សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, October 29, 2011

ខុមហ្វ្រែល​ចោទ​អាជ្ញាធរ​មូលដ្ឋាន​នៅ​រតនគិរី​ថា​រំខាន​ការងារ

សកម្មជន​អ្នក​សង្កេតការណ៍​បោះ​ឆ្នោត​អង្គការ​ខុមហ្វែ្រល (COMFREL) នៅ​ថ្ងៃ​សៅរ៍ ទី​២៩ ខែ​តុលា ឆ្នាំ​២០១១ នេះ បាន​ចោទ​ប្រកាន់​អាជ្ញាធរ​មូលដ្ឋាន​នៅ​ខេត្ត​រតនគិរី ថា មាន​ចេតនា​រំខាន​ដល់​គម្រោង​ធ្វើ​សម្រង់​មតិ​ប្រជាពលរដ្ឋ​ស្ដីពី​ភាព​វិជ្ជមាន និង​អវិជ្ជមាន​កាល​ពី​អំឡុង​យុទ្ធនាការ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១១ ទើប​តែ​កន្លង​ទៅ​ថ្មីៗ​នេះ។


 សកម្មជន​ស្ម័គ្រ​ចិត្ត​អង្គការ​ខុមហ្វែ្រល ប្រចាំ​ស្រុក​លំផាត់ គឺ​លោក ស្វិន វេវ។ លោក​បាន​បញ្ជាក់​ថា លោក​បាន​ខកខាន​ធ្វើ​សម្រង់​មតិ​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ឃុំ​កាឡែង តាំង​ពី​ថ្ងៃ​ទី​២៧ ខែ​តុលា ឆ្នាំ​២០១១ រហូត​បច្ចុប្បន្ន ដោយសារ​តែ​នាយ​ប៉ូលិស​ប៉ុស្តិ៍ និង​មេឃុំ​មិន​អនុញ្ញាត​ឲ្យ​លោក​ជួប​សម្ភាសន៍​ជាមួយ​ប្រជាពលរដ្ឋ​តាម​គម្រោង​របស់​ខុមហ្វ្រែល ដើម្បី​ប្រមូល​ទិន្នន័យ​គុណភាព​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១១។
លោក ស្វិន វេវ បន្ថែម៖ «មាន​ពាក់​ប័ណ្ណ​បង្ហាញ​មេ​ឃុំ​បង្ហាញ​អី​ទាំង​អស់ លិខិត​បេសកកម្ម​ហ្នឹង​បង្ហាញ​ឲ្យ​គាត់​មើល​ទៀត។ គាត់​ថា មិន​ឲ្យ​ចុះ​ទេ ព្រោះ​យើង​ធ្វើ​មិន​ត្រូវ​គេ​ថា មិន​បាន​សុំ​ស្រុក​មិន​បាន​សុំ​ឃុំ»
អង្គការ​ខុមហ្វ្រែល បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​ដល់​សកម្មជន​មក​ពី​ខេត្ត​ក្រុង​ទាំង ២៤ ដើម្បី​ធ្វើ​ការ​អង្កេត​ទៅ​លើ​ប្រជាពលរដ្ឋ​ជាង ៨​ពាន់​នាក់​នៅ​តាម​មូលដ្ឋាន​មួយ​ចំនួន ដើម្បី​ប្រមូល​ទិន្នន័យ​បន្ថែម​ពី​ចំណុច​វិជ្ជមាន និង​អវិជ្ជមាន​ស្ដីពី​លទ្ធផល​នៃ​យុទ្ធនាការ​ចុះ​ឈ្មោះ និង​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១១ ដើម្បី​ធ្វើ​សវនកម្ម​វាយ​តម្លៃ​បញ្ជី​បោះ​ឆ្នោត​នេះ​នា​ចុង​ខែ​មករា ឆ្នាំ​២០១២។
មេ​ឃុំ​កាឡែង ស្រុក​លំផាត់ លោក ស៊ុត សុំ មាន​ប្រសាសន៍​ទទួល​ស្គាល់​ថា លោក​ពិត​ជា​មិន​អនុញ្ញាត​ឲ្យ​សកម្មជន​ខុមហ្វ្រែល ធ្វើ​សកម្មភាព​ណា​មួយ​ក្នុង​មូលដ្ឋាន​របស់​លោក​មែន ដោយសារ​ពុំ​មាន​លិខិត​អនុញ្ញាត​ពី​អាជ្ញាធរ​ខេត្ត។ លោក​បញ្ជាក់​ថា នេះ​គឺ​ជា​ការ​ណែនាំ​របស់​អាជ្ញាធរ​ថ្នាក់​ស្រុក​ដូច្នេះ​លោក​ត្រូវ​អនុវត្ត​តាម​ការ​ណែនាំ​នេះ៖ «គ.ជ.ប. គេ​និយាយ​ដែរ​មិន​ត្រូវ​ប្រកាន់​គណបក្ស​នយោបាយ​ណា​ទេ ត្រូវ​តែ​មាន​ខេត្ត និង​ស្រុក ចុះ​ហត្ថលេខា​មិន​អ៊ីចឹង?»
ប្រធាន​លេខាធិការដ្ឋាន​ខេត្ត​រៀបចំ​ការ​បោះ​ឆ្នោត​លោក ប៉ែន ឈុនឌី បាន​បញ្ជាក់​ថា បញ្ហា​ដែល​កើត​មាន​នេះ​មិន​ឋិត​ក្រោម​សមត្ថកិច្ច​របស់​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​នោះ​ទេ។ លោក​ផ្ដល់​ជា​យោបល់​ថា អ្នក​ទទួល​ខុស​ត្រូវ​ខុមហ្វ្រែល គួរ​ធ្វើការ​សម្រប​សម្រួល​បញ្ហា​នេះ​ជាមួយ​មន្ត្រី​អាជ្ញាធរ​ដើម្បី​សម្រេច​បាន​លទ្ធផល​របស់​ខ្លួន​តាម​ការ​គ្រោង​ទុក៖ «ខាង​ខ្ញុំ​នេះ​គឺ​ផ្ដោត​សំខាន់ គឺ​ការ​ពិនិត្យ​បញ្ជី​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ក្នុង​អំឡុង​ពេល ១ កញ្ញា រហូត​ដល់ ១៥ តុលា​ទេ»
នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល គឺ​លោក គល់ បញ្ញា បាន​បញ្ជាក់​ថា គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត​មាន​តួនាទី​សំខាន់​ណាស់​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ក្រុម​សង្កេតការណ៍​បំពេញ​ការងារ​បាន​ត្រឹមត្រូវ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​រហូត​ដល់​ថ្ងៃ​កំណត់​បោះ​ឆ្នោត៖ «យើង​ចង់​ឲ្យ​ថ្នាក់​មូលដ្ឋាន​ធ្វើ​ការ​សិន ព្រោះ​អត់​មាន​រឿង​អី​ធំដុំ​សោះ។ យើង​ត្រូវ​តែ​អនុវត្ត​តាម​ភារកិច្ច ហើយ​ត្រូវ​ការ​គាំទ្រ បើ​មិន​អ៊ីចឹង​ទេ បញ្ជាក់​ថា កន្លែង​ឃុំ​ដែល​ហាមឃាត់​យើង​ហ្នឹង​មាន​បញ្ហា»
អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ។ លោក​បាន​បញ្ជាក់​ថា ជា​គោលការណ៍​ខុមហ្វ្រែល មិន​ចាំបាច់​សុំ​លិខិត​អនុញ្ញាត​ពី​អាជ្ញាធរ​ខេត្ត​ទៀត​ទេ។ លោក​ពន្យល់​ថា អ្វីៗ​វា​នឹង​ប្រសើរ ប្រសិន​ណា​ខុមហ្វ្រែល ធ្វើ​ការ​ជូន​ដំណឹង​ដល់​អាជ្ញាធរ​មុន​ចុះ​ទៅ​មូលដ្ឋាន៖ «មិន​អី​ទេ​គ្រាន់​តែ​ជា​ការ​ជូន​ព័ត៌មាន​ខ្ញុំ​ទៅ​ធ្វើ Survey (ស្ទង់​មតិ) នៅ​ទី​កន្លែង​នេះ។ អា​ហ្នឹង​វា​អត់​មាន​ផ្លូវ​ច្បាប់​ទេ វា​ជា​ការ​រាប់​អាន​គ្នា ការ​សហការ​គ្នា»
នៅ​ខេត្ត​រតនគិរី សកម្មជន​ខុមហ្រ្វែល ចំនួន ៩​នាក់ បាន​ចុះ​ធ្វើ​សម្រង់​មតិ​នេះ​នៅ​ឃុំ​ចំនួន​៦ និង​ត្រូវ​សម្ភាស​ប្រជាពលរដ្ឋ​ពី ២០០ ទៅ ៣០០​នាក់ ចាប់​ពី​ថ្ងៃ​ទៅ​២៧ ខែ​តុលា ឆ្នាំ​២០១១ សម្រាប់​រយៈពេល​ពី​៥ ទៅ ៧​ថ្ងៃ ក៏​ប៉ុន្តែ​រហូត​មក​ទល់​នឹង​ថ្ងៃ​សៅរ៍ ទី​២៩ ខែ​តុលា នេះ ក្រៅ​ពី​ឃុំ​កាឡែង មិន​ឃើញ​មាន​ប្រតិកម្ម​ហាមឃាត់​ពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ផ្សេង​ទៀត​ឡើយ។
យ៉ាង​នេះ​ក្ដី អភិបាល​ស្រុក​លំផាត់ លោក គង់ ស្រ៊ុន។ លោក​បាន​បញ្ជាក់​ថា ស្រុក​នឹង​ធ្វើការ​សម្របសម្រួល​ករណី​នេះ​វិញ ប្រសិន​ខុមហ្រ្វែល ជូន​ដំណឹង​មក​អាជ្ញាធរ​ស្រុក។
នាយក​អង្គការ​ខុមហ្វែ្រល ឲ្យ​ដឹង​ថា មាន​ខេត្ត​ចំនួន​បី​ផ្សេង​ទៀត​ក៏​កើត​មាន​បញ្ហា​ហាម​ឃាត់​សកម្មជន​ចុះ​ធ្វើ​សម្រង់​មតិ​នេះ​ដូច​គ្នា ក៏​ប៉ុន្តែ​ខុមហ្វ្រែល នៅ​មូលដ្ឋាន​បាន​ធ្វើ​ការ​សម្របសម្រួល​រួច​រាល់​នៅ​ខេត្ត​កំពត និង​កំពុង​បន្ត​ដោះស្រាយ​ខេត្ត​ផ្សេង​ទៀត​ដែល​មិន​មាន​ការ​យល់​គ្នា៕

ពីវិទ្យុ អាស៊ីសេរី

No comments:

Post a Comment

yes