សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, October 29, 2011

តុលាការ​លើក​ពេល​ប្រកាស​សាលក្រម​លើ​សំណុំ​រឿង​ពលរដ្ឋ​២២​នាក់

 តុលាការ​ខេត្ត​បន្ទាយមានជ័យ បាន​លើក​ពេល​ប្រកាស​សាលក្រម​លើ​សំណុំ​រឿង​ប្រជាពលរដ្ឋ ២២​នាក់​ដែល​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ បាន​ប្ដឹង​ចោទ​ប្រកាន់​ពី​បទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា លើ​ទ្រព្យ​សម្បត្តិ​រដ្ឋ​កាល​ពី​ឆ្នាំ​២០០៨។
ប្រជាពលរដ្ឋ​ចំនួន ១២​នាក់ ក្នុង ២២​នាក់ រស់​នៅ​ភូមិ​ទួលប្រាសាទ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ បាន​ឆ្លើយ​បំភ្លឺ​ក្នុង​អង្គ​សវនាការ​កាល​ពី​ថ្ងៃ​សុក្រ ទី​២៨ ខែ​តុលា ថា ពួក​គេ​ពុំ​បាន​ប្រព្រឹត្ត​ដូច​ការ​ប្ដឹង​ចោទ​ប្រកាន់​នោះ​ទេ។
មេធាវី​ការពារ​ក្ដី​ភាគី​ពលរដ្ឋ​ជា​​ចុង​ចោទ​បាន​ស្នើ​សុំ​ឲ្យ​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ ពិចារណា និង​លើក​លែង​ការ​ចោទ​ប្រកាន់​ទៅ​លើ​អ្នក​ភូមិ​ចំនួន ២២​នាក់ ឲ្យ​បាន​រួច​ផុត​ពី​ការ​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ។ 
អ្នក​ភូមិ​ទាំង ២២​នាក់​ត្រូវ​បាន​លោក តុប ចន្ទសេរីវុឌ្ឍ អតីត​ព្រះរាជអាជ្ញា​តុលាការ​ខេត្ត​ពោធិ៍សាត់ ចោទ​ប្រកាន់​ពី​បទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​លើ​ទ្រព្យ​សម្បត្តិ​រដ្ឋ កាល​ពី​ឆ្នាំ​២០០៨ ទាក់ទិន​បញ្ហា​ទំនាស់​ដីធ្លី​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ។
លោក ឡុង លន់ មេធាវី​ការពារ​ក្ដី​មក​ពី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បាន​មាន​ប្រសាសន៍​ថា តុលាការ​ខេត្ត​បន្ទាយមានជ័យ បាន​លើក​ពេល​ប្រកាស​សាលក្រម​ដោយ​ពុំ​បាន​កំណត់​កាលបរិច្ឆេទ បន្ទាប់​ពី​បាន​បើក​សវនាការ​សួរ​ដេញដោល​ពេញ​មួយ​ព្រឹក កាល​ពី​ថ្ងៃ​សុក្រ ទី​២៨ ខែ​តុលា ឆ្នាំ​២០១១។
លោក​ថា ករណី​ប្ដឹង​អ្នក​ភូមិ​ទាំង ២២​នាក់ កើត​មាន​តាំង​ពី​ឆ្នាំ​២០០៨។ កូន​ក្ដី​របស់​លោក​ដែល​ចូល​ឆ្លើយ​ក្នុង​អង្គ​សវនាការ បាន​បញ្ជាក់​ជូន​តុលាការ​ថា ពួកគេ​ពុំ​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​របស់​តំណាង​អយ្យការ​ទេ។ ពួកគេ​ក៏​មិន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការ​វាយ​បំបាក់​បង្គោល​ព្រំ​របស់​សុរិយោ​ដី​នោះ​ដែរ។
«ទស្សនៈ​ខ្ញុំ​ជា​មេធាវី​មើល​ឃើញ​ថា ការ​ចោទ​ប្រកាន់​របស់​តំណាង​អយ្យការ​ពុំ​មាន​ភស្តុតាង​ណា​មួយ​ដាក់​បន្ទុក​ឲ្យ​បាន​ច្បាស់លាស់​ថា ប្រជាពលរដ្ឋ​ដែល​ជា​កូន​ក្ដី​ខ្ញុំ​ទាំង​អស់​នេះ ប្រព្រឹត្ត​បទល្មើស​ហ្នឹង គឺ​មិន​មាន​ទេ សូម្បី​តែ​សាក្សី​ពីរ​នាក់​ដែល​ពួក​គាត់​អះអាង​ថា ជា​អ្នក​សារព័ត៌មាន គាត់​បាន​បញ្ជាក់​ដែរ គាត់​បាន​ឃើញ​បង្គោល​ហ្នឹង​បាក់ ប៉ុន្តែ​គាត់​មិន​បាន​ឃើញ​អ្នក​ណា​ជា​អ្នក​ធ្វើ​ឲ្យ​ខូច​នោះ​ទេ»
វិទ្យុ​អាស៊ីសេរី នៅ​ពុំ​ទាន់​អាច​ទាក់ទង​ប្រធាន​ចៅក្រម​ជំនុំ​ជម្រះ លោក ធៀម ច័ន្ទពិសិដ្ឋ ដើម្បី​សុំ​សេចក្ដី​បញ្ជាក់​បន្ថែម​ជុំវិញ​ការ​ស្នើ​សុំ​របស់​មេធាវី​ការពារ​ក្ដី​អ្នក​ភូមិ​ទាំង ២២​នាក់​នេះ​បាន​ទេ។ 
លោក ស៊ុំ ចន្ទគា ជា​ប្រធាន​សម្របសម្រួល​របស់​សមាគម​អាដហុក ប្រចាំ​ខេត្ត​បន្ទាយមានជ័យ។ លោក​បាន​ឲ្យ​ដឹង​ថា សំណុំ​រឿង​ទំនាស់​ដីធ្លី​នេះ​បាន​កើត​មាន​តាំង​ពី​ឆ្នាំ​២០០៨។ អាជ្ញាធរ​បាន​ចុះ​ទៅ​វាស់វែង​លើ​ដី​ប្រជាពលរដ្ឋ​ស្ថិត​នៅ​ភូមិ​ទួលប្រាសាទ សង្កាត់​ប៉ោយប៉ែត ហើយ​ក៏​ត្រូវ​ប្រជាពលរដ្ឋ​លើក​គ្នា​ប្រឆាំង​ជំទាស់។ ប៉ុន្តែ​អាជ្ញាធរ​បាន​ប្ដឹង​ចោទ​ប្រកាន់​អ្នក​ភូមិ ២២​នាក់​ពី​បទ​បំផ្លិចបំផ្លាញ​បង្គោល​សុរិយោដី។ 
ក្រោយ​មក​មាន​អ្នក​ភូមិ​បី​នាក់​ត្រូវ​បាន​អតីត​ព្រះរាជអាជ្ញា​តុលាការ​ខេត្ត​ពោធិ៍សាត់ លោក តុប ចន្ទសេរីវុឌ្ឍ ចាប់​ឃុំ​អស់​រយៈពេល​ជា​ច្រើន​ខែ។ អ្នក​ភូមិ​ទាំង​បី​នាក់​ក្នុង​ចំណោម ២២​នាក់​នោះ​ត្រូវ​បាន​តុលាការ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​វិញ ក្រោយ​ពី​អ្នក​ភូមិ​លើក​គ្នា​ធ្វើ​បាតុកម្ម​ទាមទារ និង​មាន​លិខិត​អន្តរាគមន៍​ពី​ក្រសួង​យុត្តិធម៌​នោះ​មក។
នៅ​ក្នុង​អង្គ​សវនាការ​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ ទី​២៨ ខែ​តុលា តំណាង​អយ្យការ​បាន​សំណូមពរ​ឲ្យ​លោក​ប្រធាន​ចៅក្រម​ជំនុំ​ជម្រះ​ធ្វើ​ការ​សម្រេច​ក្ដី​ឲ្យ​ប្រជាពលរដ្ឋ​ទាំង ២២​នាក់ ទៅ​តាម​ផ្លូវ​ច្បាប់ ដោយ​សំអាង​លើ​ហេតុផល​ថា បង្គោល​ព្រំ​ដី​មាន​ការ​ខូចខាត​ពិត​បា្រកដ​មែន។ ប៉ុន្តែ​ក្រុម​អ្នក​ភូមិ​ចំនួន ១២ ក្នុង​ចំណោម ២២​នាក់ បាន​បញ្ជាក់​ថា តំណាង​អយ្យការ​មិន​បាន​រក​ឃើញ​ភស្តុតាង​ណា​ដែល​អាច​បញ្ជាក់​ថា ពួកគេ​ទាំង ២២​នាក់​ជាអ្នក​​ធ្វើ​ឲ្យ​បាក់​បង្គោល​ព្រំដី​នោះ​ទេ៕

ពីវិទ្យុ អាស៊ីសេរី

No comments:

Post a Comment

yes