបាន​បបួល​មិត្ត​ភក្តិ​ម្នាក់​ទៅ​ជាមួយ​ផង ​ឈ្មោះ​សាញ់ សុខែម​ ដូច​នាំ​ទៅ​ជាប់​ឃុំ​ទាំង​អស់​គ្នា​​អស់​រយៈ​ពេល​២១​ថ្ងៃ​នៅ​ពន្ធ​នា​គារ​ព្រៃស​ ដែលជាស្នា​ដៃ​លោក​ជីប ធី ប្រឌិត​រឿង។


 បន្ទាប់​ពី​មាន​ការ​ឃុំ​ខ្លួន​ឈ្មោះ​ជួប សំបាន និង​សាញ់ សុខែម​ យ៉ាង​អយុត្តិ​ធម៌​មក​តាម​រយៈ​សារ​ព័ត៌​មាន​កោះ​សន្តិ​ភាព​បាន​ចុះ​ផ្សាយ​រឿង​ឃុំ​ខ្លួន​មិន​យុត្តិ​ធម៌​នេះ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មកក៏​មាន​ប្រតិ​កម្ម​ពី​លោក​ជី​វ កេង ប្រធាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ឱ្យ​ដោះ​លែង​ជន​ជាប់​ចោទ​ទាំង​ពីរ​បាន​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន​វិញ ខណៈ​មាន​ពាក្យ​បណ្តឹង​មួយ​ថ្មី​ទៀត​របស់​អ្នក​ស្រី​ឈន ដានី ត្រូវ​ជា​ភរិយា​ឈ្មោះ​ជួប​​ សំបាន​ និង​កូន​ស្រី​ប្តឹង​ឈ្មោះ​​ជីប ធី រឿង​យក​ពង​មាន់​ទៅ​ផ្ញើ​ក្អែក​ ដោយ​ចោទ​ប្រកាន់​លោក​ជីប ធី ពី​បទ​ លួង​លោម​បោក​ប្រាស់​រួម​ភេទ​​លើ​អនីតិ​ជន​ក្រោម​អាយុ​១៥​ឆ្នាំ​ ដែល​ត្រូវ​ជា​កូន​ឈ្មោះ​ជួប សំបាន​។


 យោង​តាម​ពាក្យ​បណ្តឹង​យ៉ាង​ក្តៅ​គគុក​នោះ លោក​ប្រធាន​តុលាការ​បាន​ពិនិត្យ​ឃើញ​ថា ការ​ឃុំ​ខ្លួន​ឈ្មោះ​ជួប សំបាន និង​សាញ់ សុខែម​ មិន​ប្រក្រតី​ ទើប​លោក​មាន​ប្រតិ​កម្ម​ឱ្យ​ដោះ​លែង​ជន​ទាំង​​២​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន​រង់​ចាំ​ការ​ស៊ើប​អង្កេត​មុន​ចូល​អង្គ​សេចក្តី​។ ស្ថិត​ក្នុង​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​ លោក​ប៊ុន​ គង់ មេធាវី​ការ​ពារ​សិទ្ធិ​ឱ្យ​ជន​ដែល​ត្រូវ​ចោទ​ដាក់​ពាក្យ​ស្នើ​សុំ​ឱ្យ​លើក​លែង​ការ​ចោទ​ប្រកាន់​ទាំង​ស្រុង​លើ​ឈ្មោះ​ជួប សំបាន និង​ឈ្មោះ​សាញ់ សុខែម​។ ដោយ​យោង​លើ​លិខិត​ស្នើ​សុំ​របស់មេធាវី​ និង​ការ​ស៊ើប​អង្កេត​បន្ត​រក​ឃើញ​ថា ជន​ដែល​ត្រូវ​ចោទ​គ្មាន​ភស្តុ​តាង​គ្រប់​គ្រាន់​ មិន​ត្រូវ​មាន​ពិរុទ្ធ​ភាព​សម្រាប់​ដាក់​បន្ទុក​ ទើប​លោក​ចៅ​ក្រម​សម្រេច​លើក​លែង​ការ​ចោទ​ប្រកាន់​ទាំង​ស្រុង​តែ​ម្តង​។ បន្ទាប់​ពី​នេះ​ដើម​បណ្តឹង​គឺ​លោក​ជីប ធី វិញ​ទេ នឹង​ត្រូវ​រង​នូវ​ការ​ចេញ​ដីកា​ចាប់ខ្លួន​របស់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​នោះ​ដែល​ឈ្មោះ​នេះ​គេច​ខ្លួន​រហូត​មិន​ព្រម​ចូល​មក​តុលាការ​ឡើយ​៕

No comments:

Post a Comment

yes