មន្ត្រីរដ្ឋាភិបាលកម្ពុជា បានច្រានចោល និងចាត់ទុកការចោទប្រកាន់ពីសំណាក់មេធាវីអន្តរជាតិរបស់លោក នួន ជា មកលើមេដឹកនាំ និងមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល ជាការទម្លាក់កំហុសដោយគ្មានមូលដ្ឋាន និងជាចេតនាបន្ទុចបង្អាក់ដំណើរការសំណុំរឿង ០០២។
ការច្រានចោលរបស់មន្ត្រីរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងបន្ទាប់ពីលោក Michiel PESTMAN និងលោក Andrew IANUZZI មេធាវីអន្តរជាតិរបស់ជនជាប់ចោទ លោក នួន ជា បានដាក់ពាក្យបណ្ដឹងមួយទៅកាន់តុលាការរាជធានីភ្នំពេញ ដើម្បីស្នើឲ្យព្រះរាជអាជ្ញាចាប់ផ្ដើមស៊ើបអង្កេតសំណុំរឿងព្រហ្មទណ្ឌប្រឆាំងនឹងលោកជា ស៊ីម ប្រធានព្រឹទ្ធសភា លោក ហេង សំរិន ប្រធានរដ្ឋសភា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក គាត ឈន់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អ៊ុក ប៊ុនឈឿន សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា លោក ស៊ីម កា សមាជិកព្រឹទ្ធសភា លោក ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក គង់ សំអុល រដ្ឋមន្ត្រីព្រះបរមរាជវាំង លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា និងលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ។
នៅក្នុងបណ្ដឹងរបស់មេធាវីទាំងពីររូបនេះ ដែលភ្នំពេញ ប៉ុស្តិ៍ទទួលបាននៅថ្ងៃចន្ទនេះ បានចោទប្រកាន់ទៅលើមេដឹកនាំ និងមន្ត្រីជាន់ខ្ពស់កម្ពុជាខាងលើ ថាបានប្រើឥទ្ធិពលនយោបាយដើម្បីលូកលាន់ក្នុងកិច្ចការសាលាក្ដីខ្មែរក្រហម ដែលគាំទ្រដោយអង្គការសហប្រជាជាតិ សម្រាប់ជម្រះទោសអតីតមេដឹកនាំជាន់ខ្ពស់នៃរបបកម្ពុជាប្រជាធិបតេយ្យ។
លោក កែវ រ៉េមី អ្នកនាំពាក្យនៃអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស របស់ទីស្ដីការគណៈរដ្ឋមន្ត្រី បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាននៅថ្ងៃចន្ទនេះ៖ «ខ្ញុំចង់ជម្រាបថា មេធាវីរបស់លោក នួន ជា ចង់ឆ្លៀតយកឱកាសនេះបន្ទុចបង្អាក់ដំណើរការសំណុំរឿង ០០២ ដែលនឹងបើកសវនាការនៅថ្ងៃទី២១ ខែវិច្ឆិកាខាងមុខនេះ»។ពីគេហទំព័រ៖ ភ្នំពេញប៉ុស្តិ៏
No comments:
Post a Comment
yes