Wednesday, November 23, 2011
កូនប្រុសនាយឃ្លោកជិះម៉ូតូទាក់ដៃចង្កូតដួលបោកក្បាលស្លាប់
មន្ត្រីយោធាម្នាក់បានជួបប្រទះគ្រោះថ្នាក់ចរាចរណ៍ដួលបោកក្បាលស្លាប់បាត់បង់ជីវិតនៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យកាល់ម៉ែត បន្ទាប់ពីជិះម៉ូតូម៉ាកឃ្លីក ពណ៌ស លាយឈាមជ្រូក មួយគ្រឿង ទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលផ្កាប់មុខបោកក្បាល កាលពីវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី២២ វិច្ឆិកា នៅតាមផ្លូវជាតិលេខ៦ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
ជនរងគ្រោះដែលស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នេះឈ្មោះទុំ សារុំ ភេទប្រុស អាយុ៣១ឆ្នាំ ជាមន្ត្រីយោធាយោធភូមិភាគពិសេស ការិយាល័យទី២នៃបញ្ជាការដ្ឋានកងទ័ពជើងគោក មានទីលំនៅភូមិលេខ១ ឃុំកំពង់លាវ ស្រុកកំពង់លាវ ខេត្តព្រៃវែង។ តាមសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះបានជិះម៉ូតូតែឯង ពេលធ្វើដំណើរជិតមកដល់កំពង់ផែកាណូតផ្សារតូច ប្រទះឃើញមន្ត្រីប៉ូលិសដាក់កម្លាំងត្រួតពិនិត្យពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ ស្រាប់តែមន្ត្រីយោធារូបនោះបានបើកម៉ូតូត្រឡប់ក្រោយវិញ ។ ពេលជិះម៉ូតូហួសប៉ុស្តិ៍នគរបាលទួលសង្កែបានបន្តិចក៏បានជួបគ្រោះថ្នាក់ចរាចរណ៍ទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀត ដែលធ្វើដំណើរឆ្លងផ្លូវ បណ្តាលឱ្យដួលបោកទៅលើថ្នល់ ហើយរងរបួសធ្ងន់។
ណែកម៉ូតូមួយគ្រឿងទៀតបានគេចទៅបាត់ បន្សល់ទុកមន្ត្រីយោធារបួសធ្ងន់ ហើយភ្លាមៗនោះមន្ត្រីយោធាត្រូវរថយន្តសាមុយបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ហើយក្រោយមកស្លាប់បាត់បង់ជីវិតដោយសារតែរបួសក្បាលធ្ងន់ធ្ងរពេក គ្រូពេទ្យពុំអាចជួយបាន ៕
កោះសន្តិភាព
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
yes