ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា កាលពីថ្ងៃសៅរ៍ម្សិលមិញ បានស្វះស្វែងបង្ហាញខ្លួនជាមេដឹកនាំខ្លាំងមួយរូបខាងផ្នែកគោលនយោបាយការបរទេស ដោយបានចាត់ទុកការដកទ័ពអាមេរិកចេញពីប្រទេសអ៊ីរ៉ាក់ និងការស្លាប់របស់មេដឹកនាំលីប៊ី លោក មួម៉ារ កាដាហ្វី ជារឿងដ៏ជោគជ័យ។
នៅក្នុងសុន្ទរកថាមួយដែលហាក់បង្ហាញថា លោក អូបាម៉ា រុញបន្ថែមនូវការយុទ្ធនាការបោះឆ្នោតជាថ្មីរបស់លោកនៅឆ្នាំ២០១២ លោកថ្លែងថា ការដឹកនាំរបស់លោក អាចធ្វើឲ្យគេបើកទំព័រមួយនៅក្នុងសង្គ្រាមរយៈពេលមួយទសវត្សរ៍ និងផ្ដោតសំខាន់ជាថ្មីម្ដងទៀតលើការជំរុញសេដ្ឋកិច្ច និងសងប្រាក់បំណុលរដ្ឋជាបណ្ដើរ។
លោក អូបាម៉ារ បាននិយាយនៅក្នុងសុន្ទរកថាប្រចាំសប្ដាហ៍របស់លោកនៅក្នុងប៉ុស្តិ៍វិទ្យុ និងប្រព័ន្ធអ៊ីនធឺណិត ថា មរណភាពលោក កាដាហ្វី និងការប្រកាសថា កងទ័ពអាមេរិកទាំងអស់ នឹងត្រូវបានដកចេញពីប្រទេសអ៊ីរ៉ាក់នៅឆ្នាំនេះ គឺជា«សារដ៏មានឥទ្ធិពលបង្ហាញពីរបៀបដែលយើងកែប្រែភាពជាអ្នកដឹកនាំរបស់ពលរដ្ឋអាមេរិកនៅក្នុងពិភពលោក»។
ការសង្កត់ធ្ងន់នៅលើគោលនយោបាយការបរទេសនេះ បានកើតឡើងខណៈពេលទំនុកចិត្តលើជំហានបោះទៅមុខរបស់លោក អូបាម៉ា ខាងផ្នែកសេដ្ឋកិច្ចនោះ បានធ្លាក់ចុះយ៉ាងលឿន ដែលធ្វើឲ្យអត្រាប្រជាប្រិយភាពរបស់លោកទាំងមូល ធ្លាក់ចុះមកនៅត្រឹមប្រហែល ៤២ភាគរយ ពោលគឺជាទាបនៅក្នុងអាណត្តិរបស់លោក។
ដោយវិបត្តិសេដ្ឋកិច្ចបានដាក់បន្ទុកយ៉ាងធ្ងន់ធ្ងរលើផ្លូវចិត្តរបស់ពលរដ្ឋអាមេរិកនោះ លោក អូបាម៉ា អាចមានបញ្ហាក្នុងការទទួលបានផលចំណេញផ្នែកផ្លូវនយោបាយ តាមរយៈសាររបស់លោកស្ដីពីគោលនយោបាយការបរទេស។
ការសម្លាប់មេដឹកនាំក្រុមអាល់កៃដា អូសាម៉ា ប៊ីនឡាដិន កាលពីខែឧសភាកន្លងមកដោយក្រុមទាហានជើងទឹកអាមេរិកដ៏ពិសេសមួយក្រុម នៅក្នុងប្រទេសប៉ាគីស្ថាន បានត្រឹមនាំមកនូវកំណើនចំនួនអ្នកគាំទ្រដល់លោក អូបាម៉ា ជាបណ្ដោះអាសន្នតែប៉ុណ្ណោះ។
លោក អូបាម៉ា បានបញ្ជាក់នៅក្នុងសុន្ទរកថាតាមវិទ្យុ អំពីការស្លាប់របស់ ប៊ីនឡាដិន និងជ័យជម្នះក្នុងការប្រឆាំងនឹង អាល់កៃដា រួមជាមួយគោលនយោបាយឆ្ពោះទៅរកអ៊ីរ៉ាក់ និងលីប៊ី គឺជា«ផ្នែកមួយនៃរឿងរ៉ាវជោគជ័យកាន់តែធំមួយ»។
លោកថ្លែងថា៖ «នៅលីប៊ី ការស្លាប់របស់ មួម៉ារ កាដាហ្វី បានបង្ហាញថា តួនាទីរបស់យើងនៅក្នុងការការពារប្រជាជនលីប៊ី និងជួយរំដោះពួកគេឲ្យបានសេរីភាពពីក្រុមផ្ដាច់ការមួយ គឺជារឿងត្រឹមត្រូវដែលត្រូវធ្វើ»។ លោកបន្ថែមថា៖ «នៅអ៊ីរ៉ាក់ យើងបានទទួលជោគជ័យនៅក្នុងយុទ្ធសាស្ត្ររបស់យើងដើម្បីបញ្ចប់សង្គ្រាម»។
លោក អូបាម៉ា បានថ្លែងកាលពីថ្ងៃសុក្រថា កងទ័ពអាមេរិកទាំងអស់ នឹងចាកចេញពីអ៊ីរ៉ាក់តាមការគ្រោងទុកនៅដំណាច់ឆ្នាំនេះ បន្ទាប់ពីរដ្ឋាភិបាលទាំងពីរ ពុំសម្រេចបានកិច្ចព្រមព្រៀងមួយជុំវិញការផ្ដល់ការលើកលែងខាងផ្លូវច្បាប់ចំពោះទាហានអាមេរិក។
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក ណូរី អាល់ម៉ាលីគី បានថ្លែងកាលពីថ្ងៃសៅរ៍ម្សិលមិញថា អ៊ីរ៉ាក់នឹងបន្តកិច្ចចរចាជាមួយរដ្ឋធានីវ៉ាស៊ីនតោន ស្ដីពីរបៀបដែលគ្រូហ្វឹកហាត់ទាហានជាជនជាតិអាមេរិក អាចធ្វើការនៅក្នុងជួរទាហានអ៊ីរ៉ាក់ បន្ទាប់ពីអាមេរិកដកចេញទៅ៕
No comments:
Post a Comment
yes