កម្ពុជាទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារទឹកជំនន់ក្នុងឆ្នាំនេះ។ ជនរងគ្រោះនៃទឹកជំនន់បារម្ភអំពីស្ថានភាពជីវភាពនៅឆ្នាំក្រោយៗទៀត។
អ្នកស្រី សេន ស៊ីមន អាយុ៣៦ឆ្នាំ បានឈរសំឡឹងមើលទៅទឹកល្ហល្ហាចលិចលង់សន្ទូង និងផ្ទះសម្បែងរបស់អ្នកស្រីពីទីសុវត្ថិភាពមួយក្នុងឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយទឹកមុខក្រៀមក្រំ និងអស់សង្ឃឹមចំពោះអនាគត។ អ្នកស្រីបានបញ្ជាក់ថា អ្នកស្រីប្រឈមនឹងកង្វះស្បៀងអាហារប្រចាំថ្ងៃ និងត្រូវការជំនួយឧបត្ថម្ភពីរដ្ឋាភិបាល បន្ទាប់ពីទឹកជំនន់បានជន់លិចផ្ទះសម្បែង និងសន្ទូងរបស់អ្នកស្រី។ អ្នកស្រីព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប្រឈមនឹងភាពអត់ឃ្លាន និងភាពក្រីក្រកាន់តែខ្លាំងនៅឆ្នាំក្រោយដោយសារសន្ទូងមួយហិកតារបស់អ្នកស្រីបានរលួយខូចអស់ដោយទឹកជំនន់។
«ឆ្នាំក្រោយពិបាកវេទនាជាងនេះទៅទៀត។ ខ្ញុំខ្វះខាតការហូបចុក។ បើយើងអត់ហើយ យើងនឹងក្រីក្រ។ ខ្ញុំពិបាកគិតខាងមុខទៀតមិនដឹងបានអ្វីហូប»។
គ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរដែលគ្រប់ដណ្តប់លើកម្ពុជាចាប់តាំងពីខែសីហាបានសម្លាប់មនុស្សជាង២៥០នាក់ និងបានបំផ្លាញស្រូវសន្ទូងអស់ជាង៣៩០.០០០ហិកតា និងប្រជាពលរដ្ឋយ៉ាងតិច១,៥លាននាក់បានទទួលរងគ្រោះដោយទឹកជំនន់នៅក្នុងខេត្តចំនួន១៧។ នេះបើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអង្គការសហប្រជាជាតិ។
ទុក្ខលំបាក និងក្តីកង្វល់របស់អ្នកស្រី សេន ស៊ីមន មិនខុសពីប្រជាពលរដ្ឋយ៉ាងតិច១,៥លាននាក់ផ្សេងទៀតដែលបានទទួលរងនូវផលប៉ះពាល់ដោយទឹកជំនន់ដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មាននៅកម្ពុជាក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ។
អ្នកស្រី សោម វ៉ាន់ថុន អាយុ៥៦ឆ្នាំ នៅភូមិចតុលោក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បាននិយាយដោយចង្អុលទៅផ្ទះលិចទឹក របស់អ្នកស្រីថាទឹកជំនន់នេះបានបំផ្លាញនូវអ្វីៗដែលអ្នកស្រីមាន និងធ្វើឱ្យជីវភាពរស់នៅរបស់អ្នកស្រីប្រឈមនឹងអនាគតមិនច្បាស់លាស់ ដោយសារផ្ទះសម្បែង និងស្រូវសន្ទូងជាង៥.០០០ម៉ែក្រការ៉េត្រូវបានបាត់បង់។
«ផ្ទះរបស់ខ្ញុំទឹកលិចលើរនាបផ្ទះកម្ពស់ពីរតឹក។ មកពីលិចទឹកលំបាកវេទនាជីវភាពដុនដាប បើរឿងជីវិតផង សូម្បីតែផ្ទះសឹងតែគ្មាននៅ។ នៅពេលទឹកស្រកផ្ទះនេះរលំហើយ ខ្ញុំអត់មានអ្វីនៅទេ សរសរពុកអស់ទៅហើយ រនាមឫស្សីបាក់ទាំងអស់ ហើយជញ្ចាំងខ្យល់មកវ៉ៃបាក់អស់មួយចំហៀងៗទៅហើយ»។
អ្នកស្រី នាង យ៉ង់ អាយុ៣៨ឆ្នាំ ក៏ដូចជាអ្នកនៅភូមិចតុលោកនេះដែរ បានទទួលអំណោយអង្ករ១០គីឡូក្រាម មី២០កញ្ចប់ អំបិល ទឹកត្រី ភួយ មុង និងមងមួយដៃពីរដ្ឋាភិបាល។ អ្នកស្រី នាង យ៉ង់ បានបញ្ជាក់ថា អង្ករ១០គីឡូក្រាមអាចបរិភោគបានរយៈពេលតែប្រាំថ្ងៃប៉ុណ្ណោះ។ ប៉ុន្តែអ្នកស្រីបានដាក់មងចាប់ត្រីយកទៅលក់យកប្រាក់មកទិញអង្ករបរិភោគប្រចាំថ្ងៃ។
«អ្នកស្រីបានមួយថ្ងៃប្រាំគីឡូក្រាម ហើយត្រីមួយគីឡូក្រាមតម្លៃ១០០០រៀល ហើយអង្ករមួយគីឡូក្រាម២.៥០០រៀលសម្រាប់មួយពេលៗ។ ជីវភាពយ៉ាប់យឺនណាស់សព្វថ្ងៃនេះ»។
អ្នកស្រុកបារាយណ៍មិនខុសពីអ្នកស្រុកសណ្តាន់ទេ សន្ទូងរបស់ពួកគេបានរលួយខូចអស់។ វាលស្រែសន្ទូងមើលទៅឃើញមានតែទឹកល្ហល្ហាច និងផ្ទះសម្បែងត្រូវបានលិចលង់ដោយទឹកជំនន់។
អ្នកស្រីតាន់ សុខបៀង អាយុ៥៥ឆ្នាំ នៅក្នុងភូមិរនាម ឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំដែលមានស្រូវសន្ទូងជាង៥.០០០ម៉ែត្រការ៉េរលួយខូចអស់ បានបញ្ជាក់ថា អ្នកស្រីមិនទាន់បានទទួលអំណោយពីរដ្ឋាភិបាលនៅឡើយទេ ប៉ុន្តែអ្នកស្រីបានបរិភោគអង្ករដែលនៅសល់បន្តិចបន្តួចពីឆ្នាំមុន។
«ស្រូវអង្ករលិចអស់រលីងហើយគ្មានសល់។ ឥឡូវនៅមានតែទឹក។ ភូមិនេះមើលទៅអត់ឃើញមានស្រូវទេ មានតែវាលទឹកល្ហល្ហាច។ ស្រូវសន្ទូងរលួយអស់បាត់ហើយ។ ខ្ញុំព្រួយបារម្ភណាស់ឆ្នាំក្រោយ មិនដឹងធ្វើម៉េចបានស្រូវអង្ករចិញ្ចឹមកូនទេ។ ឆ្នាំក្រោយទៀតលំបាកមែនទែនហើយ បើឆ្នាំនេះលំបាកទៅហើយ»។
លោកប៉ាវ សេន អាយុ៣៣ឆ្នាំ នៅភូមិរនាម ឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ បានសុំឱ្យរដ្ឋាភិបាល និងសហគមន៍អន្តរជាតិជួយផ្តល់ជំនួយស្រូវពូជ ថវិកា និងអង្ករសមាប់កសាងជីវភាពជាថ្មី បន្ទាប់ពីសន្ទូងរបស់លោកបានរលួយខូចទាំងស្រុងដោយទឹកជំនន់នៅឆ្នាំនេះ។
«សន្ទូងប្រហែល៣០អា និងចេក អំពៅតាមផ្ទះខូចខាតអស់ហើយ ដោយសារទឹកជំនន់។ ខ្ញុំមានតែប្រឈមមុខនឹងរឿងភាពក្រក្រី ដោយសារសន្ទូងរលួយ។ ខ្ញុំព្រួយបារម្ភចំពោះស្រូវដែលរលួយទៅ វាអត់មានអ្វីហូបតទៅឆ្នាំក្រោយ»។
លោកឈុន ឈន អភិបាលខេត្តកំពង់ធំ បានបញ្ជាក់ថាសន្ទូងប្រមាណ៦៥.០០០ហិកតា ស្មើនឹងជាង៣៣ភាគរយបានរលួយខូច ប្រជាពលរដ្ឋខ្វះស្បៀងអាហារជាង៤.០០០គ្រួសារ និងមនុស្សស្លាប់៤៧នាក់ ហើយប្រជាពលរដ្ឋជន្លៀសមកកាន់ទីសុវត្ថិភាពជិត ២.៥០០គ្រួសារបានវិលត្រឡប់ទៅផ្ទះ។
លោកព្រួច សយ មេឃុំមានជ័យបានបញ្ជាក់ថាសន្ទូង៤៧៥ហិកតាក្នុងចំណោមជាង៥០០ហិកតាបានរលួយទាំងស្រុង។ លោកព្រួច សយបានទទួលស្គាល់ថា ការចែកអំណោយនេះមិនទាន់បានដល់ជនរងគ្រោះដោយទឹកជំនន់គ្រប់គ្នាទេ ដោយអំណោយនេះត្រូវចែកដល់អ្នកភូមិក្រីក្រជាងគេមុន និងបន្ទាប់អ្នកមានជីវភាពគ្រាន់បើ។
«ខ្ញុំថាដែលបងប្អូនអាចនឹងប្រឈមនឹងការខ្វះខាតស្បៀងផង និងជួបប្រទះនឹងភាពអត់ឃ្លានទៅមុខទៀត»។
សហរដ្ឋអាមេរិក ប្រទេសចិន អង្គការសហប្រជាជាតិ និងធនាគារអភិវឌ្ឍន៍អាស៊ី បានផ្តល់ជំនួយចំនួន១៦,៥៥លានដុល្លារអាមេរិកសម្រាប់ជួយដល់ជនរងគ្រោះដោយទឹកជំនន់។
លោកច័ន្ទ សារ៉ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានថ្លែងថ្មីៗនេះថារដ្ឋាភិបាលបានត្រៀមស្រូវពូជជាង៣.០០០តោនសម្រាប់ចែកជូនកសិករដាំដុះក្រោយទឹកស្រក។
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស បានបញ្ជាក់កាលពីថ្ងៃច័ន្ទថា រដ្ឋាភិបាលបានបញ្ចេញអង្គរចំនួន២.០០០តោនទៀត ដើម្បីចែកជូនដល់ជនរងគ្រោះដោយទឹកជំនន់។
លោកកែវ វី នាយកខុទ្ទការល័យនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ថា ការខូចខាតដោយទឹកជំនន់ក្នុងឆ្នាំ២០១១នេះមានតម្លៃជាង៥២០លានដុល្លារអាមេរិក។
ទឹកជំនន់ឆ្នាំ២០០០ បានធ្វើឲ្យខូចខាតគិតជាទឹកប្រាក់១៤៥លានដុល្លារអាមេរិក៕
BY:VOA
No comments:
Post a Comment
yes