Sunday, October 23, 2011
ចាញ់បោកអតីតសង្សារយកម៉ូតូទៅបញ្ចាំប្តឹងសមត្ថកិច្ចថា ចោរប្លន់
និស្សិតនារីម្នាក់បានចាញ់បោកសង្សារយកម៉ូតូទៅបញ្ចាំ តែដោយខ្លាចម្តាយមីងស្តីបន្ទោសក៏បានទៅប្តឹងសមត្ថកិច្ចថា ចោរប្លន់។ ហេតុការណ៍នេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី២២ តុលា នៅចំណុចមុខផ្ទះលេខ៦៩ ផ្លូវលេខ២៣០ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ។ និស្សិតរូបនោះបានមកប្តឹងថា ម៉ូតូរបស់នាងម៉ាក ICON ពណ៌ លឿង ស៊េរី២០០៩ ពាក់ស្លាកលេខ ភ្នំពេញ 1AG-5590 ត្រូវក្រុមចោរចំនួន២នាក់ប្លន់យកទៅបាត់។ បន្ទាប់ពីធ្វើការសាកសួរ ទើបបែកធ្លាយរឿងដែលនិស្សិតរូបនោះឱ្យម៉ូតូទៅមិត្តភក្តិប្រុសម្នាក់ឈ្មោះប៊ុន ស៊ីប៉ូឡូ ជាអតីតសង្សារយកទៅបញ្ចាំក្នុងតម្លៃ៥៥០ដុល្លារ។
និស្សិតដែលបំភ្លៃសភាពការត្រូវសមត្ថកិច្ចប្រាប់ឱ្យដឹងថា ឈ្មោះហៃ សុវណ្ណនី ភេទស្រី អាយុ២២ឆ្នាំ ជានិស្សិតឆ្នាំ២ នៃសាកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច មានទីលំនៅផ្ទះលេខ១១Eo ផ្លូវលេខ២៣៤ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក។
តាមព័ត៌មានឱ្យដឹងនិស្សិតរូបនោះបានប្រាប់ថា ខ្លួនត្រូវក្រុមចោរធ្វើសកម្មភាពប្លន់យកម៉ូតូម៉ាក ICON ពណ៌លឿង យកទៅបាត់ដោយក្រុមចោរមានបក្សពួកចំនួន២នាក់ជិះម៉ូតូ១គ្រឿង ប្រដាប់ដោយអាវុធខ្លី ហើយបានវាយទៅលើនាង១ដៃ។
បន្ទាប់ពីទទួលបានការរាយការណ៍ សមត្ថកិច្ចប៉ុស្តិ៍ខណ្ឌទួលគោក រួមទាំងសមត្ថកិច្ចព្រហ្មទណ្ឌរាជធានីភ្នំពេញ បានចុះទៅសាកសួរ និងពិនិត្យកន្លែងកើតហេតុ ព្រោះមានការសង្ស័យ។ ដោយពុំមានសាក្សីណាបានឃើញពីសកម្មភាពប្លន់ និងម្យ៉ាងទៀត នៅចំណុចនោះ មានកាមេរ៉ាថត តែពេលសមត្ថកិច្ចបានទាក់ទងសុំត្រួតពិនិត្យពុំឃើញមានសកម្មភាពប្លន់។ ក្រោយមកទើបនិស្សិតរូបនោះបានសារភាពថា ម៉ូតូដែលបាត់បង់នោះ ព្រោះខ្លួនចាញ់បោកមិត្តភក្តិ ហើយឈានទៅស្រាវជ្រាវដកហូតបានម៉ូតូនោះត្រឡប់មកវិញ៕
ពីគេហទំព័រ៖ កោះសន្តិភាព
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
yes