លោកទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានមានប្រសាសន៍កាលពីថ្ងៃទី៤ តុលា ឆ្នាំ២០១១ ថា ក្នុងរយៈពេល៣០ ថ្ងៃមានអ្នកចុះឈ្មោះថ្មីចំនួន៥១៩.៨៣៩នាក់លើសពីការប៉ាន់ស្មានដែលមានចំនួន៤៧៦.០៣៧នាក់ យោងតាមរបាយការណ៍ដែល គ.ជ.ប ទទួលបានពីឃុំ-សង្កាត់ចំនួន១.៦១៦ ក្នុងចំណោមឃុំ-សង្កាត់១.៦២១នៅទូទាំងប្រទេស។
មានឈ្មោះចំនួន១១៤.៦៩៤នាក់ ដែលត្រូវលុប និងមានឈ្មោះចំនួន៨១.៦៩៤នាក់ត្រូវកែតម្រូវ។ លោកទេព នីថា បានមានប្រសាសន៍ឱ្យដឹងបែបនេះ នៅក្នុងកិច្ចប្រជុំជាមួយអង្គការមិនមែនរដ្ឋាភិបាល និងតំណាងគណបក្សនយោបាយនៅទីស្តីការ គ.ជ.ប ក្រោមអធិបតីភាពលោកមាន សទិ សមាជិក គ.ជ.ប។
លោកមាន សទិ បានថ្លែងថា គ.ជ.ប នឹងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ នៅក្នុងខែធ្នូ ឆ្នាំ២០១១នេះ។ ការបោះឆ្នោតនេះ ជាការបោះឆ្នោតអសាកលដែលមានតែសមាជិកក្រុមប្រឹក្សាសង្កាត់កំពុងស្ថិតនៅក្នុងតួទីចំនួន៨៩រូប មានសិទិ្ធបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខណ្ឌចំនួន១៩រូប និងមានតែគណបក្សនយោបាយពីរប៉ុណ្ណោះបានឈរឈ្មោះសម្រាប់ការបោះឆ្នោតនេះ។ ការផ្តល់សុពលភាពដល់បញ្ជីឈ្មោះក្រុមប្រឹក្សាខណ្ឌថ្មីនេះនឹងធ្វើឡើងនៅថ្ងៃទី៣០ វិច្ឆិកា ២០១១។
លោកទេព នីថា បានថ្លែងថា មានឃុំ-សង្កាត់ចំនួន៣១៦រងការជន់លិចដោយទឹកជំនន់ ហើយមានឃុំ-សង្កាត់ជាង១៥០ ត្រូវបានស្នើសុំឲ្យមានការពន្យារពេលក្នុងការៀបចំចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោត។ គ.ជ.ប កំពុងតែសិក្សាបន្ថែមលើភាពជាក់ស្តែងនៃឃុំ-សង្កាត់ទាំងនោះ និងដាក់ឲ្យ គ.ជ.ប សម្រេចនៅសបា្តហ៍ក្រោយនេះថា តើគួរបន្ថែមរយៈពេលចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះឬយ៉ាងណា។
មន្ត្រី គ.ជ.ប បានឲ្យដឹងទៀតថា គិតត្រឹមថ្ងៃទី៣ តុលា ឆ្នាំ២០១១ មានឃុំ-សង្កាត់ចំនួនជាង៣០០ក្នុងខេត្តចំនួន១៤ត្រូវជន់លិចដោយទឹកជំនន់។ ខេត្តទាំងនោះរួមមាន កំពង់ឆ្នាំង ៣៣ឃុំ-សង្កាត់ កំពង់ចាម ៥៦ឃុំ-សង្កាត់ កំពត ៦ឃុំ-សង្កាត់ កំពង់ធំ ៧១ឃុំ-សង្កាត់ ក្រចេះ ១៥ឃុំ-សង្កាត់ កណ្តាល ២១ឃុំ-សង្កាត់ ពោធិ៍សាត់១២ ឃុំ-សង្កាត់ ព្រះវិហារ ៣១ឃុំ-សង្កាត់ បន្ទាយមានជ័យ ៥ឃុំ-សង្កាត់ តាកែវ ១២ឃុំ-សង្កាត់ សៀមរាប ៦ឃុំ-សង្កាត់ បាត់ដំបងមាន៤ស្រុក ព្រៃវែង៤ស្រុក និងឧត្តរមានជ័យ ១២ឃុំ-សង្កាត់។
ដោយឡែកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបើកកិច្ចប្រជុំជាមួយតំណាងគណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាលស្តីពីការរៀបចំបញ្ជីឈ្មោះបោះឆ្នោត និងការបិទផ្សាយបញ្ជីឈ្មោះនៅតាមសាលាសង្កាត់-ខណ្ឌ និងប្តឹងតវ៉ា ឬជំទាស់សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅទីស្តីការ គ.ជ.ប ក្រោមអធិបតីភាពលោកមាន សទិ ជាសមាជិក គ.ជ.ប ។
មន្ត្រី គ.ជ.ប បន្តថា មានបេក្ខជនចំនួន៧៦រូប ក្នុងនោះមកពីគណបក្សប្រជាជនកម្ពុជា ៣៨រូប និងគណបក្សសមរង្ស៊ី៣៨រូប ហើយគណបក្សនីមួយៗមានបេក្ខជនបម្រុង៣៨រូបផ្សេងទៀត ដើម្បីឈរឈ្មោះក្រុមប្រឹក្សាពោធិ៍សែនជ័យ។ គ.ជ.ប បានទទួលបញ្ជីឈ្មោះបេក្ខជននៃគណបក្សទាំងពីរនេះរួចហើយ។
ពោធិ៍សែនជ័យ ជាខណ្ឌថ្មីមួយទៀតរបស់រាជធានីភ្នំពេញ និងជាខណ្ឌទី៩ ដែលទើបតែបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា។ ខណ្ឌនេះមានសង្កាត់ចំនួន១៣និងមានក្រុមប្រឹក្សាសរុបចំនួន១៨៩រូបមានសិទ្ធិចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខណ្ឌដែលគ្រោងនឹងជ្រើសរើសចំនួន១៩រូប។ មានតែគណបក្សនយោបាយចំនួនពីរប៉ុណ្ណោះ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសមរង្ស៊ី បានឈរឈ្មោះសម្រាប់ប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខណ្ឌនេះ ក្នុងចំណោមគណបក្សជាង៥០ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ហើយការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ធ្នូ ឆ្នាំ២០១១។
ការៀបចំសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យនេះ ធ្វើឡើង ខណៈពេលដែល គ.ជ.ប កំពុងរៀបចំការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះឆ្នាំ២០១១ ដែលនឹងត្រូវប្រើប្រាស់សម្រាប់បោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៣ នៅថ្ងៃទី៣ មិថុនា ឆ្នាំ២០១២ ខាងមុខ។ ស្របពេលជាមួយគ្នានេះដែរ មន្រ្តី គ.ជ.ប បានឲ្យដឹងថា មានឃុំ-សង្កាត់ចំនួន១៥០បានរងការលិចលង់ដោយសារជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គ ប៉ុន្តែមិនបានប៉ះពាល់ធ្ងន់ធ្ងរដល់ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតទេ។ យោងតាម គ.ជ.ប អះអាងថា មានប្រជាពលរដ្ឋប្រមាណជាង៥១ម៉ឺននាក់បានទៅចុះឈ្មោះ លើសពីការប៉ាន់ស្មានដែលថា មានប្រមាណតែជាង៤៧ម៉ឺននាក់។ ការរៀបចំការឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់សម្រាប់អាណត្តិទី៣នេះ រដ្ឋាភិបាល នឹងបង្កើតឃុំ-សង្កាត់បន្ថែមចំនួន១២ទៀត សរុបមាន១.៦៣៣ឃុំ-សង្កាត់នៅទូទាំងប្រទេសកម្ពុជា៕
ពីគេហទំព័រ៖ កោះសន្តិភាព
No comments:
Post a Comment
yes