Thursday, November 10, 2011
យាយពិការភ្នែកអាយុ80ឆ្នាំជ្រកក្រោមសំយាបផ្ទះក្មួយរកអ្នកចិត្តបុណ្យសុំរស់ទម្រាំស្លាប់
លោកយាយចាស់ជរាឯកោនិងពិការភ្នែកម្ខាង ម្នាក់បានលើកដៃសំពះរកអ្នកចិត្តបុណ្យដាក់ទាន
ដើម្បីជួយឱ្យគាត់បានរស់បន្តដល់ជីវិតចុងក្រោយរបស់គាត់។ កន្លែងដែលលោកយាយកំពុង
រស់នៅសព្វថ្ងៃគឺស្ថិតក្នុងភូមិពិតត្រង់ឃុំត្រពាំងជង ស្រុកបាកាន ក្នុងខ្ទមកំសត់លិចធ្លុះធ្លាយ។
ជួបចៃដន្យកាលពីថ្ងៃទី៩ វិច្ឆិកា ២០១១ លោកយាយបានរៀបរាប់ប្រាប់ថា លោកយាយឈ្មោះសក់ គួន មកដល់សព្វថ្ងៃនេះមានអាយុ៨០ឆ្នាំហើយ និងមានស្រុកកំណើតនៅភូមិយាកាបឃុំបឹងកន្ទួត ស្រុកក្រគរ ។ ប្ដីលោកយាយស្លាប់ចោលតាំងពីសម័យប៉ុលពត ប៉ុន្តែគ្មានកូនចៅនឹងគេទេ។ក្រោយថ្ងៃរំដោះ លោកយាយបានមករស់នៅជាមួយប្អូនប្រុសឈ្មោះសេង នៅភូមិពិតត្រង់ ឃុំត្រពាំងជង ស្រុកបាកាននេះ។ ក្រោយពីប្អូនស្លាប់ទៅប្រហែល១០ឆ្នាំមកហើយដែលលោកយាយបានមកសុំរស់ក្រោមសំយាបផ្ទះក្មួយមេម៉ាយដោយសារលោកយាយគ្មានដីភូមិឬដីស្រែចំការនឹង
គេទេ។ក្នុងការរស់នៅចិញ្ចឹមជីវិត លោកយាយដើរបេះក្រសាំងម្អម ច្រាច់ ស្លឹកថ្នឹង ស្លឹកបាស់យកទៅលក់នៅផ្សារត្រពាំងជង ដោយក្នុងមួយថ្ងៃបានលុយពី២.៥០០ទៅ៣.០០០រៀលសម្រាប់ទិញអង្ករហូប ។ លោកយាយបន្តថា ក្នុងរយៈពេលពីរឆ្នាំនេះសុខភាពលោកយាយចុះខ្សោយជាលំដាប់ហើយភ្នែកក៏កាន់តែងងឹតណាស់ដែរ មិនអាចមើលឃើញនិងដើរឆ្ងាយដូចមុនបានទេ គឺលោកយាយរស់បានដោយសារអ្នកជិតខាងដាក់ទានហុចបាយសម្លឱ្យតែប៉ុណ្ណោះ។
លោយាយនិយាយទាំងរលីងរលោងទឹកភ្នែកថា ហេតុអ្វីលោកយាយកើតមកជាតិនេះអភ័ព្វម៉្លេះមានប្ដីនឹងគេដែរតែគ្មានកូនចៅហើយប្ដីនិងប្អូនប្រុសបានស្លាប់ចោលអស់ទៀតទុកឱ្យគាត់រស់នៅឯកោម្នាក់ឯង ជ្រកក្រោមសំយាបផ្ទះក្មួយមេម៉ាយហើយទីទ័លក្របែបនេះទៀត។ដោយសារលោកយាយកាន់តែចាស់ទ្រុឌទ្រោមភ្នែកងងឹតដើរទៅឆ្ងាយលែងរួច និងមិនអាចបេះស្លឹកឈើលក់បានដូចមុននោះ ពេលនេះលោកយាយមានតែលើកម្រាមដៃដប់ស្វែងរកអ្នកធ្វើបុណ្យដាក់ទានតាមរយះកាសែតកោះសន្តិភាពដើម្បីជួយឱ្យគាត់បានរស់បន្តដល់ជីវិតចុងក្រោយរបស់គាត់តែប៉ុណ្ណោះ។
លោកហួរ លុច ម្ចាស់រោងម៉ាស៊ីនកិនស្រូវនៅឃុំត្រពាំងជងបានប្រាប់ថា កន្លងមកលោកធ្លាប់ឃើញលោកយាយទួលកញ្ជើលក់មានក្រសាំង ម្អម ច្រាច់ ស្លឹកថ្នឹង ស្លឹកបាសដើរកាត់មុខផ្ទះរបស់គាត់រាល់ព្រឹក។ ឃើញដូច្នេះលោកនឹកគិតថា លោកយាយប្រសើរជាងអ្នកនៅវ័យក្មេងដែលមានកាយសម្បទាគ្រប់គ្រាន់តែបែរជាដើរសុំទានគេហើយលោកក៏បានជួយទិញសឹងតែរាល់ថ្ងៃនិងបានឱ្យអង្ករយកទៅហូបទៀតផង។មិនតែប៉ុណ្ណោះពេលដល់បុណ្យចូលឆ្នាំនិងភ្ជុំបិណ្ឌម្ដងៗ លោកតែងជួយឧបត្ថម្ភលោកយាយ៥០.០០០រៀលដើម្បីទៅវត្តបានធ្វើបុណ្យនឹងគេ។ លោកបន្តទៀតថា ទើបតែរយៈពេលប្រហែលពីរឆ្នាំនេះបាត់លែងឃើញលោកយាយទួលកញ្ជើកាត់មុខផ្ទះគាត់ទៀត ពេលគាត់ស៊ើបសួរទៅទើបដឹងថា លោកយាយមានជំងឺនិងកាន់តែចាស់ទ្រុឌទ្រោម ភ្នែកងងឹត ដើរលែងរួច ហើយរស់ក្រោមសំយាបផ្ទះក្មួយគ្មានដីភូមិដីស្រែនឹងគេទេ លោកក៏បានជួយឧបត្ថម្ភប្រាក់ចំនួន៥០.០០០រៀលបន្ថែមទៀត។ លោកសូមឱ្យសប្បុរសជននៅទីជិតឆ្ងាយមេត្តាជួយដល់លោកយាយទុរគតខាងលើនេះផង ខណៈពេលដែលយើងរកនឹកហូបអ្វីឱ្យឆ្ងាញ់និងប្រើប្រាស់សម្ភារទំនើបៗ ឯគាត់សុំតែមួយរស់កំដរជីវិតដល់ថ្ងៃចុងក្រោយប៉ុណ្ណោះ៕
ពីគេហទំព័រ៖ កោះសន្តិភាព
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
yes