ប្រជាពលរដ្ឋរស់នៅបឹងកក់មួយរូប បានធ្វើអត្តឃាតដោយលោតទឹកសម្លាប់ខ្លួន។ ប្រភពគ្រួសារជនរងគ្រោះ និងអ្នករស់នៅជិតខាងបានឲ្យដឹងថា ការធ្វើអត្តឃាតនោះដោយសារអស់សង្ឃឹមក្នុងការតវ៉ារក្សាកម្មសិទ្ធិផ្ទះដែលខ្លួនរស់នៅជាយូរឆ្នាំមកហើយ។
ស្ត្រីវ័យ ៣០ឆ្នាំម្នាក់ ឈ្មោះ ជា តារា រស់នៅភូមិ២១ តំបន់បឹងកក់ រាជធានីភ្នំពេញ ត្រូវក្រុមគ្រួសារអះអាងថា បានលោតសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារ កាលពីយប់ថ្ងៃ២២ ខែវិច្ឆិកា ឆ្នាំ២០១១ បន្សល់កូនតូចៗ ២នាក់។
ភាពសោកសៅនេះត្រូវបានលោក ឌឿង ភូ ជាស្វាមីលោកស្រី ជា តារា ដែលបានលោតទឹកសម្លាប់ខ្លួននោះ ឲ្យដឹងថា ភរិយាគាត់គ្មានទំនាស់ជាមួយគាត់ និងក្រុមគ្រួសារទេ តែទំនងជាកើតចេញពីការតូចចិត្ត ពីព្រោះតែកម្មសិទ្ធិផ្ទះរស់នៅមិនទាន់ជាក់លាក់។
លោក ឌឿង ភូ បន្តថា ភរិយាគាត់ទ័លច្រក ព្រោះការខិតខំសន្សំប្រាក់តាំងពីឆ្នាំ១៩៨០ មក ទម្រាំសង់ផ្ទះទំហំ ៨ម៉ែត្រ ៤ជ្រុង ឈើលើថ្មក្រោមនេះ ចំណាយអស់មាសច្រើនតម្លឹង គ្មានសង្ឃឹមនឹងបានរស់នៅបន្តទៀត ព្រោះមានការបណ្ដេញរាល់ថ្ងៃ ទើបប្រពន្ធគាត់អស់សង្ឃឹម ហើយគិតខ្លីសម្រេចចិត្តចេញពីផ្ទះនៅម៉ោងជាង ៧យប់ ថ្ងៃ២២ វិច្ឆិកា ដោយនិយាយថា ទៅទិញសាច់កាប់ឲ្យកូន តែក្រោយមកឮគេប្រាប់ថា ភរិយាគាត់លោតទឹកសម្លាប់ខ្លួនបាត់ទៅហើយ។
លោករៀបបន្តថា៖ «ពីម្សិលមិញ (២២ វិច្ឆិកា) យប់ម៉ោង ៧ជាង គ្រាន់ផ្ដាំផ្ញើខ្ញុំប៉ុណ្ណឹង ថាពិបាកចិត្ត គាត់ខ្លាចថា ទៅថ្ងៃក្រោយអត់មានប្លង់ដី អត់កម្មសិទ្ធិអត់អីហ្នឹង អត់អីកូននៅដល់ទៅថ្ងៃក្រោយ ខ្លាចនៅចិញ្ចើមផ្លូវ។ និយាយតែប៉ុណ្ណឹង ទៅលោតទឹក។ អត់មានរឿងស្អីផង»។
សមត្ថកិច្ចនគរបាលសង្កាត់ស្រះចក សុំមិនប្រាប់ឈ្មោះឲ្យដឹងថា លោកមិនទាន់ដឹងពីបញ្ហាដែលនាំឲ្យលោកស្រី ជា តារា លោតទឹកសម្លាប់ខ្លួននោះច្បាស់ទេ។ ប៉ូលិសកំពុងតែសាកសួរ។
អ្នកភូមិបឹងកក់ និងស្វាមី រួមទាំងកូនតូចៗ បានស្វែងរកសពលោកស្រី ជា តារា ដែលបានលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ តាំងពីយប់ថ្ងៃអង្គារ ទី២២ រហូតដល់ម៉ោងជាង ១០ព្រឹក ថ្ងៃពុធ តែមិនឃើញសពអណ្ដែតឡើង ពួកគេអស់សង្ឃឹមដោយរង់ចាំអស់ច្រើនម៉ោង ក៏វិលទៅប្រារព្ធពិធីបុណ្យសពតាមប្រពៃណីនៅក្នុងផ្ទះលោកស្រី ជា តារា នៅភូមិ២១ តំបន់បឹងកក់។
កូនប្រុសស្រីរបស់លោកស្រី ជា តារា បានយំសោករកម្ដាយឲ្យមកដាំបាយ និងសុំឲ្យម្ដាយរបស់គេវិលមករស់នៅជាមួយពួកគេវិញ៖ «នឹកម៉ាក់។ ម៉ាក់លោតទឹកពីស្ពានជ្រោយចង្វារ។ ខ្ញុំចង់ឲ្យម៉ាក់វិលមកវិញ»។
លោកស្រី ទេព វន្នី ឲ្យដឹងថា ការលោតសម្លាប់ខ្លួនរបស់លោកស្រី ជា តារា នេះ គឺជាមនុស្សទី២ បន្ទាប់ពីបុរសម្នាក់នៅតំបន់បឹងកក់ បានលោតទឹកពីស្ពានជ្រោយចង្វារដែរ កាលពីខែមេសា ឆ្នាំ២០១១។ លោកស្រីថា ពួកគេទ័លច្រក អស់សង្ឃឹម និងត្រូវបាត់បង់ផ្ទះដែលធ្លាប់រស់នៅ ព្រោះតែក្រុមហ៊ុន និងអាជ្ញាធររាជធានី បង្ខំពួកគេ និងអ្នកភូមិនៅសេសសល់ ៧ភូមិ ឲ្យចាកចេញពីកន្លែងធ្លាប់រស់នៅ ទោះបីលោក ហ៊ុន សែន បានកាត់ដីក្នុងតំបន់អភិវឌ្ឍន៍បឹងកក់ ទំហំ ១២ហិកតារ មកឲ្យពួកគាត់អភិវឌ្ឍន៍ក្ដី ក៏អាជ្ញាធរនៅតែបង្កភាពតានតឹងដល់ពលរដ្ឋដដែល។
លោកស្រីបន្ថែមថា៖ «ព្រោះគាត់សកម្មណាស់ក្នុងការតស៊ូដើម្បីផ្ទះរបស់គាត់ ដូចជាពួកខ្ញុំអ៊ីចឹង។ គេធ្លាប់ចាប់គាត់យកទៅឃុំខ្លួន ដូចជាពួកខ្ញុំដែរ។ ខ្ញុំមានការឈឺចាប់ ខ្ញុំអាណិតគាត់ ហើយខ្ញុំមិននឹកស្មានថា គាត់សុខចិត្តទៅចោលកូនគាត់ដោយសារគាត់គិតខ្លីទេ»។
តំណាងរាស្ត្រគណបក្ស សម រង្ស៊ី អ្នកស្រី មូរ សុខហួរ ក្នុងការរួមសុខទុក្ខជាមួយក្រុមគ្រួសារសព បានសុំឲ្យរដ្ឋាភិបាលស៊ើបអង្កេតអំពីបញ្ហាមនុស្សស្លាប់បន្តបន្ទាប់ និងអាចបន្តមានអ្នកចង់ធ្វើអត្តឃាតទៀត ព្រោះតែការចាត់ចែង និងបែងចែកដីធ្លីក្នុងតំបន់បឹងកក់ នៅក្នុងភាពអាថ៌កំបាំង និងស្មុគស្មាញ។
អ្នកភូមិបឹងកក់ម្នាក់ គឺលោកស្រី កែវ ចាន់រស្មី បានសន្លប់ព្រោះតែយំស្ដាយលោកស្រី ជា តារា ដែលពួកគេទាំងអស់គ្នាបានតស៊ូទាមទារតវ៉ាដីធ្លី ផ្ទះសម្បែងរួមគ្នាច្រើនលើកច្រើនសា មិនមានគ្រោះថ្នាក់ តែចុងក្រោយបែរជាលោកស្រី ជា តារា ទៅលោតទឹកសម្លាប់ខ្លួន ដោយភាពអស់សង្ឃឹមគ្មានកម្មសិទ្ធិផ្ទះ ក្រោយពេលដែលលោក ហ៊ុន សែន ព្រមកាត់ដីចេញពីតំបន់អភិវឌ្ឍន៍បឹងកក់ មកឲ្យពលរដ្ឋសង់ផ្ទះនៅឯកជន៕
អាស៊ីសេរី
No comments:
Post a Comment
yes