រដ្ឋាភិបាលប្រទេសថៃ បានញាប់ដៃញាប់ជើង ដើម្បីការពាររាជធានីបាងកក កាលពីថ្ងៃសៅរ៍ម្សិលមិញ និងការពារតំបន់ឧស្សាហកម្មចំនួន ឲ្យគេចផុតពីទឹកជំនន់ ខណៈពេលកម្រិតទឹក បានកើនឡើងកាន់តែខ្ពស់ឡើង ហើយអ្នកស្រុករាប់រយនាក់រស់នៅតាមមាត់ទន្លេ បានត្រៀមខ្លួនដើម្បីចាកចេញពីផ្ទះសម្បែង។
ការបង្វែរទឹកជំនន់ ដែលបានឡើងដល់កម្រិតខ្ពស់រហូតដល់ទៅ ៣ម៉ែត្រនៅតាមបណ្ដាខេត្តនានានៅជាប់រាជធានីបាងកកនោះ ហាក់មានដំណើរការហើយនៅពេលនេះ បើទោះបីជាទឹកបានហូរហៀរចូលទៅសង្កាត់ខ្លះនៅភាគខាងជើង ដោយបង្ខំឲ្យមនុស្សរាប់រយនាក់ជម្លៀសខ្លួនទៅមណ្ឌលភៀសខ្លួនក៏ដោយ។
ទឹកជំនន់ដ៏អាក្រក់បំផុតនៅក្នុងរយៈពេល ៥០ឆ្នាំចុងក្រោយនេះ បានប៉ះពាល់លើផ្ទៃដី ១ ភាគ ៣ នៃប្រទេសទាំងមូល និងបានគំរាមកំហែងរាជធានីបាងកកអស់រយៈពេលជាច្រើនថ្ងៃ។ ប្រជាជនប្រហែល ៣៥៦នាក់ បានស្លាប់ និង ១១៣ ០០០នាក់ទៀត បានបង្ខំចិត្តរស់នៅក្នុងជម្រកតង់។
យោធាប្រទេសនេះ បាននិយាយថា ខ្លួនមិនអាចការពារតំបន់ឧស្សាហកម្មឡាតក្របាង និងបាងចាន់ នៅភាគខាងជើង និងខាងកើតរាជធានីបាងកកបានឡើយ ដែលបញ្ហានេះបានបង្កហានិភ័យកាន់តែខ្លាំងដល់សង្វាក់ផ្គត់ផ្គង់ និងកាត់ផ្តាច់ផលិតកម្មសម្រាប់ក្រុមហ៊ុនបរទេសទាំងឡាយដែលធ្វើអាជីវកម្មនៅក្នុងប្រទេសនេះ។
រដ្ឋាភិបាលប្រទេសនេះ ស្ថិតនៅក្រោមការរិះគន់ចំពោះការគ្រប់គ្រងរបស់ខ្លួនលើវិបត្តិនេះ។ កាលពីថ្ងៃសុក្រ លោកស្រីនាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីណាវ៉ាត្រា បានចេញច្បាប់ពិសេសមួយ ដែលផ្ដល់អំណាច និងយុត្តាធិការពេញលេញ លើអាជ្ញាធរក្រុង និងយោធា ដើម្បីការពារជម្លោះបន្ថែមទៀតនៅក្នុងការដោះស្រាយទឹកជំនន់នេះ។
No comments:
Post a Comment
yes