សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, December 23, 2012

បក្ស​ប្រឆាំង​បដិសេធ​មិន​មាន​សមាជិក​ចុះ​ចូល​បក្ស​ហ៊្វុនស៊ិនប៉ិច

គណបក្ស​ប្រឆាំង​បដិសេធ​ថា មិន​មាន​សមាជិក​របស់​ខ្លួន​ទៅ​ចុះ​ចូល​ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដូច​ការ​អះអាង​របស់​លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច ទេ។
ផ្ទុយ​ទៅ​វិញ មាន​តែ​សមាជិក​បក្ស​ហ៊្វុនស៊ិនប៉ិច ទេ បាន​មក​ចូល​រួម​ជាមួយ​គណបក្ស​ប្រឆាំង ឬ​បក្ស​សង្គ្រោះ​ជាតិ ជា​បក្ស​ដែល​ទើប​បង្កើត​ថ្មី។
បញ្ហា​នេះ អ្នក​វិភាគ​ស្ថានការណ៍​សង្គម វិភាគ​ឃើញ​ថា បក្ស​ហ៊្វុនស៊ិនប៉ិច សព្វថ្ងៃ គ្មាន​យុទ្ធសាស្ត្រ​ទាក់​ទាញ​សមាជិក​គណបក្ស​ប្រឆាំង​ទៅ​ចុះ​ចូល​ជាមួយ​បក្ស​ខ្លួន​បាន​ទេ ព្រោះ​ថា​បក្ស​នេះ​ស្ទើរ​ទប់​លំនឹង​ខ្លួន​ឯង​មិន​បាន​ផង​នោះ។
លោក យឹម សុវណ្ណ មន្ត្រី​នាំ​ពាក្យ និង​ជា​សមាជិក​សភា​គណបក្ស សម រង្ស៊ី បាន​ថ្លែង​រិះគន់​ចំពោះ​ការ​បំផុស​ព័ត៌មាន​របស់​មេ​ដឹកនាំ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ថា​មាន​សមាជិក​បក្ស​ប្រឆាំង​ចុះ​ចូល​បក្ស​ខ្លួន​នោះ ថា​ជា​រឿង​គួរ​ឲ្យ​អស់​សំណើច និង​មិន​អាច​ឲ្យ​ជឿ​បាន។
លោក​បន្ត​ថា នៅ​គ្រា​គណបក្ស សិទ្ធិ​មនុស្ស និង​គណបក្ស សម រង្ស៊ី បាន​រួម​គ្នា​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ ប្រជាពលរដ្ឋ ឬ​ម្ចាស់​ឆ្នោត បាន​អបអរ និង​គាំទ្រ​ទូទាំង​ប្រទេស។ ដូច្នេះ​លោក​គ្មាន​ជំនឿ​ថា​ម្ចាស់​ឆ្នោត ឬ​សមាជិក​បក្ស​ប្រឆាំង​ងាក​ទៅ​គាំទ្រ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​កំពុង​មាន​សភាព​ដុនដាប​នោះ​ទេ។
ការ​បញ្ចេញ​ប្រតិកម្ម​បែប​នេះ បន្ទាប់​ពី​លោក ញឹក ប៊ុនឆៃ ប្រធាន​ប្រតិបត្តិ​គណបក្ស​ហ៊្វុនស៊ិនប៉ិច កាល​ពី​ថ្ងៃ​ទី២០ ខែ​ធ្នូ ឆ្នាំ​២០១២ បាន​អះអាង​ថា ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ មាន​សមាជិក​តាម​មូលដ្ឋាន​គណបក្ស​ប្រឆាំង មាន​បក្ស សម រង្ស៊ី និង​សិទ្ធិ​មនុស្ស រាប់​ម៉ឺន​នាក់ បាន​ចុះ​ចូល​បក្ស​ខ្លួន។ តែ​ការ​អះអាង​នេះ ត្រូវ​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​ពេបជ្រាយ និង​ប្រដូច​បក្ស​ហ៊្វុនស៊ិនប៉ិច ទៅ​នឹង​ចង្កៀង​ប្រេង​កាត ដែល​ស្ងួត​ប្រេង​រក​កល​នឹង​រលត់។
ស្រដៀង​គ្នា​នេះ​ដែរ លោក អ៊ូ ចន្ទឫទ្ធិ មន្ត្រី​នាំ​ពាក្យ និង​ជា​សមាជិក​សភា​គណបក្ស សិទ្ធិ​មនុស្ស ក៏​បាន​ផ្ទុះ​សំណើច ពេល​ឮ​ថ្នាក់​ដឹកនាំ​គណបក្ស​ហ៊្វុនស៊ិនប៉ិច បំផុស​ព័ត៌មាន​ថា​មាន​សមាជិក​បក្ស​ខ្លួន​តាម​មូលដ្ឋាន​ងាក​ទៅ​ចុះ​ចូល​បក្ស​ហ៊្វុនស៊ិនប៉ិច នោះ។
ការ​បោះ​ឆ្នោត​ជាតិ​អាណត្តិ​ទី៥ ឆ្នាំ​២០១៣ លោក អ៊ូ ចន្ទឫទ្ធិ ព្រួយ​បារម្ភ​ជំនួស​មេ​ដឹកនាំ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​ថា​បក្ស​នេះ​មិន​អាច​រក​សំឡេង​បាន ១​អាសនៈ​ក្នុង​រដ្ឋសភា​បាន​ផង កុំ​ថា​អាច​កែ​នគរ​សមាជិក​គណបក្ស​ប្រឆាំង​ឲ្យ​ងាក​មក​ចូល​ជាមួយ​គណបក្ស​ខ្លួន​ទៀត​នោះ។ លោក អ៊ូ ចន្ទឫទ្ធិ បាន​ប្រដូច​គណបក្ស​ហ៊្វុនស៊ិនប៉ិច បច្ចុប្បន្ន ទៅ​នឹង​កំណាត់​ឈើ​ពុក ដែល​មនុស្ស​ម្នា​ផង​ទាំង​ពួង​គ្មាន​ចំណាប់​អារម្មណ៍ ព្រោះ​គ្មាន​តម្លៃ​អាច​យក​ទៅ​ឆ្នៃ​ជា​សម្ភារៈ​ប្រើប្រាស់​បាន​នោះ។
ទោះ​ជា​មេ​ដឹកនាំ​បក្ស​ប្រឆាំង​បដិសេធ ព្រម​ទាំង​ថ្លែង​ចំអក​ឲ្យ​បែប​នេះ​ក្តី ក៏​លោក ញឹក ប៊ុនឆៃ ប្រធាន​ប្រតិបត្តិ​គណបក្ស​ហ៊្វុនស៊ិនប៉ិច នៅ​តែ​អះអាង​ថា​ពិត​ជា​មាន​សមាជិក​គណបក្ស​ប្រឆាំង​រាប់​ម៉ឺន​នាក់ មក​ពី​រាជធានី ខេត្ត ជាង​១០ ទូទាំង​ប្រទេស បាន​មក​ចូល​រួម​ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច។ លោក​ថា មិន​បាន​បំប៉ោង​តួលេខ​នៃ​ចំនួន​សមាជិក​បក្ស​ប្រឆាំង​មក​ចុះ​ចូល​ជាមួយ​បក្ស​ខ្លួន​ទេ ប៉ុន្តែ​សមាជិក​ទាំង​នោះ​ជា​សមាជិក​គណបក្ស​ហ៊្វុនស៊ិនប៉ិច ចាស់ ហើយ​បាន​ងាក​ទៅ​គាំទ្រ​បក្ស​ប្រឆាំង​កន្លង​មក។
ផ្ដើម​ពី​បញ្ហា​នេះ លោក​បណ្ឌិត សុខ ទូច អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ​ឯករាជ បាន​ថ្លែង​ថា គណបក្ស​ហ៊្វុនស៊ិនប៉ិច មិន​អាច​ស្ដារ​កិត្តិយស​បាន​ទេ ព្រោះ​ម្ចាស់​ឆ្នោត​អស់​ជំនឿ។ លោក​បណ្ឌិត​បាន​ចាត់​ទុក​ចលនា​បំផុស​ព័ត៌មាន​ថា មាន​សមាជិក​បក្ស​ប្រឆាំង​មក​ចុះ​ចូល​បក្ស​ហ៊្វុនស៊ិនប៉ិច ជា​យុទ្ធសាស្ត្រ​របស់​អ្នក​នយោបាយ ដើម្បី​ទាក់​ទាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ ឬ​ម្ចាស់​ឆ្នោត​នៅ​គ្រា បក្ស​ហ៊្វុនស៊ិនប៉ិច ត្រូវ​គេ​បំភ្លេច​លែង​នឹក​នា​ទៅ​ហើយ​នោះ។
តាម​ការ​វិភាគ​របស់​លោក​បណ្ឌិត សុខ ទូច លោក​មិន​ឃើញ​មាន​ពន្លឿន​ណា​មួយ​ដែល​ជំរុញ​ឲ្យ​ហ៊្វុនស៊ិនប៉ិច អាច​ស្រោចស្រង់​កិត្តិយស ឬ​ទទួល​បាន​ការ​គាំទ្រ​ពី​ម្ចាស់​ឆ្នោត​ដូច​ការ​បោះ​ឆ្នោត​ជាតិ​អាណត្តិ​ទី១ ឆ្នាំ​១៩៩៣ ទៀត​ទេ។
យ៉ាង​នេះ​ក្តី លោក ញឹក ប៊ុនឆៃ ប្រធាន​ប្រតិបត្តិ​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​អះអាង​ថា នៅ​ចុង​ឆ្នាំ​២០១២ នេះ ឃើញ​មាន​សមាជិក​សមាគម​អ្នក​ប្រជាធិបតេយ្យ​របស់​លោក ម៉ម សូណង់ដូ និង​សមាជិក​គណបក្ស សម រង្ស៊ី ពិសេស​បក្ស សិទ្ធិ​មនុស្ស រាប់​ម៉ឺន​នាក់ បាន​មក​ចូល​រួម​ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ភ្លូក​ទឹក​ភ្លូក​ដី។ ដោយ​សមាជិក​ចុះ​ចូល​ទាំង​នោះ មាន​មក​ពី​ខេត្ត​បន្ទាយមានជ័យ កំពង់ចាម កំពង់ធំ ព្រៃវែង តាកែវ កណ្ដាល កំពង់ស្ពឺ កំពត កំពង់ឆ្នាំង បាត់ដំបង សៀមរាប និង​រាជធានី​ភ្នំពេញ​ជាដើម។
ការ​បោះ​ឆ្នោត​ជាតិ ឬ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី១ ឆ្នាំ​១៩៩៣ គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​ឈ្នះ​ការ​បោះ​ឆ្នោត ដោយ​ទទួល​បាន​អាសនៈ​៥៨ ក្នុង​រដ្ឋសភា។ ប៉ុន្តែ​អាណត្តិ​ក្រោយ​មក បន្ទាប់​ពី​បក្ស​នេះ​បែក​បាក់​ផ្ទៃ​ក្នុង បាន​ចាញ់​ឆ្នោត​ជា​បន្ត​បន្ទាប់ រហូត​ទទួល​បាន​អាសនៈ​តែ​២ ក្នុង​រដ្ឋសភា សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ​អាណត្តិ​ទី៤ ឆ្នាំ​២០០៨៕

No comments:

Post a Comment

yes