Sunday, October 23, 2011
ក្រឡាប់រថយន្តនៅចំការកៅស៊ូពាមជាំងស្លាប់2នាក់ របួសច្រើននាក់
រថយន្តម៉ាកនីស្សាន់រត់ឈ្នួលភ្នំពេញ-រតនគិរីបានក្រឡាប់ធ្លាក់ចេញពីថ្នល់ជាតិលេខ១១ ត្រង់ផ្លូវកោង ស្ថិតនៅភូមិ២៥ ឃុំប្រធាតុ ស្រុកអូររាំងឪ កាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី២១ តុលា ២០១១ បណ្តាលឱ្យមនុស្ស២នាក់ស្លាប់ភ្លាម និងរងរបួសធ្ងន់ និងស្រាល១០នាក់ទៀត ហើយត្រូវគេដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ។
លោកវរសេនីយ៍ត្រីញែម សុខុម អធិការនគរបាលស្រុកអូររាំងឪប្រាប់ឱ្យដឹងថា អ្នកស្លាប់ទាំង២នាក់នោះ ម្នាក់ឈ្មោះសាន់ អឿន ភេទប្រុស អាយុ៥១ឆ្នាំ និងម្នាក់ទៀតឈ្មោះស៊ន់ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅស្រុកឈូក ខេត្តកំពត ត្រូវដឹកយកទៅធ្វើបុណ្យនៅស្រុកកំណើតទាំងយប់។ នៅមុនពេលកើតហេតុ រថយន្តឈ្នួលនេះបើកចេញពីរាជធានីភ្នំពេញដោយដឹកអ្នកដំណើរ និងបន្លែជាច្រើនយកទៅលក់នៅខេត្តរតនគិរី។ ពេលទៅដល់មូលដ្ឋានចំការកៅស៊ូពាមជាំង ដោយសារតែបើកក្នុងល្បឿនលឿន ពេលដល់ផ្លូវកោងយកចង្កូតមិនទាន់ក្រឡាប់ធ្លាក់ចូលទៅក្នុងប្រឡាយសង្កត់លើអ្នកដំណើរជាប់បណ្តាលឱ្យស្លាប់២នាក់ភ្លាម។ ក្រោយកើតហេតុប្រជាពលរដ្ឋរាយការណ៍ប្រាប់រូបលោក ហើយលោកក៏ដឹកនាំកម្លាំងទៅជាបន្ទាន់ ។ ពេលទៅដល់ឃើញរថយន្តក្រឡាប់បះជើងទ្រមេឃ ដោយព្រូរថយន្តកៀបជើងជាប់ដកមិនរួចក៏ជួយបង្ហើបរថយន្តទាញយកចេញ។
ស្ត្រីឈ្មោះលី ហ្សា អាយុ២១ឆ្នាំ រស់នៅខេត្តរតនគិរីប្រាប់ថា នាងទិញបន្លែ និងផ្លែឈើ ព្រមទាំងពងទាអស់ប្រាក់យ៉ាងច្រើនផ្ញើតាមរថយន្តឈ្នួលនីស្សាន់នោះដឹកពីភ្នំពេញយកទៅលក់នៅខេត្តរតនគិរី លុះដល់វេលាកណ្តាលអធ្រាត្របានទទួលដំណឹងថា រថយន្តនោះក្រឡាប់នៅស្រុកអូររាំងឪ ខេត្តកំពង់ចាម ។ នាងបានចេញដំណើរទៅតាមមើលទំនិញរបស់នាងទាំងយប់ ហើយឃើញពងទាបែកអស់រាប់ពាន់គ្រាប់ រួមនឹងរបស់ផ្សេងៗទៀត បើគិតជាទឹកប្រាក់រាប់លានរៀល។ មិនដឹងថា ឱ្យអ្នកបើកបររថយន្តនោះសងបែបណាទេ ព្រោះគេគេចខ្លួនបាត់ហើយ។
លោកអធិការនគរបាលស្រុកអូររាំងឪបញ្ជាក់ថា នៅព្រឹកថ្ងៃទី២២ តុលា រូបលោកទៅដល់កន្លែងកើតហេតុ ហើយស្ទូចរថយន្តនីស្សាន់ចេញពីក្នុងប្រឡាយ នាំទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូររាំងឪ ដើម្បីដោះស្រាយតាមច្បាប់។
លោកអធិការនគរបាលស្រុកអូររាំងឪបញ្ជាក់ថា នៅព្រឹកថ្ងៃទី២២ តុលា រូបលោកទៅដល់កន្លែងកើតហេតុ ហើយស្ទូចរថយន្តនីស្សាន់ចេញពីក្នុងប្រឡាយ នាំទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូររាំងឪ ដើម្បីដោះស្រាយតាមច្បាប់។
ពីគេហទំព័រ៖ កោះសន្តិភាព
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
yes