រាយការណ៍នៅថ្ងៃអង្គារ ទី២៣ ខែវិច្ឆិកានេះ ដោយសារព័ត៌មានថៃ ម្កុត (MCOT) រដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ូរ៉ាពុង តូវិចាចៃគល់ (Surapong Tovichakchaikul) បានឲ្យដឹងថា ក្រុមអ្នកច្បាប់ដឹកនាំដោយឯកអគ្គរាជទូតថៃ ប្រចាំនៅទីក្រុងឡាអេ ប្រទេសហុឡង់ដ៍ គឺលោក វីរ៉ាចៃ ផ្លាសសៃ (Virachai Plasai) បានដាក់ «ញត្តិសង្កេតការណ៍» ជាលាយលក្ខណ៍អក្សរនៅម៉ោង ៥ល្ងាច ម៉ោងនៅប្រទេសថៃ តាមការស្នើសុំរបស់តុលាការយុត្តិធម៌អន្តរជាតិ។
លោករដ្ឋមន្ត្រីថៃ ស៊ូរ៉ាពុង បានបញ្ជក់ថា «ញត្តិសង្កេតការណ៍» ដែលមានចំនួនសរុប ៩០០ទំព័រ រៀបរាប់សេចក្ដីលម្អិត និងភស្តុតាងនានា ស្ដីពីទិដ្ឋភាពច្បាប់ទាក់ទិននឹងជម្លោះដែនដីជុំវិញប្រាសាទព្រះវិហារ ដែលលោកមិនអាចបង្ហើបឲ្យដឹងបាន ដរាបណាមិនទាន់មានការអនុញ្ញាតពីតុលាការយុត្តិធម៌អន្តរជាតិ។
ក្នុងការតវ៉ា និងសុំឲ្យតុលាការយុត្តិធម៌អន្តរជាតិពិនិត្យសើរើមើលបណ្ដឹងរបស់កម្ពុជានេះ រដ្ឋាភិបាលថៃ ដឹកនាំដោយអតីតនាយករដ្ឋមន្ត្រី លោក អាភីស៊ិត វេចាជីវ៉ា (Abhisit Vejjajiva) បានបង្កើតក្រុមអ្នកច្បាប់ថៃ កាលពីខែឧសភា កន្លងទៅ សម្រាប់សិក្សាមើលបណ្ដឹងរបស់កម្ពុជា។ ក្រៅពីមេធាវីថៃ រដ្ឋាភិបាលថៃក៏បានជួលមេធាវីបរទេសបីរូបថែមទៀត ក្នុងនោះមានមេធាវីជនជាតិបារាំង ជនជាតិកាណាដា និងជនជាតិអូស្ត្រាលី។ ហើយក្រុមអ្នកច្បាប់ទាំងនោះនៅតែបន្តការងារនេះនៅក្នុងរដ្ឋាភិបាលថៃថ្មី ដឹកនាំដោយអ្នកស្រី យីងឡាក់។
កម្ពុជាបានដាក់ពាក្យបណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ កាលពីខែមេសា ឆ្នាំ២០១១ កន្លងទៅ ស្នើសុំឲ្យបកស្រាយសាលក្រមឆ្នាំ១៩៦២ ដែលតុលាការនេះបានសម្រេចឲ្យកម្ពុជាឈ្នះក្ដីលើជម្លោះកម្មសិទ្ធិផ្ដាច់មុខនៃប្រាសាទព្រះវិហារ និងស្នើសុំឲ្យ តុលាការបកស្រាយដីទំហំ ៤,៦គីឡូម៉ែត្រការ៉េ ជុំវិញប្រាសាទព្រះវិហារ ដែលថៃទាមទារថាជារបស់ខ្លួន។
រហូតមកដល់ពេលនេះ តុលាការយុត្តិធម៌អន្តរជាតិ នៅមិនទាន់ចេញសេចក្ដីសម្រេចណាមួយឆ្លើយតបទៅនឹងការស្នើសុំរបស់កម្ពុជា នៅឡើយទេ ក្រៅតែពីបង្គាប់ឲ្យភាគីថៃ និងកម្ពុជា ដកកងទ័ពចេញបណ្ដោះអាសន្នពីតំបន់គ្មានយោធានៅជិតប្រាសាទព្រះវិហារ ដែលកំណត់ដោយតុលាការពិភពលោកនេះ៕
អាស៊ីសេរី
No comments:
Post a Comment
yes